សិល្បៈ​ជាតិ​៖​ កម្មវិធី​ Fan​ Meeting ​របស់​តារា​ចម្រៀង​រ៉េប​ ងួន ​ចាន់ដេវីត​ (​G-Devith​)លើក​នេះ​មាន​ឈ្មោះ​ថា​ Fan​ Meet​ &​ Greet​ by​ Sting​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ក្នុង​បរិវេណ​រោង​ភាព​យន្ត​ Prime​ Cineplex​ Samai​ Square​ ទួល​គោក​ និង​ផ្តល់​ជូន​ជាពិសេស​ចំពោះ​កំពូល​ហ្វេន​ចំនួន​ត្រឹម​តែ​២០០​នាក់​ប៉ុណ្ណោះ​។​

ពិត​ជា​អស្ចារ្យ​ណាស់​ អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ទិញ​សំបុត្រ​មក​ចូល​រួម​កម្មវិធី​នេះ​សុទ្ធ​តែ​យុវវ័យ​ទាំងអស់​ដែល​ពួក​គេ​ស្រឡាញ់​តន្ត្រី​ជា​ស្នាដៃ​របស់​លោក​ G-Devith​ ម្នាក់​ៗ​សុទ្ធ​តែ​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ ហើយ​សុខ​ចិត្ត​រង់ចាំ​ជួប​ Idol​ របស់​ពួក​គេ​តាំង​ពី​ម៉ោង ​៣ ​រសៀល​មក​ម្ល៉េះ​។​ មែន​ទែន​ទៅ ​កម្មវិធី​ Fan​ Meeting ​របស់​លោក ​G-Devith​ នេះ​មិនមែន​ជា​លើក​ទី​មួយ​នេះ​ទេ​ កម្មវិធី​បែប​នេះ​គឺ​លោក​បាន​ធ្វើ​ឡើង​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ ។

ក្រៅ​ពី​បាន​ជួប​រាក់ទាក់​ដោយ​ផ្ទាល់​ជាមួយ​លោក​ G-Devith​ ហ្វេន​អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួល​បាន​ហត្ថលេខា​នៅ​លើ​វត្ថុ​អនុស្សាវរីយ៍​ ថត​រូប​សែលហ្វី​ផ្ទាល់​ៗ​ សំនួរ​ចាក់​ដោត​ដោយ​ផ្ទាល់​ និង​ជាពិសេស​បាន​ស្ដាប់​បទច​ម្រៀង​ថ្មី​ដែល​ត្រៀម​ទម្លាក់​ជា​ផ្លូវការ​បាន​មុន​គេ​ថែម​ទៀត​ផង​។​

នា​ឱកាស​ដ៏​សប្បាយ​រីករាយ​មួយ​នេះ​ លោក​ G-Devith​ បាន​ប្រកាស​ខ្លួន​ថា​ ឆ្នាំនេះ​លោក​កាន់​តែ​ហឹរ​ខ្លាំង​ជាង​មុន​ ដោយ​បាន​បើក​ទម្លាយ​ពី​អាថ៌កំបាំង​បទពិសោធន៍​ជីវិត​ទាំងអស់​ឱ្យ​អ្នក​គាំទ្រ​បាន​សួរ​ដេញ​ដោល​ ហើយ​សំនួរ​ទាំង​អស់​នេះ ​ច្បាស់​ណាស់​ពួក​គេ​ចង់​ដឹង​បន្ថែម​អំពី​ឯកជន​ភាព​របស់​លោក​ក្នុង​ការ​តស៊ូ​ប្រឡូក​សិល្បៈ​ចម្រៀង​រ៉េប​កន្លង​មក​។​

មាន​សំណួរជា​ច្រើន​ដែល​ហ្វេន​បាន​សួរ​ទៅ​កាន់​លោក​ G-Devith​ ប៉ុន្តែ​ថ្ងៃ​នេះ​ត្រយង​សូម​លើក​យក​សំនួរ​តែ​ ៦​ ប៉ុណ្ណោះ​ធានា​ថា​ខ្លឹម​ៗ​ ហើយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ធ្លាប់​ដឹង​អំពី​លោក​ G-Devith​ ដូច​ខាង​ក្រោម​នេះ​៖​

