ភ្នំពេញ ៖ តាអ្នកនេសាទត្រីម្នាក់ បន្ទាប់ពីមិនឃើញទៅលក់ត្រីដូចសព្វដង ស្រាប់តែមូយទៅសាកសួររកទិញត្រីដល់ផ្ទះ តែរកមិនឃើញក៏នាំគ្នាតាមរក ប្រទះឃើញតែទូកនៅអណ្តែតលើផ្ទៃទឹកស្រះ បាត់មនុស្សលុះចុះរាវរកឃើញវ័ណ្ឌជាប់ដៃជាប់ជើងនឹងមងស្លាប់ក្នុងទឹកស្រះ នៅវេលាម៉ោង៨និង៣០ នាទី ព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ស៊ុ សាន អាយុ៨៤ឆ្នាំ មុខរបរប្រចាំថ្ងៃ នេសាទត្រី ជាបុរសពោះម៉ាយប្រពន្ធស្លាប់ចោល មានកូនចំនួន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ តែរស់នៅជាមួយជនរងគ្រោះតែ២នាក់ទេ ក្រៅពីនោះរស់នៅផ្ទះផ្សេងៗគ្នា។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់រាត្រី ជនរងគ្រោះតែងតែអុំទូកចេញទៅបណ្តែតមងរកត្រី នៅក្នុងស្រះទឹក រណ្តៅដីចាស់ដ៏ធំ ដែលមានជម្រៅទឹកប្រមាណ៤០ម៉ែត្រ លុះភ្លឺឡើងយកទៅលក់តែម្តង តែដោយមិនឃើញជនរងគ្រោះទៅលក់ត្រី ទើបពលរដ្ឋដែលរងចាំទិញត្រី ទៅតាមរកទិញដល់ផ្ទះ នៅរោងកន្លែងស្នាក់នៅ តែមិនឃើញ កូនចៅងឿងឆ្ងល់បាត់ឪពុកខុសប្រក្រតី ទៅមើលក្នុងស្រះឃើញតែទូកនៅអណ្តែតលើផ្ទៃទឹក បាត់ពុក ទើបនាំគ្នាអុំទូកតាមស្វែងរកកន្លែងជនរងគ្រោះបណ្តែតមង ចាប់ស្រាវមងមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះវ័ណ្ឌជើងដៃជាប់មកលង់ស្លាប់ក្នុងទឹក ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យឃើញថាស្លាប់ដោយលង់ទឹក រួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.