យោងតាមការចុះផ្សាយរបស់ Thairath កាលពីយប់ល្ងាចថ្ងៃសុក្រ ទី១៣ ខែកក្កដា រវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងត្រូវជួបសេ្តចប្រដាល់ថៃ Buakaw នៅដើមខែមករា ឆ្នាំ២០២៤ នៅប្រទេសថៃ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រប្រដាល់។

ចំពោះសន្និសីទសារព័ត៌មាននៃការប្រកួតខាងលើនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងបាងកក ប្រទេសថៃ ខណ:ការប្រកួតរវាង Manny Pacquiao ទល់នឹង Buakaw គឺលក្ខណ: «ប្រដាល់សកល» មិនអាចប្រើជើង កែង ឬជង្គង់ឡើយ។

ដោយឡែកប្រកួតចុងក្រោយបង្អស់របស់ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao គឺចាញ់កីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១ បាត់បង់ខ្សែក្រវាត់ពិភពលោក WBA មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់។

រយ:ពេល២៦ឆ្នាំលើសង្វៀនប្រដាល់កីឡាករ Manny Pacquiao ធ្លាប់ប្រកួត៧២លើក ឈ្នះ៦២ ស្មើ២ និងចាញ់៨៕

Share.