ក្លិប​បាល់ទាត់​វិសាខា បាន​ប្រកាស​ពី​ការ​ចុះ​បញ្ជី​សមាជិក​ថ្មី​បន្ថែម​១រូប​ទៀត គឺ​ជា​ខ្សែ​ប្រយុទ្ធ​ជនជាតិ​កូរ៉េខាងត្បូង វ័យ​២៤​ឆ្នាំ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ស្រុក​កំណើត​ផង និង​នៅ​ប្រទេស​ប៊ែលហ្សិក ក្នុង​ទ្វីប​អឺរ៉ុប ផង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ជើង​ទី២ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​វិសាខា នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៩​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បញ្ជាក់​ថា៖«ថ្ងៃនេះ ពួកយើង​មាន​កិត្តិយស​សូម​ប្រកាស​នូវ​សមាជិក​ថ្មី ១​រូប​ទៀត​ ដែល​នឹង​ចូលរួម​ជាមួយ​ពួក​យើង នៅ​ជើង​ទី​២ នៃ​ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នា​ពេល​ឆាប់ៗ​ខាង​មុខ​ គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Lee Jae Gun»។

បច្ចុប្បន្ន Lee មានវ័យ ២៤ឆ្នាំ ដោយខ្សែប្រយុទ្ធកម្ពស់ ១.៨០ម៉ែត្ររូបនេះ បានផ្ដើមអាជីពដំបូង ជាមួយ​ក្លិប AFC Tubize នៅក្របខណ្ឌលីគទី២ ប្រទេស​ប៊ែលហ្ស៊ិក ចាប់ពីឆ្នាំ២០១៧-២០១៩។ បន្ទាប់មក​ទើបផ្ទេរមកលេងនៅ​ទឹកដីកំណើតខ្លួនវិញ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ជាមួយ​ក្លិប Chungnam Asan FC នៃ​លីគទី២ ប្រទេស​កូរ៉េខាងត្បូង មុន​ផ្ទេរមកក្លិបកីឡាបាល់ទាត់ វិសាខា​ពេល​នេះ ។

ក្លិប​បាន​បញ្ជាក់​ថា៖«តាងនាមគ្រួសារបាល់ទាត់វិសាខា សូម​សម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ​ ចំពោះ​វត្តមាន​កីឡាករ Lee Jae Gun ។ ពួក​យើងសង្ឃឹមយ៉ាងមុតមាំ​ថា វត្តមានរបស់ Lee នឹងរួម​ចំណែកជួយ​ក្លិបរបស់យើង ឆ្ពោះ​ទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀត ពិសេសឆ្ពោះទៅសម្រេចគោលដៅ ដែលពួកយើងកំពុងទន្ទឹងរង់ចាំទាំងអស់គ្នា»៕

Telegram-Troryorng
Share.