កណ្តាល៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើហិង្សាវាយកាប់គ្នា បណ្តាលឲ្យបុរសម្នាក់របួសជាច្រើនកន្លែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០:២០នាទី នៅចំណុចភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។


ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ ឡាត់ តុងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ លឹម គឹមទៀង ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ វ៉ា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ។ អ្នកទាំងបីជាជនជាតិខ្មែរ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុក្រុមជនសង្ស័យមានគ្នា៣នាក់ កំពុងអង្គុយផឹកស្រាបៀរជុំគ្នា ស្រាប់តែក្រុមជនរងគ្រោះមានគ្នា៣នាក់ បានជិះម៉ូតូចំនួន២គ្រឿងទៅដល់កន្លែងក្រុមជនសង្ស័យកពុងផឹកក៏ទាស់សំដីគ្នា។

ការប៉ះសម្ដីបានបង្កជាហិង្សា ដោយភាគីទាំងសងខាង បានប្រតាយប្រតប់គ្នា ក្នុងនោះភាគីក្រុមជនរងគ្រោះយកដុំឥដ្ឋគប់ជនសង្ស័យ ហើយភ្លាមនោះជនសង្ស័យម្នាក់បានយកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះត្រូវក្បាល ម្រាមដៃឆ្វេង និងខ្នង បណ្ដាលឲ្យរយះហូរឈាម ​ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.