សហព័ន្ធបាល់ទាត់នៃប្រទេសអ៊ីតាលី ក្នុង​ទ្វីប​អឺរ៉ុបបានពិន័យជាប្រាក់ និង​ហាមឃាត់​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​ជា​ច្រើន​ខែ ​ចំពោះលោក Andrea Agnelli ដែលជា​អតីត​ប្រធាន​ក្លិប​បាល់ទាត់ Juventus ក្រោយរកឃើញថា ប្រធានក្លិបរូបនេះ ប្រព្រឹត្តអំពើពុករលួយ អំឡុង​ខ្លួន​កាន់​អំណាច។

បើតាមសារព័ត៌មាន​របស់​អ៊ីតាលី​បញ្ជាក់​ថា អតីតប្រធានក្លិប Juventus លោក Andrea Agnelli ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធជាមួយបាល់​ទាត់​របស់​​ប្រទេសអ៊ីតាលី រយៈពេល ១៦ខែ និងពិន័យជាប្រាក់ ៦៦,០០០ ដុល្លារអាមេរិក ពីលើថែមទៀតផង។

លោក Agnelli បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំ បានចូលដឹកនាំគឺជាប្រធានក្លឹប Juventus អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប៉ុន្តែកាលពីពីខែវិច្ចិការ ឆ្នាំ២០២២ កន្លងទៅ ក្រុមការងារមួយចំនួន នៅ​ក្នុង​ក្លិប​បានលារ​ឈប់​ពី​កា​រងារជុំវិញការចោទប្រកាន់លើព័ត៌មាន គណនេយ្យក្លែងក្លាយរបស់ក្លិប។

មុនពេលការក្តីសម្រេចពិន័យលើបុរស វ័យ៤៧រូបនេះ ការិយាល័យព្រះរាជអាជ្ញាទីក្រុង Turin បានចាប់ផ្តើម ធ្វើការស៊ើបអង្កេត កាលពីដើមឆ្នាំ២០២៣ កន្លងទៅ ជុំវិញក្លិបដែលរឿងរ៉ាវជុំវិញ លើរបាយការណ៍ហិរញ្ញវត្ថុ​របស់​ក្លិប Juventus ក្នុង​យុគ្គសម័យ​របស់​លោក Agnelli ដោយសហព័ន្ធរបស់ប្រទេសអ៊ីតាលី បានចោទប្រកាន់ពីបទគណនេយ្យ​ប្រាក់ក្លែងក្លាយ និងរបាយកាណ៍ទីផ្សារ ថែម​ទៀត​ផង។  

ក្រោយការស៊ើបអង្កេត រដ្ឋអាជ្ញាបានអះអាងថា ភាគីក្លិបបាល់ទាត់ Juventus បានប្រើប្រាស់ប្រាក់ចំណេញដើមទុនជាច្រើន ដើម្បីបិទបាំងចន្លោះប្រហោងក្នុងរបាយការណ៍ហិរញ្ញវត្ថុកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០​២១។

សូមបញ្ជាក់ថា កាលពីខែមករា កន្លងទៅ ក្លិបបាល់ទាត់ Juventus ត្រូវបានកាត់ ១៥ពិន្ទុក្នុងតារាងចំណាត់ថ្នាក់ ពានរង្វាន់ Serie A របស់អ៊ីតាលី ជុំវិញរឿងពុករលួយនេះថែមទៀតផង។

លោក Agnelli បានចាប់ផ្តើមចូលមកគ្រប់គ្រង ក្នុងនាមជាប្រធានក្លិបកាលពីឆ្នាំ២០១០ ហើយក្លិបបាល់​ទាត់​ Juventus ក៏ធ្លាប់បានឈ្នះជើងឯកអ៊ីតាលី Serie A ចំនួនប្រាំបួនជាប់ៗគ្នារហូតដល់រដូវកាល ២០១៩ ២០២០។ លោក​ក៏​ជា​បុគ្គលម្នាក់​សំខាន់​ដែល​មាន​ផែនការ​រៀបចំ​ការប្រកួត​ពានរង្វាន់ European Super League មិន​បាន​សម្រេចកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ៕

Share.