ខ្សែប្រយុទ្ធ Kazuyoshi Miura ដែលជាកីឡាករជប៉ុនមានវ័យ៥៦​ឆ្នាំ​ បានប្រកាសបន្តកិច្ចសន្យាថ្មីជាមួយក្លិប U.D. Oliveirense សមាជិកលីគលំដាប់ទី២ របស់ប្រទេសព័រទុយហ្គាល់ Liga Portugal 2 សម្រាប់រដូវកាល ២០២៣-២៤។

Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ Miura ត្រូវបានក្លិប Genoa លីគកំពូលអុីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។

អ្វីកាន់តែពិសេស Miura​ លេងឲ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេដែលអាចស៊ុតបាល់បញ្ចូលទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឲ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ៥៥ឆ្នាំ និង២៤៦ថ្ងៃ៕

Share.