សិល្បៈ​ជាតិ​៖ តារា​ចម្រៀង​ ជី ដេវីត​ ​បាន​បញ្ចេញ​សារ​ថ្មីៗ​ក្ដៅ​ព្រមាន​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​អាកប្បកិរិយា​ពាល​យក​ទឹក​កក​គប់​ដាក់​ខ្លួន​ ខណៈ​កំពុង​តែ​ច្រៀង​និង​សម្ដែង​នៅ​លើ​ឆាក​ឱ្យ​ប្រញាប់​ចូល​ខ្លួន​សុំ​ទោស​លោក​ជា​បន្ទាន់​ ដោយ​ទុក​ពេល​ឱ្យ​ជន​នោះ​រយៈ​ពេល​៨​ម៉ោង​រាប់​ចាប់​ពី​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​។

ដំបូង​ឡើយ​​ម្ចាស់​បទ​ «មហានគរ​» មិន​បាន​ប្រកាន់​ខឹង​នឹង​បុគ្គល​ដែល​​គប់​ទឹកកក​ដាក់​ខ្លួន​នោះ​ឡើយ​ ប៉ុន្តែ​ក្រោយ​បាន​មើល​វីដេអូ​ពី​កាំមេរ៉ា​សុវត្ថិភាព​រួច​ ធ្វើ​ឱ្យ​លោក​ក្ដៅ​ស្លឹក​ត្រចៀក​ ហើយ​បាន​ប្រកាស​ប្រើ​វិធានការ​ក្ដៅ​ចំពោះ​​ជន​បង្ក​រូប​នោះ​។ ​នៅព្រឹក​​ថ្ងៃ​ទី​១ ខែ​សីហា លោក​ ជី ដេវីត​ ​បាន​​ផុស​រៀបរាប់​ពី​ក្ដី​ឈឺចាប់​របស់​លោក​នៅ​លើ​ផេក​ផ្លូវ​ការ​ដោយ​រៀបរាប់​យ៉ាង​លម្អិត​ថា​:

