សិល្បៈ​អន្តរជាតិ​៖ ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ តារា​ចម្រៀង​ Harry Styles ខ្ទប់​មុខ​ទាំង​ឈឺ​ចាប់​ក្រោយ​កំពុង​ច្រៀង​និង​សម្ដែង​សុខ​ស្រាប់​តែ​មាន​របស់​ហោះ​មក​ចំ​កណ្ដាល​មុខ។ តារា​ចម្រៀង​រូប​នេះ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ចុង​ក្រោយ​ក្នុង​ចំណោម​តារា​ដែល​រង​គ្រោះ​ត្រូវ​ជន​អនាមិក​គប់​លើ​ឆាក​។​​​​

សូមអាន៖ កំពូល​​​តារា​ Top1 ចំនួន​១៨​​រូប​របស់​កូរ៉េ​​ចូលរួម​ច្រៀង​និង​សម្ដែង​​ក្នុង​ Concert របស់​ Harry Styles

ថ្មីៗ​នេះ​តារា​ចម្រៀង​ម្ចាស់​បទ​ «As It Was» ស្រាប់​តែ​ត្រូវ​របស់​ម្យ៉ាង​គប់​មក​ត្រូវ​កណ្ដាល​មុខ​ដោយ​ជន​អនាមិក​ស្ថិត​ក្នុង​ចំណោម​អ្នក​មក​ទស្សនា​ការ​សម្ដែង​ខនសឺត​របស់​លោក​ ​នៅ​​ទីក្រុង​ Vienna ប្រទេស​អូទ្រីស​ ដោយ​ពេល​នោះ​លោក​យក​ដៃ​ខ្ទប់​មុខ​ព្រម​ទាំង​បង្ហាញ​អាការៈ​ឈឺចាប់​មុន​នឹង​ដើរ​ចុះ​ពី​ឆាក។​

ហេតុការណ៍​​ដែល​កើត​ឡើង​ចំពោះ​ Styles ​គឺ​ជា​សកម្មភាព​មួយ​កំពុង​ពេញ​និយម​និង​រីករាល​ដាល​នៅ​តំបន់​អ៊ឺរ៉ុប​ ដោយ​តារា​ជា​ច្រើន​កំពុង​ក្លាយ​ជា​ជនរងគ្រោះ​ក្លាយ​ជា​ផ្ទាំងស៊ីប​ត្រូវ​គេ​គប់​ខណៈ​កំពុង​ច្រៀង​និង​សម្ដែង​នៅ​លើ​ឆាក​។ ក្រៅ​ពី​ Harry Styles តារា​មួយ​ចំនួន​ទៀត​ដែល​ជួប​រឿង​អកុសល​មិន​ខុស​គ្នា​នេះ​រួម​មាន​ Drake, Bebe Rexha និង Kelsea Ballerini ជា​ដើម​។

រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​ត្រូវ​របស់​ម្យ៉ាង​មិន​ដឹង​ថា​ជា​អ្វី​គប់​ចូល​មុខ​ត្រូវ​បាន​ចែក​រំលែក​ជា​ចេញ​ពី​កាមេរ៉ា​ជា​ច្រើន​ដែល​ហ្វេន​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​ថត​បាន​ ខណៈ​ដែល​តារា​ចម្រៀង​រូប​នេះ​ត្រូវ​ចំ​មុខ​លោក​បាន​បើក​មាត់​យ៉ាង​ធំ​ដោយ​ក្ដី​ឈឺចាប់​ ព្រម​ទាំងឈប់​ដើរ​ប្រមាណ​៣​វិនាទី​​មុខ​នឹង​​ដើរ​ចុះ​ពីលើ​ឆាក​ដោយ​យក​ដៃ​ខ្ទប់​មុខ​ទាំង​ឈឺចាប់។​​

ក្នុង​ចំណោម​រូប​ភាព​ទាំង​អស់​ រូប​ភាព​ដែល​ចែក​រំលែក​ដោយ​គណនី​ឈ្មោះ​ Harryloustan1 ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ជាង​គេ​គឺ​នៅ​ពេល​ដែល​ Styles ត្រូវ​របស់​ម្យ៉ាង​គប់​ចំ​កណ្ដាល​មុខ​៕

Share.