ក្លិបបាល់ទាត់ FC Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានប្រកាសនាំចូលកីឡាករ Kim Min-jae ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​ពី Napoli កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ​ត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ ២០២៣-២៤។

ជាមួយកិច្ចសន្យារយ:ពេល៥ឆ្នាំ ​រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨ ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​ ធ្វើឲ្យខ្សែការពារជនជាតិកូរ៉េខាងត្បូង វ័យ២៦ឆ្នាំ និងកម្ពស់ ១.៩០ម៉ែត្ររូបនេះក្លាយជាកីឡាករអាស៊ីថ្លៃបំផុតប្រចាំប្រវត្តិសាស្រ្ត។

ពោលគឺលើសកីឡាករអាស៊ី Shoya Nakajima ជនជាតិជប៉ុន ដែលផ្លាស់ទៅកាន់ Al-Duhail ក្នុងតម្លៃ ៣៥លានអ៊ឺរ៉ូ និង Son Heung-Min ជនជាតិកូរ៉េខាងត្បូង ដែលផ្លាស់ទៅ Tottenham Hotspur ក្នុងតម្លៃ ៣០លានអ៊ឺរ៉ូ។

មុនផ្លាស់មកចូលរួមជា Bayern Munich ខ្សែការពារ Kim Min-jae បានជួយឲ្យ Napoli ឈ្នះលីគកំពូលអ៊ីតាលី Serie A រដូវកាល ២០២២-២៣ ដោយបង្ហាញខ្លួនសរុប ៣៥ប្រកួត និងជាប់ជាខ្សែការពារល្អបំផុតប្រចាំរដូវកាល (Serie A Best Defenders)៕

Share.