១-​ តើ​លោក​ G-Devith​ ដើរ​នៅ​លើ​ផ្លូវ​សិល្បៈ​ដ៏​ជូរចត់​នេះ​បាន​ដោយ​របៀប​ណា​បាន​ជា​រឹងមាំ​ម្ល៉េះ​?​

G-Devith ​ឆ្លើយ​ថា​ ៖ ជា​ទូទៅ​គេ​មើល​ងាយ​ G-Devith ​ជា​ដុំ​ថ្ម​ ប៉ុន្តែ​មិន​ដឹង​ថា ​ថ្ម​ Diway ​ជា​គ្រាប់​ពេជ្រ​នោះ​ទេ ​។ ​លោក​ថា ​លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចង់​រំលង​នូវ​ពាក្យ​ដែល​គេ​និយាយ​វាយប្រហារ​មក​លើ​លោក​។ លោក​ថា ​បើ​ពិត​ដូច​អ្វី​ដែល​គេ​តិះដៀល​លោក​នេះ​ អ្នកគាំទ្រ​ទាំង​អស់​គ្នា​នឹង​បាន​ឃើញ​G-Devit​ដូច​សម្ដី​គេ​ថា​មែន​ហើយ​។ ប៉ុន្តែ​សព្វ​ថ្ងៃ​ដូច​អ្នកគាំទ្រ​បាន​ឃើញ​ហើយ​ថា​ G-Devith​ នៅ​តែ​ជា​ G-Devith​ ហើយ​ G-Devith​ គឺ​មាន​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត​។

២-​តើ​មាន​មូល​ហេតុ​អ្វី​បណ្ដាល​ចិត្ត​ឱ្យ​លោក​ G-Devith​ ចូល​ចិត្ត​ផ្ដល់​ឱកាស​ឱ្យ​តារា​​ជំនាន់​ក្រោយ​ចូល​រួម​ការ​ប្រគំតន្ត្រី​លើ​ឆាក​តែ​មួយ​ជាមួយ​លោក​?​

G-Devith​ ឆ្លើយ​ថា​៖ សម្រាប់​លោក​ ពី​មុន​ឡើយ​លោក​ចង់​មាន​ឱកាស​បែប​នេះ​ណាស់​។ លោក​រំលឹក​ដល់​ការ​តាម​ក្ដី​ស្រមៃ​ដំបូង​ៗ​ លោក​មាន​ក្រុម​រាំ​មួយ​ឈ្មោះ​ Silent​ Heart​ ហើយ​ត្រូវ​បាន​ម្ចាស់​កម្មវិធី​អនុញ្ញាត​ឱ្យ​បង្ហាញ​សមត្ថភាព​រាំ​ត្រឹម​រយៈ​ពេល ​៥ ​នាទី​ ក៏​ប៉ុន្តែ​ដល់​ម៉ោង​ដែល​ត្រូវ​សម្ដែង​ហើយ​ បែរ​ជា​ម្ចាស់​កម្មវិធី​បដិសេធ​លែង​ឱ្យ​លោក​និង​គ្នីគ្នា​ក្នុង​ក្រុម​ឡើង​រាំ​ទៅ​វិញ​ ។ រួច​មក​មាន​សមាជិក​ក្រុម​ម្នាក់​ស្រក់​ទឹកភ្នែក​ ទើប​លោក​ដាច់​ចិត្ត​ទៅ​សួរ​ដេញដោល​ម្ចាស់​កម្មវិធី​ ប៉ុន្តែ​ម្ចាស់​កម្មវិធី​បោះ​សម្ដី​ថា​ បើ​ចង់​រាំ​ ភ្លេង​ដែល​គេ​កំពុង​ហ្នឹង​ ពួក​ឯង​រាំ​ទៅ​ បាន​ន័យ​រាំ​ភ្លេង​ដែល​គេ​កំពុង​តែ​ចាក់​ចោល​។ ការ​ឈឺចាប់​មួយ​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ចងចាំ​មិន​ភ្លេច​ ហើយ​កត់​ទុក​ក្នុង​ជីវិត​ថា​ បើ​មាន​ឱកាស​ណា​មួយ​នោះ​ លោក​នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយ​គ្រប់​គ្នា​ ដែល​ចង់​តាម​ចាប់​ក្ដី​ស្រមៃ​ខ្លួន​ឱ្យ​ក្លាយ​ជា​ការ​ពិត​។​ ជាក់​ស្ដែង​លោក​ធ្លាប់​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ចម្រៀង​របស់​ Ditway​ Nation​ និង​តារាចម្រៀង​ពន្លក​ក្រោយ​ជា​ច្រើន​ផ្សេង​ទៀត​រួច​មក​ហើយ​។​

