សិល្បៈ​ជាតិ​៖​ ហេតុការណ៍​រន្ធត់​ចិត្ត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ការ​ប្រកួត​ Miss​ Grand​ Cambodia​ 2023​ ខណៈ​ដែល​បេក្ខនារី​ដែល​មក​ពី​ខេត្ត​កណ្ដាល​ គឺ​បវរកញ្ញា​ អូ ​ដាវី ​នាង​ត្រូវ​ជិះ​រទេះ​រុញ​ជំនួស​ការ​ដើរ​បង្ហាញ​ម៉ូដ​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្លុត​ចិត្ត​និង​ព្រួយ​បារម្ភ​ពី​នាង​។​

ហេតុការណ៍​នេះ​បាន​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ កន្លង​នេះ​ នៅ​ពេល​ដែល​បេក្ខភាព​ Miss​ Grand​ Cambodia​ 2023​ តំណាង​ខេត្ត​ ក្រុង​ រាជធានី​ ទាំង​ ២៥​ រូប​ បាន​បង្ហាញ​វត្ត​មាន​ដើរ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ ជំនួប​សំណេះសំណាល ​MEET​&​GREET​ នា​បរិវេណ​THE​ HERITAGE​ WALK​។​ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ ​បេក្ខនារី​ដែល​មក​ពី​ខេត្ត​ កណ្ដាល​ បង្ហាញ​ខ្លួន​នៅ​លើ​រទេះ​រុញ​ នោះ​ក៏​ដោយ​សារ​តែ​នាង​រង​របួស​ជើង​ខាង​ឆ្វេង​ធ្ងន់​ ក្រោយ​ត្រូវ​សត្វ​សុនក​ខាំ​ ៣​ ចង្កូម​។ ប៉ុន្តែ​បើ​ទោះបី​មាន​របួស​ជើង​ក៏​ដោយ​ ក៏​បេក្ខនារី​រូប​នេះ​នៅ​តែ​ប្រឹងប្រែង​បង្ហាញ​ខ្លួន​ និង​តាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជម្នះ​ឧបសគ្គ​មួយ​នេះ​។​

បន្ទាប់​ពី​ហេតុការណ៍​នេះ​កញ្ញា​ អូ​ ដាវី​ បាន​រៀបរាប់​ពី​ការ​តាំង​ចិត្ត​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ ៖​«​ជា​ដំបូង​នាង​ខ្ញុំ​ អូ ​ដាវី​ តំណាង​ឱ្យ​ខេត្ត​កណ្តាល​ សូម​អរគុណ​ទៅ​កាន់​សំណាក់​ពុកម៉ែ​បងប្អូន​ទាំងអស់​ មិន​ថា​ក្នុង​ឬ​ក្រៅ​ដែល​បាន​បារម្ភ​ និង​ សួរ​សុខ​ទុក្ខ​ពី​ខ្ញុំ​ ពិសេស​អគ្គនាយិកា​ អគ្គនាយក​ និង​ ក្រុម​ការងារ​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​បារម្ភ​យក​ចិត្ត​ទុក្ខ​ដាក់​យ៉ាង​កក់ក្តៅ​ ទោះបី​ជា​ស្ថិត​ក្នុង​ឧបទ្ទវ​ហេតុ​យ៉ាងណា​ក៏​នាង​ខ្ញុំ​នៅតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជា​និច្ច​»។​

នៅ​ពេល​បាន​ឃើញ​ការ​តាំង​ចិត្ត​របស់​បេក្ខនារី​តំណាង​ឱ្យ​ខេត្ត​កណ្ដាល ​លោក​ស្រី​ អ៊ឹម​ សុគន្ធា ជា​ថ្នាក់​ដឹកនាំ​របស់​ស្ថាប័ន​ Miss​ Grand​ Cambodia​ បាន​លើក​ឡើង​ថា​ ៖ «​សុំ​សរសើរ​ដោយ​ចិត្ត​ស្មោះ​ចំពោះ​បេក្ខនារី​ Miss​ Grand​ Cambodia​ តំណាង​ខេត្ត​ កណ្តាល​ ចំពោះ​ការ​តស៊ូ​ រឹងមាំ​ អត់ធ្មត់​ ទោះ​ឈឺ​ខ្លាំង​យ៉ាងណា​ក៏​បេក្ខនារី​ម្នាក់​នេះ​មិន​ធ្វើ​ឱ្យ​កម្មវិធី​ខូច​ខាត​ នឹង​មិន​អោយ​បាត់បង់​ឱកាស​ខ្លួន​ឯង​ឡើង​ខំ​រហូត​ដល់​ចប់​កម្មវិធី​ ជូនពរ​ប្អូន​ឆាប់​ជា​សះស្បើយ​ នេះ​ហើយ​ជា​ការ​បង្ហាញ​នៃ​ភាព​រឹងមាំ​របស់​បេក្ខនារី​ទាំង​25​រូប​ពួក​គាត់​មិនមែន​ត្រឹមតែ​មាន​សម្រស់​ស្រស់​ស្អាត​ទេ​ ភាព​ឆ្លាតវៃ​ ការ​តស៊ូ​ ភាព​រឹងមាំ​ គឺ​ជា​អ្វី​ដែល​បវរកញ្ញា​ត្រូវ​តែ​មាន​»​។​

សូម​ជម្រាប​ថា​ បេក្ខនារី​ អូ​ ដាវី​ គឺ​ជា​បេក្ខភាព​បវរកញ្ញា​ម្នាក់​ដែល​មាន​ភាព​លេចធ្លោ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ចូល​រួម​ប្រកួត​បវរកញ្ញា​ Miss​ Grand​ Cambodia​ 2023​ នេះ​ ។ ហើយ​កញ្ញា​ក៏​ជា​បេក្ខភាព​ម្នាក់​ដែល​គ្រប់​គ្នា​មិន​អាច​មើល​រំលង​បាន​នោះ​ទេ​ ទាំង​សមត្ថភាព​ រូប​សម្រស់​ ការ​តាំង​ចិត្ដ​ នឹង​ ការ​ត្រៀម​ខ្លួន​របស់​កញ្ញា​ដើម្បី​មក​ប្រជែង​ដណ្ដើម​មកុដ​ក្នុង​ឆ្នាំ​នេះ ​។ ដោយឡែក​​មហាជន​បាន​ជូន​ពរ​ឱ្យ​កញ្ញា​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ និង​ចង់​ឃើញ​កញ្ញា​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ខែ​សីហា​ខាង​មុខ​ ដែល​ជា​ការ​បើក​វគ្គ​ប្រកួត​បឋម​៕​

Share.