កំពង់ឆ្នាំង ៖ បើកកាណូតដឹកប្រពន្ធនិងកូនប្រុស វិលមកពីរកចាប់គីង្គក់វិញ ខ្យល់បោកបក់ខ្លាំងធ្វើឲ្យក្រឡាប់លិចកាណូតបាឡាស្មាច់ លង់លិចបាត់ទាំង២នាក់ប្តីប្រពន្ធនៅកណ្តាលទន្លេ ចំណែកកូនប្រុសអាយុ១២ឆ្នាំ បានហែលរួចដល់ច្រាំង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋអ្នកភូមិ អាជ្ញាធរ សមត្ថកិច្ចចេញទៅតាមស្វែងរកដល់យប់ រហូតដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ រកសពមិនទាន់ឃើញនៅឡើយ ។

អធិការនគបាលស្រុកកំពង់លែងបានអោយដឹងថា នៅព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៣នេះថា មានហេតុការណ៍ក្រឡាប់លិចបាឡាស្មាច់មួយគ្រួសារ ដែលបណ្តាលបាត់ខ្លួនមនុស្ស២នាក់ ហើយម្នាក់ បានរួចផុរពីគ្រោះថ្នាក់។
ជនរងគ្រោះទាំងបីនាក់ ទី ១.ឈ្មោះ រ៉េន រឹត ភេទ ប្រុស អាយុ ៣៩ឆ្នាំ ត្រូវជាប្ដីអ្នកបើកបាឡាស្មាច់។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្រពន្ធទាំងពីរនាក់កំពុងបាត់ខ្លួន។ ចំណែកឯកូនប្រុស ឈ្មោះ ប៉ុន បញ្ញាសក្កិ ភេទ ប្រុស អាយុ១២ ឆ្នាំ បានហែលរួចខ្លួន ទាំង៣នាក់ មានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯកអធិការនគបាលស្រុកកំពង់លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុអ្នកទាំងបីខាងលើធ្វើដំណើរតាមកាណូតបាឡាស្មាច់ដើម្បីទៅរកឆ្លុះចាប់សត្វគីង្គក់នៅពេលយប់យកមកលក់ លុះមកដល់ចំណុចខាងលើដោយបើកបរក្នុងលឿនហើយបានបត់បាឡាជ្រុល ធ្វើឲ្យក្រឡាប់លិចតែម្ដង ខណ:មានភ្លៀងមួយមេធំនិងខ្យល់កន្ត្រាក់ផងដែរ។ក្រោយទទួលបានព័ត៌មាននេះហើយ កម្លាំងនគបាលខេត្ត បានបញ្ជាបន្ទាន់អោយមន្ត្រីអាជ្ញាធរ នាំកម្លាំងចេញជួយស្វែងរកអ្នកដែលបាត់ខ្លួនភ្លាមៗ ហើយមកដល់ព្រឹកថ្ងៃទី២៦កក្កដានៅមិនទាន់រកឃើញអ្នកដែលបានបាត់ខ្លួននៅឡើយទេ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.