៣-​នៅ​ពេល​ប៉ះ​ទង្គិច​ជាមួយ​តារា​រ៉េប​ខ្លាំង​ៗ​ តើ​លោក​ G-Devith​ ធ្វើ​ដូច​ម្ដេច​ដើម្បី​រក្សា​បាន​ប្រជាប្រិយភាព​ និង​ហ្វេន​អ្នកគាំទ្រ​បាន​ច្រើន​រហូត​ដូច​សព្វ​ថ្ងៃ​នេះ​?​

G-Devith ​ឆ្លើយ​ថា​ ៖​ សម្រាប់​លោក​ គឺ​លោក​មិនមែន​ផ្ដោត​តែ​លើ​ការ​ប្រកួតប្រជែង​នោះ​ទេ​ ហើយ​លោក​មិន​ដែល​ចាត់​ទុក​អ្នកដទៃ​ជា​គូសត្រូវ​នោះ​ឡើយ​។ ប្រសិន​បើ​លោក​ឱ្យ​នាម​អ្នក​ប្រជែង​​ជា​គូសត្រូវ​មួយ​រយភាគរយ​ នោះ​ពេល​មាន​ឱកាស​លោក​នឹង​ស.ម្លាប់​.គេ​ចោល​មិនខាន​។ ប៉ុន្តែ​ក្នុង​ចិត្ត​គំនិត​របស់​លោក​ពាក្យ​ថា​ សត្រូវ​ គឺ​មាន​តែ​តិច​ណាស់​ត្រឹម​តែ​ ២០​ភាគ​រយ​ទេ​ ក្រៅ​ពី​នោះ​លោក​ចាត់​ទុក​គូប្រជែង​គឺ​ជា​មិត្ត​ ព្រោះ​ថា​ មិត្ត​បើ​មើល​មុខ​គ្នា​មិន​ចំ​ អាច​ឈប់​និយាយ​រក​គ្នា​បាន​ ហើយ​ទុក​ផ្លូវ​រស់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើរ​ផ្លូវ​រៀង​ខ្លួន​បាន​។ លោក​បាន​ប្រកាន់​ភ្ជាប់​នូវ​ទសពិធរាជធម៌​ ហើយ​ជឿ​លើ​រឿង​បុណ្យ​បាប​ អ្នក​ណា​សាង​អ្វី​គឺ​ទទួល​ផល​នោះ​។​

៤-​ហេតុអ្វី​លោក​ G-Devith​ ចូលចិត្ត​បង្កើត​ឱ្យ​មាន​កម្មវិធី​សប្បាយ​ជាមួយ​អ្នកគាំទ្រ​ម៉្លេះ​ ខណៈ​មាន​ការ​រិះគន់​ថា​ Fan​ Meeting ​ដដែល​ៗអាច​នឹង​សាប​ប្រជាប្រិយភាព​?​

