ពាក្យ Latto-Latto អាចមានប្រភេពចេញពីពាក្យ «ប៊ែហ្គីស» ជាផ្នែកមួយនៃអំបូរភាសាម៉ាឡេយ៉ូ-ប៉ូលីនេស៊ាន (Malayo-Polynesian)។ ពាក្យដើមនេះវាមានន័យថាជាការបង្កើតសំឡេងដូចដែលយើងបានលឺពេលក្មេងៗលេង ឡាត្តូ (Making Clacking Sounds)។

នៅពេលយើងនិយាយពីកុមារតូចៗនិយមលេងឧបករណ៍មួយនេះ យើងអាចសម្គាល់បានថាពួកគេហាក់ដូចជាផ្ដោតខ្លាំង និងនិយមលេងលាន់លឺសំឡេងពេញភូមិករណ៍អ្នកស្រុក។ អ្នកខ្លះបានចាត់ទុកថាជាការរំខានមួយ ដោយសារសំឡេង ឡាត្តូ បានលាន់លឺឡើងយ៉ាងកងរំពង។

យ៉ាងណាក៏ដោយ យើងក្រឡេកថយក្រោយបន្តិចថា ប្រសិនបើគ្មានឧបករណ៍មួយប្រភេទនេះលេងកំសាន្តទេនោះ តើក្នុងពេលដែលយើងកំពុងលឺសំឡេងនោះ ក្មេងៗអាចនឹងលេងអ្វីវិញ? ភាគច្រើនអាចនិយាយថាក្មេងៗអាចលេងអ្វីផ្សេងទៀតក៏បាន ប៉ុន្តែអាចថាក្នុងចំណោមនោះ ពួកគេលេងទូសព្ទ!

នៅកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ពិសេសចុងក្រោយនេះនៅតំបន់អាស៊ី កុមារបាននិយមលេងទូរសព្ទច្រើនណាស់។ សម្រាប់កម្ពុជា កូនៗ ចៅៗលេងទូរសព្ទច្រើន បានក្លាយជាប្រធានបទនៅពេលឪពុកម្ដាយ ឬអាណាព្យាបាលជួបគ្នាម្ដងៗ ហើយពួកគេតែងខិតខំសួរគ្នារកវិធីកាត់បន្ថយកូនៗមិនឱ្យលេងទូសព្ទ។

ដូច្នេះអាចនិយាយបានថាល្បែង ឡាត្តូ Latto អាចជាផ្នែកមួយនៃការជួយកាត់បន្ថយក្មេងៗតូចមិនឱ្យចំណាយពេលច្រើនក្នុងការលេងទូរសព្ទ ហើយក៏អាចជាទឡ្ហីករណ៍មួយដើម្បីជំរុញការលើកទឹកចិត្តអ្នកជំនាញផ្សេងៗ ជួយស្រាវជ្រាវរកឧបករណ៍ទាក់ទាញក្មេងលេងបង្កើនបញ្ញាស្មារតី និងជួយកាត់បន្ថយការលេងទូរសព្ទ។

មានការលើកឡើងដែរអំពីគ្រោះថ្នាក់នៃការលេងល្បែងនេះ ពិសេសគ្រោះថ្នាក់លើរាងកាយ ដូចជាដៃ មុខ និងភ្នែកជាដើម។ យ៉ាងណាក៏ដោយ ជាបទពិសោធ មិនទាន់មានឃើញករណីគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ ហើយដើម្បីបង្កាបញ្ហានេះ អ្នកលក់ និងអាណាព្យាបាលគួរតែណែនាំ រួមទាំងពេលវេលាលេងឡាត្តូផងដែរ។

មានរឿងមួយទៀតដែលអាចឱ្យយើងសាកល្បងពិចារណាបាន។ នោះគឺល្បែង Latto បានធ្វើឱ្យក្មេងៗចេះប្រមូលអារម្មណ៍។ ចំណុចនេះ យើងអាចសម្គាល់បានថាបើអ្នកលេងមិនបានផ្ដោតអារម្មណ៍ ឬមានវិធីសាស្រ្តក្នុងការលេងដោយប្រើខួរក្បាលផង ប្រើកាយវិកាផងទេនោះ មុខជាមិនអាចលេង ឡាត្តូ បានយូរនោះឡើយ៕

Share.