សិល្បៈ​ជាតិ​៖ រឿង​ដែល​តារា​ចម្រៀង​លំដាប់​ពិភពលោក Jennie BP ​ត្រូវ​បាន​ព្រះសង្ឃ​ បដិសេធ​ មិន​ឱ្យចូល​ថត​​ក្នុង​ព្រះវិហារ​ នៅ​វត្ត​​មួយ​កន្លែង​​នៅ​កូរ៉េ​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ក្រោយ​មាន​ការ​ទៅ​សម្ភាសន៍​មួយ​របស់​តារា​ចម្រៀង​ Jo Kown ​ដាក់​បង្ហោះ​នៅ​លើ​ឆាណែល​ Youtube ។​

ព្រះ​សង្ឃ​​អង្គ​នោះ​បាន​​មាន​សង្ឃដីកា​​ទម្លាយ​មូលហេតុ​ពិត​នៅ​ពី​ក្រោយ​ការ​ដែល​ព្រះអង្គ​មិន​​អនុញ្ញាត​ឱ្យ​​ Jennie ចូល​ថត​រូប​ភាព​វីដេអូ​ Vlog នៅ​ក្នុង​ព្រះវិហារ​ថា​ ដោយ​សារ​តែ​ព្រះអង្គ​យល់​ថា​ទីអារ៉ាម​គឺជា​កន្លែង​ស្ងប់ស្ងាត់​​ដើម្បី​​ហ្វឹកហាត់​និង​អប់រំ​ចិត្ត​ ដូច្នេះ​ព្រះ​អង្គ​មិន​ចង់​ឱ្យ​ព្រះវិហារ​ ​និង​វត្ត​អារ៉ាម​ក្លាយ​ជា​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ​ មួយ​វិញ​ទៀត​ប្រជាប្រិយ​ភាព​របស់​តារា​រូប​នេះ​ល្បីល្បាញ​កម្រិត​ពិភពលោក​ ហេតុ​នេះ​​អ្នក​គាំទ្រ​របស់​ Jennie ​មក​ពី​គ្រប់​ទិសទី​ច្បាស់​ជា​នឹង​សម្រុក​ទៅ​វត្ត​​​កាន់​តែ​ច្រើន​រហូត​ដល់​កក​ស្ទះ​មិន​ខាន​។​

ក្រោយ​សង្ឃដីកា​របស់​ព្រះ​សង្ឃ​ពន្យល់​ពី​មូលហេតុ​ដែល​មិន​អនុញ្ញាត​ឱ្យ​ Jennie ចូល​ថត​ក្នុង​វត្ត​ត្រូវ​បាន​ផ្សាយ​ចេញ​ មាន​សាធារណជន​ជា​ច្រើន​បាន​សម្ដែង​អារម្មណ៍​ហួសចិត្ត​ និង​អស់​សំណើច​ជា​​ខ្លាំង​។ រឿង​ដែល​ Jennie មិន​អាច​ចូល​ថត​ក្នុង​វត្ត​ត្រូវ​បាន​គេ​យក​ជជែក​វែក​ញែក​ ដើម្បី​រក​ចំណុច​គោល​មួយ​ទាក់​ទង​នឹង​​ការ​កំណត់​ព្រំដែន​រវាង​ជំរក​​សាសនា​ និង​ពិភព​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​កម្សាន្ត​។

រឿង​នេះ​ក៏​បង្ក​ឱ្យ​កើត​មាន​សំនួរ​​ទៅ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​តារា​ៗ​និង​អ្នក​ផលិត​មាតិកា​តាម​អនឡាញ​ ​ស្ដី​ពី​សក្ដានុពល​នៃ​​ទី​សក្ការៈ​ទាក់ទង​​ទៅ​នឹង​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​ពួក​គេ​ផលិត​អ្វី​ក៏​ដោយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​សាសនា​ឬ​វិញ្ញាណ​៕​​​​​

ប្រភព៖ kpopstarZ

Share.