គណបក្ស និងបេក្ខជនតំណាងរាស្រ្តនៃគណបក្សនយោបាយ ទាំងគណបក្សកំពុងកាន់អំណាច និងគណបក្សប្រជែងនានា កំពុងបង្កើនសកម្មភាពឃោសនារកសំឡេងឆ្នោតតាមគ្រប់មធ្យោបាយ និងគ្រប់ច្រកល្ហកដើម្បីប្រជែងយកការគាំទ្រពីម្ចាស់ឆ្នោត។

នៅថ្ងៃនេះ ខ្ញុំសូមនិយាយរឿងអស់សំណើចមួយចុះ និងសូមទោសជាមុន បើប៉ះពាល់ឯកឧត្តម និងលោកជំទាវអត់ក្រឹត្យមួយចំនួន។ ខ្ញុំឃើញអស់លោក លោកស្រីមួយចំនួនដែលជាបេក្ខជនតំណាងរាស្រ្តនៃគណបក្សប្រជែងនានា បាននិយាយឧទ្ទេសនាមគ្នីគ្នាប្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ភ្ជាប់ដោយពាក្យ ឯកឧត្តម និងលោកជំទាវ។

ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនសំដៅទេ សម្រាប់ឯកឧត្តម លោកជំទាវមួយចំនួន ទោះនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងគណបក្សក្រៅរដ្ឋាភិបាលខ្លះ ដែលពួកគាត់ធ្លាប់ទទួលបានព្រះរាជក្រឹត្យពីព្រះមហាក្សត្រឱ្យកាន់មុខតំណែង ឬមានតួនាទីណាមួយ។

ប៉ុន្តែសម្រាប់អស់លោក លោកស្រី មួយចំនួនទៀតដែលមិនធ្លាប់ទទួលបានព្រះរាជក្រឹត្យអ្វីនឹងគេម្ដងសោះ គ្រាន់តែជាប់ឈ្មោះជាបេក្ខជនតំណាងរាស្ត្រ មិនទាន់ទាំងដឹងថាខ្លួនជាប់ឆ្នោត ឬក៏អត់ផង ពួកគេក៏និយមហៅគ្នាថាឯកឧត្តម លោកជំទាវបាត់ទៅហើយ ទាំងនៅផ្ទៃក្នុងបក្ស និងកម្មវិធីខាងក្រៅ។

តើមកពីពួកគេមិនដឹងឬយ៉ាងណា? ឬពួកគេសន្មត់ដោយខ្លួនឯងថាបើបានឈរជាបេក្ខជនតំណាងរាស្រ្ត ហៅគ្នីគ្នាថាលោកនេះ លោកនោះដូចជាអន់ពេក? ពួកគេមានចេតនាលើកតម្លើងគ្នីគ្នាដើម្បីកុំឱ្យម្ចាស់ឆ្នោតមើលមកថាពួកគេសាមញ្ញៗពេក? ចម្លើយអាចមានច្រើនជាងសំណួរនេះ។

ខ្ញុំបញ្ចេញទស្សនៈនេះ គឺដើម្បីពញាក់ស្មារតីអស់លោក លោកស្រីមួយចំនួនដែលកំពុងភ្លេចអាត្មា កាន់ក្បាលមេក្រូនិយាយក្ដែងៗភូតកុហុកម្ចាស់ឆ្នោត។ ម្យ៉ាងដោយអាណិត ក្រែងលោកមិនបានជាប់ឆ្នោតជាតំណាងរាស្រ្ត មិនដឹងជាត្រូវហៅគ្នីគ្នាថាឯកឧត្តម លោកជំទាវទៀត ឬយ៉ាងណា?

សូមអរគុណសារព័ត៌មានត្រយង ខ្ញុំសូមអភ័យទោសបើបញ្ចេញទស្សននេះធ្វើឱ្យប៉ះពាល់….

Share.