ប្លែក! តារាខ្មែរជាសះស្បើយដល់វេនតារាថៃម្ដងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនិងពិនិត្យសំណាកក្រោយម្ចាស់ផលិតកម្ម Nadao Bangkok វិជ្ជមានកូវីដ-១៩។

ផលិតកម្មចម្រៀងនិងផលិតភាពយន្តដ៏ធំមួយរបស់ថៃ Nadao បានប្រកាសបិទទ្វារជាបណ្ដោះអាសន្ន ហើយតម្រូវឱ្យបុគ្គលិកនិងតារាចម្រៀងដែលជួបជិតស្និតផ្ទាល់ជាមួយនឹងម្ចាស់ផលិតកម្មត្រូវទៅធ្វើតេស្តសំណាកជាបន្ទាន់និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
តារាសម្ដែង៣ដួងដែលធ្វើការងារជិតស្និតជាមួយនឹងម្ចាស់ផលិតកម្មមាន Tor Thanapob , Sky Wongravee Jayler Kritsanapoom បានទៅពិនិត្យរកជំងឺកូវីដ-១៩រួចរាល់ហើយតែលទ្ធផលអវិជ្ជមានប៉ុន្តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។ ខណៈតារាសម្ដែង Bank Thiti បានធ្វើដំណើរមកដល់ទីក្រុងបាងកករួចហើយបានទៅធ្វើតេស្ដសំណាកនៅថ្ងៃទី៧ ខែមេសាឆ្នាំ២០២១នេះ តែត្រូវរងចាំលទ្ធផល២ថ្ងៃទៀតទើបដឹង ពេលនេះ Bank កំពុងតែធ្វើចត្តាឡីស័កដាក់ខ្លួនឯងផ្ដាច់ចេញពីអ្នកជិតខ្លួនរួចរាល់ហើយ។ ចំណែកតារាសម្ដែងតារាចម្រៀង Ice Paris កំពុងតែធ្វើចត្តាឡីស័កខ្លួននៅខេត្តហើយបានទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យដោយគ្រូពេទ្យតម្រូវឱ្យវាស់កំដៅរាល់ថ្ងៃចំនួន៥ថ្ងៃទៀតចាំត្រលប់មកយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនៅ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកសិល្បៈពីររូបបានប្រកាសថាខ្លួនបានឆ្លងជំងឺកូវីដ-១៩ និងកំពុងត្រៀមទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលដោយម្នាក់គឺអ្នកធុរកិច្ចនិងជាឌីជេល្បីរបស់ថៃ Djpetjah និង តារាសម្ដែងនិងជា YouTuber ល្បីឈ្មោះ Guzjun Jeera ៕