សិល្បៈ​ជាតិ​៖ កំពូល​តារា​ចម្រៀង​ Rap ជួរ​មុខ​របស់​កម្ពុជា​ ម៉ាន់ វណ្ណដា នឹង​ត្រូវ​ឡើង​ច្រៀង​និង​សម្ដែង​ជា​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​អាទិត្យ​ ទី​១៦ ខែ​កក្កដា ខាង​មុខ​នេះ​។ នៅ​ក្នុង​ការ​សម្ដែង​នេះ​វណ្ណដា​នឹង​ចូលរួម​​ច្រៀង​និង​សម្ដែង​រួម​ជាមួយ​​​កំពូលតារាចម្រៀងរ៉េប Awich ផងដែរ។

វណ្ណដា ធ្លាប់​បាន​ចែក​រំលែក​ដំណឹង​មួយ​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​ខ្លួន​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​លោក​បាន​រៀបរាប់​ថា​៖«នេះ​គឺជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​សម្ដែង​នៅ​​ប្រទេស​ជប៉ុន​ និង​បាន​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្ញុំ​​នៅ​ទីនោះ​ និង​អ្នក​គាំទ្រ​ក​ម្ពុជា​របស់​ខ្ញុំ​ដែល​តែងតែ​ចង់​ឃើញ​ខ្ញុំ​ចេញ​ទៅ​សម្ដែង​នៅ​បរទេស​»។ ទីតាំង​ដែល​ម្ចាស់​បទ​ «Times To Rise» រូប​នឹង​ឡើង​ច្រៀង​និង​សម្ដែង​នោះ​គឺ​​នៅ​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​ឈ្មោះ​ RAISE នា​ទីក្រុង​តូក្យូ​។

ដំណឹង​ដ៏​រីករាយ​នេះ​ក៏​ត្រូវ​បាន​​កញ្ញា​ ឡរ៉ា ម៉ម (Laura Mam) ដែល​ជា​ Big Boss ផលិតកម្ម​ Baramey បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួនកាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា​ម្សិលមិញ​​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​ Poster LED របស់​ វណ្ណដា និង​ Awich ដែល​កំពុង​ប្រូម៉ូត​ផ្សព្វផ្សាយ​នៅ​ជប៉ុន​នា​ខណៈ​នេះ​ ដោយ​ភ្ជាប់​ជា​មួយ​នឹង​ពាក្យ​ថា​ «Japan, Baby»

ការ​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​នេះ​គឺជា​ការ​សម្ដែង​លក្ខណៈ​អន្តរជាតិ​ចុង​ក្រោយ​របស់​វណ្ណដា ក្រោយ​ពេល​ដែល​តារា​ចម្រៀង​ Hip Hop រូប​នេះ​បាន​ច្រៀង​និង​សម្ដែង​នៅ​ប្រទេស​ថៃ​កាល​ពី​ដើម​ឆ្នាំ​២០២៣​នេះ​ នៅ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Rolling Loud Thailand។

Share.