នៅថ្ងៃពុធ ទី១២ ខែក្កដា នេះសហព័ន្ធខ្មែរកីឡាហែលទឹក បាន​បង្ហាញសមាសភាព ប្រតិភូ​ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡា​ការិ​នី​ហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ០៤រូប ត្រូវ​បាន​អនុញ្ញាត​ចាត់​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួតកីឡាហែលទឹកជ្រើសរើស​ជើងឯក​ពិភពលោក​​ ឆ្នាំ២០២៣ (World Aquatics Championships 2023) តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatic) ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់​ថ្ងៃ​ទី៣១ ខែកក្កដា​ ឆ្នាំ២០២៣​ ខាង​មុខ​នេះ​ នៅ​ក្នុង​ទីក្រុង​ Fukuoka ប្រទេស​ Japan​ ។

សហព័ន្ធ​កីឡាហែលទឹកពិភព​លោក (WORLD AQUATICS) បាន​អញ្ជើញ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ឱ្យ​ចាត់បញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ០១នាក់ ដើម្បី​ទៅចូល​រួមប្រជុំ​ក្នុង​កម្មវិធី​មហា​សន្និបាត​របស់​សហ​ព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ក្នុង​នោះ​សហព័ន្ធ​ខ្មែរកីឡា​ហែល​ទឹកបានសម្រេចចាត់បញ្ជូន លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីចូលរួមក្នុងកម្មវិធីខាងលើ ។

កម្មវិធីប្រជុំសន្និបាតខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅ​ទី​ក្រុង Fukuoka ប្រទេស Japan ។ ក្នុងការទៅចូលរួមប្រជុំក្នុងកម្មវិធីខាងលើនេះ គឺ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និង​ការ​ជួយ​ជម្រុញ​គាំទ្រ​បន្ថែម​សម្រាប់ការអភិវឌ្ឍបន្ត មានតែ ១០ប្រទេសប៉ុណ្ណោះ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​ហែល​ទឹកពិភពលោក (WORLD AQUATICS) ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញនេះ ហើយ​នេះ​ក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើឱ្យពិភពលោក ស្គាល់​អំពី​ការ​អភិវ​ឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា “កីឡារស់ក្នុងសន្តិភាព”៕

Share.