ភ្នំពេញ ៖ ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណដីឡូត៍ មានរបងថ្មព័ទ្ធជុំវិញ ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដោយសារស្រះទឹកជ្រៅ ទើបកម្លាំងសមត្ថកិច្ច ស្នើសុំអន្តរាគមន៍ពីកងសង្គ្រោះ ទ័ពពិសេសឆ័ត្រយោង ៩១១ ជួយរាវរក អស់រយៈពេល៣ម៉ោង ទើបប្រទះឃើញ ។

សពក្មេងរងគ្រោះមានឈ្មោះ ហួរ វិអុីត្រា ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ សាលាបឋមសិក្សាភ្នំពេញថ្មី មានឪពុកឈ្មោះ ហួរ វិបុល អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ម្តាយឈ្មោះ វ៉ា ពិសី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ។ ក្មេងរងគ្រោះជាកូនទី១ ក្នុងចំណោមបងប្អូនប្រុស៤នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមប្រភពបានឲ្យដឹងថា នៅមុនកើតហេតុ មានក្មេងប្រុសចំនួន៦នាក់ បាននាំគ្នាផ្លោះរបងចូលទៅ បរិវេណដីឡូត៍ខាងលើ ហើយមានក្មេង៤នាក់ចុះទៅបេះឈូកនៅស្រះម្ខាង ចំណែកក្មេងប្រុស២នាក់ទៀត ចុះងូតទឹកលេងនៅស្រះម្ខាងក្បែរគ្នា មួយសន្ទុះក្រោយមកស្រាប់តែក្មេងប្រុសរងគ្រោះរអិលផុងជើងធ្លាក់ទៅទីជ្រៅ ធ្វើឲ្យលង់លិចបាត់ ផ្អើលក្មេងផ្សេងទៀត ដឹងដល់ពលរដ្ឋក្បែរនោះជួយរក។

ខណៈដែលស្រះទឹកទំហំ៣០ម៉ែត្រx៥០ម៉ែត្រ មានជម្រៅជាង៧ម៉ែត្រ (អតីតស្រះចិញ្ចឹមត្រី) រហូតដល់វេលាម៉ោង៤រសៀល ទើបសុំអន្តរាគមន៍ពីកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១ ទៅចុះរាវរក អស់រយៈពេល៣ម៉ោង ទើបរកសពក្មេងរងគ្រោះឃើញ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ។​ក្រោយពីរាវរកឃើញ សពក្មេងប្រុសខាងលើប្រគល់ឲ្យសមត្ថកិច្ចពិនិត្យកោសល្យវិច័យ ហើយប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.