«ថ្ងៃ​នេះ​បន្ទាប់​ពី​ខ្ញុំ​បាន​មើល​ Security Video ខ្ញុំ​ពិត​ជា​តក់​ស្លុត​នឹង​ហួស​ចិត្ត​ជាមួយ​អាកប្បកិរិយា​គួរ​ឱ្យ​ខ្ពើមរអើម​ពោរពេញ​ដោយ​ការ​មើល​ងាយ​ជិះជាន់​តម្លៃ​មក​លើ​រូប​ខ្ញុំ​ជា​អ្នក​សិល្បៈ​ខ្លាំង​ណាស់​ គឺ​ហួស​ពី​ការ​ស្មាន​។ និយាយ​ដោយ​ស្មោះ​ត្រង់​ក្នុង​ពេល​នេះ​ចិត្ត​ខ្ញុំ​ក៏​ចង់​លើក​លែង​​ ក៏​មិន​ចង់​បន្ត​ សឹង​តែថា​ឱ្យ​កន្លង​ហួស​ ហើយ​​ក៏​ចប់​ទៅ​ចុះ​ ប៉ុន្តែ​ដោយ​កម្លាំង​អ្នក​គាំទ្រ​និង​មហាជន​ ខ្ញុំ​មិន​អាច​ប្រើ​ប្រាស់​ចិត្ត​ប្រណី​របស់​ខ្ញុំ​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​ពាល​ដូច​អ្នក​បាន​នោះ​ទេ​ វា​ហាក់​ដូច​ជា​មិន​គប្បី​ទាល់​តែ​សោះ​ បើ​ខ្ញុំ​នៅ​តែ​ចចេស​ ចង់​លើក​លែង​។ ខ្ញុំ​ជា​មនុស្ស​រឹងមាំ​គ្រប់​បញ្ហា​ តែ​ខ្ញុំ​ក៏​មាន​បេះដូង​ឈឺចាប់​ នឹង​ទង្វើ​ថោកទាប​បែប​នេះ​ដែរ​ ដោយ​ហេតុ​ខ្ញុំ​ផ្ទាល់​បាន​ជួប​រឿង​នេះ​ ខ្ញុំ​នឹង​ក្រោក​ឈរ​ជា​សិល្បករ​ម្នាក់​ដើម្បី​លុប​បបំបាត់​ការ​មើល​ងាយ​ មើល​ថោក​ដល់​សិល្បករ​ និង​សិល្បការិនី​ម្នាក់​ ដើម្បី​លុប​បំបាត់​ការ​មើល​ងាយ​ មើល​ថោក​ ដល់​សិល្បករ​ និង​សិល្បការិនី​ដទៃ​ទៀត​ ក៏​ដូច​ជា​ក្រោក​ឈរ​ ដើម្បី​​មហាជន​ និង​អ្នក​គាំទ្រ​​របស់​ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ ខ្ញុំ​ពិត​ជា​មាន​ភាព​កក់​ក្ដៅ​ពី​អ្នក​គាំទ្រ​ដែល​ឈឺ​ឆ្អាល​ សុខទុក្ខ​របស់​ខ្ញុំ​ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​វិធានការ​ចំពោះ​ជន​នេះ​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ជន​នេះ​នឹង​ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្ញុំ​ និង​មហាជន​ ពី​ទង្វើ​ថោក​ទាប​របស់​ខ្លួន​ ហេតុ​ដែល​ខ្ញុំ​និយាយ​ដូច​នេះ​ ពិត​ណាស់​ពាក្យ​សុំ​ទោស​របស់​ជន​នេះ​ ចំពោះ​ខ្ញុំ​គឺជា​វា​មិន​មាន​តម្លៃ​អ្វី​អាច​ផ្សះផ្សារ​អារម្មណ៍​ឈឺចាប់​របស់​ខ្ញុំ​បាន​ទេ​ បើ​ផ្អែក​ទៅ​ឥរិយាបថ​អ្នក​ក្លាហាន​ក្រោម​មេឃ​របស់​គេ​។ ខ្ញុំ​នឹង​ផ្ដល់​ជូន​ Video ពេញ​សម្រាប់​បងប្អូន​បើ​គ្មាន​ដំណោះស្រាយ​ក្នុង​ពេល​៨​ម៉ោង​ រាប់​ចាប់​ពី​ការ​ផុស​រូប​មួយ​សន្លឹក​នេះ​ទៅ​។​​​​​ ការ​ពិត​ខ្ញុំ​មិន​ចង់​បន្សល់​ទុក​ដាន​ឈឺចាប់​នៅ​ក្នុង​ ​Page ​របស់​ខ្ញុំ​ទេ​ ​នេះ​ទឹកកក​ ​ចុះ​បើ​កៅអី​ ចុះ​បើ​ដប​ ​កែវ ​ចាន​ ​ចុះ​បើ​មិន​ត្រូវ​តែ​ខ្ញុំ​ហើយ​ថែម​ទាំង​ត្រូវ​បងប្អូន​អ្នក​ដែល​បាន​មក​គាំទ្រ​ខ្ញុំ​ ​?​ ទោះ​ជា​ឈាម​ខ្មៅ​មួយ​តួ​ខ្លួន​របស់​អ្នក​ក៏​មិន​អាច​សង​គ្រប់​ផង​។​​ក្នុង​រូបភាព​ខាង​ក្រោម​​នេះ​​ជា​ផ្នែក​មួយ​នៃ​អាកប្បកិរិយា​របស់​បុរស​កំណាច​ក្នុង​អំឡុង​​ពេល​ដែល​ខ្ញុំ​កំពុង​ច្រៀង​​នៅ​ម៉ោង​​ (១២​:៤១ ​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ​៣០​ ខែ​កក្កដា ឆ្នាំ​២០២៣​) ជន​បង្ក​គឺ​បុរស​សង្ហា​លើក​ម្រាម​ដៃ​កណ្ដាល​នោះ​ឯង​។ ខ្ញុំ​សូម​អរគុណ​ដល់​ PUB ដែល​បាន​សហការ​ផ្ដល់​ជា​ Video ដល់​រូប​ខ្ញុំ​ ខ្ញុំ​ពិត​ជា​អរគុណ​ចំពោះ​តឹកតាង​ដ៏​សំខាន់​នេះ​។ ដោយ​ក្ដី​គោរព​ស្រលាញ់​ចំពោះ​បងប្អូន​ និង​មហាជន​ ពី​ខ្ញុំ​បាទ​ ងួន​ ចាន់​ដាវីត។

ការ​លើក​ឡើង​ដ៏​វែង​អន្លាយ​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ អ្នក​ស្រលាញ់​យុត្តិធម៌​ក្នុង​សង្គម​ និង​អ្នក​ស្អប់​ខ្ពើម​អំពើ​អសីលធម៌ ​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដោយ​មាន​អ្នក​ខ្លះ​បាន​សុំ​ឱ្យ​តារា​ចម្រៀង​ល្បី​ចាត់​ការ​ទៅ​តាម​ច្បាប់​។ មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​បើសិន​បណ្ដោយ​ឱ្យ​ជន​​នេះ​រួច​ខ្លួន​នឹង​ក្លាយ​ជា​គំរូ​មិន​ល្អ​មួយ​សម្រាប់​សង្គម​ ហើយ​ធ្វើ​ឱ្យ​អ្នក​ផ្សេង​ទៀត​ មិន​ក្រែង​រអា​ហើយ​នាំ​គ្នា​ត្រាប់​តាម​ ព្រោះ​គេ​មើល​ឃើញ​ថា​រឿង​បែប​នេះ​បាន​ផ្ទុះ​កក្រើក​ធ្វើ​តាម​ៗ​គ្នា​នៅ​ក្នុង​សង្គម​បរទេស​ទៅ​ហើយ​ បើ​សិន​នៅ​កម្ពុជា​មិន​ប្រញាប់​ទប់​ស្កាត់​ទេ​នោះ​ ក្រែង​ល​រីក​រាលដាល​ក្នុង​ចំណោម​យុវវ័យ​ ដែល​ជា​វ័យ​ត្រូវ​ការ​ចាំ​បាច់​ការ​បង្ហាត់​បង្ហាញ​ ​កែ​តម្រូវ​និង​តម្រង់​ទិស​៕

Share.