G-Devith ​ឆ្លើយ​ថា​ ៖ ទស្សនៈ​របស់​លោក​គឺ​មិនមែន​ជា​តារាចម្រៀង​ដែល​រកលុយ​មក​ទុក​នោះ​ទេ​ គឺ​លោក​ចូលចិត្ត​ចាយ​លុយ​ដើម្បី​ភាព​សប្បាយ​រីករាយ​។​ មួយ​ទៀត​គឺ​ផ្អែក​ទៅ​លើ​អ្នក​ទ្រទ្រង់​កម្មវិធី​ តើ​ពួក​គេ​មាន​ទស្សនៈ​រួម​ និង​គោលដៅ​ដូច​គ្នា​ឬ​ទេ​?​ លោក​ថា​ ក្រុមហ៊ុន ​Sting ​និង​លោក​មាន​ច្ឆន្ទៈ​រួម​គ្នា​មួយ​ គឺ​ធ្វើ​កម្មវិធី​ឱ្យ​អ្នក​គាំទ្រ​បាន​សប្បាយ​រីករាយ​ ហើយ​រហូត​មក​ទល់​ពេល​នេះ​គឺ​មិន​តិច​កម្មវិធី​ទេ​ ដែល​លោក​បាន​រៀប​ចំ​សម្រាប់​អ្នក​គាំទ្រ​។​

៥- ​តើ ​G-Devith ​ជា​មនុស្ស​បែប​ណា​ ហេតុ​អ្វី​ចូលចិត្ត​តែ​ទាមទារ​ការងារ​នៅ​ម៉ោង​ ៣​ ភ្លឺ​?​

G-Devith ​ឆ្លើយ​ថា​ ៖ ការ​ធ្វើ​ការងារ​របស់​លោក​ភាគ​ច្រើន​នឹក​ឃើញ​ភ្លាម​ គឺ​ទាមទារ​ភ្លាម​ៗ​មិន​ទុក​យូរ​ ហើយ​ភាគ​ច្រើន​ប៉ះ​តែ​ម៉ោង​ ៣​ ភ្លឺ​តែ​ម្ដង​ នោះ​ក៏​ដោយ​សារ​ជា​ម៉ោង​ដែល​ខួរក្បាល​មាន​សភាព​ស្រឡះ​ល្អ​។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​លោក​ និពន្ធបទភ្លេង​ ឬ​នឹក​ឃើញ​ទំនុកច្រៀង​ផ្សេង​ៗ​ ភាគ​ច្រើន​ចាប់​ពី​ម៉ោង​ ៣ ​ភ្លឺ​ទៅ​តែ​ម្ដង​ ដូច្នោះ​ហើយ​លោក​ត្រូវតែ​ក្រោក​ពី​ដំណេក​មក​ភ្លាម​ៗ ​ដើម្បី​បន្ត​ធ្វើ​ការងារ​ទាំង​ពាក់កណ្ដាល​ភ្លឺ​បែបនេះ​។​

៦- មូល​ហេតុ​អ្វី​លោក​ចាប់​អារម្មណ៍​រៀន​បាលី​សំស្ក្រឹត​ ជា​ដំណឹង​ជា​ការ​ពិត​មែន​ទេ​?​

G-Devith ​ឆ្លើយ​ថា​ ៖ ការ​សិក្សា​មុខ​វិជ្ជា​មួយ​នេះ​គឺជា​ចំណូល​ចិត្ត​របស់​លោក​ ប៉ុន្តែ​កន្លង​មក​លោក​គ្មាន​ឱកាស​បាន​សិក្សា​។ លោក​មាន​គោល​បំណង​ចង់​សាបព្រោះ​ពី​អរិយធម៌​ វប្បធម៌​ ភាសា​ ដែល​ខ្មែរ​មាន​ពី​បុរាណ​ទៅ​ដល់​អ្នកគាំទ្រ​បាន​ដឹង​ និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​។ ជាក់ស្ដែង​ដូច​ជា​បទ​ «មហា​នគរ​» គឺ​លោក​បាន​ដាស់​ស្មារតី​កូន​ខ្មែរ​ថា​ ខ្មែរ​មាន​អ្វី​ដែល​អស្ចារ្យ​ច្រើន​ណាស់​ ដែល​កូន​ខ្មែរ​គួរតែ​មាន​មោទនភាព​ ចង់​ដឹង​ចង់​លឺ​ និង​ចង់​ឈ្វេងយល់​អ្វី​ដែល​ជា​របស់​ខ្លួន​។ ​លោក​ថា​ លោក​ចូលចិត្ត​អាន​សៀវភៅ​ច្រើន​ជាង​ យក​ពេលវេលាមក​​ឈ្លោះ​គ្នា​។

