Reo Nakamura (៣០) Privat (៩) កាលនៅវេស្ទើនភ្នំពេញ

កីឡាករ​បាល់ទាត់​ជនជាតិ​ជប៉ុន Reo Nakamura ធ្លាប់​ជា​សមាជិក​ក្នុង​ក្លិប​​២​នៅ​លីគ​កំពូល​កម្ពុជា Metofone Cambodian League ចន្លោះ​ឆ្នាំ​២០១៤-២០១៥ បាន​ប្រកាស​ព្យួរ​ស្បែក​ជើង​ ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ ក្នុង​ឆ្នាំ​២០២១ នេះ។

បើតាម​សេចក្តី​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​កីឡាករ​​មកពី​ទីក្រុង​ Osaka បាន​បង្ហោះ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៩​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ពី​ការ​សម្រេច​ចិត្ត​លាឈប់​ពី​អាជីព​កីឡាករ​បាល់ទាត់​ ព្រម​ទាំង​អរគុណ​អ្នក​ដែល​ពាក់ព័ន្ធ​ធ្លាប់​ជួយ​រូប​គេ​នាពេល​កន្លង​មក​ផងដែរ។ រូប​គេ​បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្សងព្រេង​នៅ​ក្រៅ​ប្រទេស ដែល​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ទៀត​ផង។

ក្រុម​វេស្ទើនភ្នំពេញ (បច្ចុប្បន្ន​រំសាយ) ជា​ក្លិប​នៅ​បរទេស​ដំបូង​គេ​បង្អស់​ដែល​ខ្សែ​បម្រើ រូប​នេះ​ចូលរួម​ក្រោយ​ចាកចេញ​ពី​ស្រុក​កំណើត គឺ​នៅ​រដូវកាល​ឆ្នាំ​២០១៤។ ក្រុម​វេស្ទើនភ្នំពេញ នៅ​កាល​នោះ​ចុះ​បញ្ជី​កីឡាករ​បរទេស​៤នាក់​គឺ​Reo Nakamura កីឡាករ Privat (បច្ចុបន្ន​លេង​នៅ​ព្រះខ័នរាជស្វាយរៀង) កីឡាករ​នីហ្សរីយ៉ា Isla Kolax និង​កីឡាករ​​កូឌីវ័រ Goze Brizi Dieudonne។

Reo Nakamura (៣០) កាលនៅអាស៊ីអឺរ៉ុប

ចូល​ដល់​ឆ្នាំ​២០១៥ Reo Nakamura​បាន​ចូលរួម​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប ​វិញ​ម្តង ដោយ​កាល​នោះ​អាស៊ីអឺរ៉ុប បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​​ផ្សេង​ទៀត​មាន​​កីឡាករ​នីហ្សេរីយ់ា George Kelechi, Kenneth Nwafo និង​Silva Sunday និង​កីឡាករ​អេហ្ស៊ីប Mohamed Hamza។

ចេញ​ពី​កម្ពុជា កីឡាករ​វ័យ​៣០ឆ្នាំ​ស្តើង​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម Lanexang United F.C របស់​ឡាវ ក្នុង​ជើង​ទី១ ឆ្នាំ​២០១៦ ហើយ​ជើង​ទី២ បាន​ប្តូរ​ទៅ​ចូលរួម​ក្រុម VSV United ក្នុង​​ខេត្ត Nong Khai ជើង​ទី២។ ចេញ​ពី​តំបន់​អាស៊ាន កីឡាករ Reo Nakamura បាន​ចូលរួម​ក្នុង​ក្រុម​ Erchim នៅ​លីគ​កំពូល​ម៉ុងហ្គោលី នៅ​ឆ្នាំ​២០១៧ នឹង​ឈ្នះ​ជើង​ឯក​ជាមួយ​ក្រុម​នេះ​ផង​ដែរ។

ចេញ​ពី​ម៉ុងហ្គោលី កីឡាករ​រូប​នេះ​បាន​ទៅ​ចូលរួម​ក្រុម George Telegraph នៅ​លីគ​កំពូល​ប្រទេស​ឥណ្ឌា ចន្លោះ​រដូវកាល​ឆ្នាំ​២០១៨-២០១៩ ដោយ​ជួយ​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​៦ ក្នុង​ចំណោម​សមាជិក​​ទាំង​១២ក្រុម។

នៅ​ឆ្នាំ Reo Nakamura បាន​ចេញ​ពី​ឥណ្ឌា ដោយ​ចូលរួម​ក្នុង​ក្រុម Shan United នៅ​លីគ​កំពូល​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​ព្រម​ទាំង​ឈ្នះ​ជើង​ឯក​នៅ​ឆ្នាំ​នោះ​ផង​ដែរ។ ឆ្នាំនោះ​រូប​គេ​បាន​ជួយ​ក្រុម​នៅ​មីយ៉ាន់ម៉ា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019 ក្រៅ​ពី​ប្រកួត​ពានរង្វាន់​ក្នុង​ស្រុក។ ក្រោយ​ចប់​រដូវកាល​ឆ្នាំ​២០២០ មក​ ​ប្រទេស​មីយ៉ាន់ម៉ា មាន​ស្ថានភាព​នយោបាយ​វឹកវរ​ កីឡាករ​រូប​នេះ​ទំនេរ​មិន​មាន​ក្លិប​ចូលរួម​នោះ​ទេ៕

Telegram-Troryorng
Share.