យ៉ាង​ណាមិញ​ ក្រោយ​បញ្ចប់​វគ្គ​សំណួរចម្លើយ​ជា​ច្រើន​មក​ អ្នកគាំទ្រ​កាន់​យល់​ច្បាស់​អំពី​ទស្សន​វិស័យ​ផ្សេង​ៗ​របស់​លោក G-Devith ជាមួយ​នឹង​គំនិត​ថ្មី​ៗ ​ដែល​ពួក​គេ​អាច​ដក​ស្រង់​រៀន​សូត្រ​បាន​ពី​បទពិសោធន៍​ជីវិត​របស់​ G-Devith​ ។ G-Devith ​បាន​សន្យា​ជាមួយ​នឹង​អ្នកគាំទ្រ​របស់​ខ្លួន​យ៉ាង​មុតមាំ​ថា​ លោក​នឹង​បន្ត​ផលិត​បទ​ថ្មី​ៗ​ហើយ​ប្លែក​ ពិសេស​គាស់​កកាយ​ជាមួយ​នឹង​អ្វី​ដែល​ជា​កេរ្តិ៍មរតក​ដំណែល​ត​ពី​ដូនតា មក​សិក្សា​ឈ្វេងយល់​បន្ថែម​ឱ្យ​បាន​ច្បាស់លាស់​ និង​ យក​មក​ចងក្រង​ជា​ចម្រៀង​ថ្មី​ៗ​ប​ន្ថែម​ទៀតជា​កាដូ​ជូន​ដល់​ហ្វេន​ៗ​របស់​លោក​មិន​ឱ្យ​ខកបំណង​នោះ​ឡើយ​។​

សូមជម្រាប​ផង​ដែរ​ថា​ កម្មវិធី ​ Fan​ Meet ​& ​Greet ​by​ Sting​ នេះ​ គឺ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​របស់​តារាចម្រៀង​រ៉េប​ G-Devith​ ខណៈ​ការ​លក់​សំបុត្រ​ត្រឹម​រយៈ​ពេល​១​ម៉ោង​ដំបូង​ប៉ុណ្ណោះ​ ចំនួន​សំបុត្រ​ទាំងអស់​បាន​លក់​ដាច់​អស់​ភ្លាម​ៗ​ទាំង​ពាក់កណ្តាល​យប់​តែ​ម្តង​ រហូត​ដល់​បណ្តា​អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​ស្នើរសុំ​ឱ្យ​លោក​លក់​សំបុត្រ​បន្ថែម​ទៀត​។​ ហ្វេនៗ​ប្រមាណ​ជាង​ 200​នាក់ ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ពួក​គេ​ស្រែក​ហ៊ោកញ្ជ្រៀវ​ដែល​ទទួល​បាន​អារម្មណ៍​រំភើប​នៅពេល​ទទួល​កាដូ​ពិសេស​ពី​លោក​ G-Devith ​។ តើ​លើក​ក្រោយ​ចង់​ឱ្យ​មាន​កម្មវិធី​ Fan ​Meeting​ របស់​ G-Devith​ បន្ត​ទៀត​ទេ​ សូម Comment ​មតិ​អ្នក​ខាង​ក្រោម​នេះ​៕

Share.