សិល្បៈ​អន្តរជាតិ​៖ តារា​ចម្រៀង​-តារា​សម្ដែង​រាង​តូច​ច្រឡឹង​របស់​កូរ៉េ​ IU តស៊ូ​ណាស់​ទម្រាំ​អាច​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។គេ​នៅ​ចាំ​បាន​ថា​តារា​ស្រី​រូប​នេះ​ធ្លាប់​ទៅ​ប្រកួត​ចម្រៀង​២០​កន្លែង​ប៉ុន្តែ​លទ្ធផល​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់​ ដោយ​ក្នុង​ចំណោម​នោះ​រួម​ទាំង​ផលិតកម្ម​ JYP Entertainment ផង​ដែរ​។ និយាយ​ដល់​រឿង​នេះ​ ស្ថាបនិក JYP នៅ​តែ​មិន​អស់​ចិត្ត​ហើយ​ចិញ្ចឹម​ចិត្ត​សោកស្ដាយ​ដែល​ក្រុមហ៊ុន​លោក​បែរ​ជា​​របូត​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​នេះ​។​

​ទោះ​ជា​មាគ៌ា​សិល្បៈ​ដំបូង​របស់​ IU ឬ​ Lee Ji Eun មិន​រោយ​ដោយ​ស្រទាប់​ផ្កា​កុលាប​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​នាង​​គឺ​ជា​អាយដល​កូរ៉េ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ ​អាច​និយាយ​បាន​ថា​កេរ្តិ៍ឈ្មោះ​នាង​បាន​ឡើង​ដល់​ចំណុច​កំពូល​ឬ​ជា​តារា​ទោល​ដែល​មាន​ឥទ្ធិពល​ឈាន​មុខ​គេ​​​ផង​ដែរ​​។ តារា​ស្រី​ដែល​ជោគជ័យ​ទាំង​ការងារ​ ថែម​ទាំង​អាច​និយាយ​បាន​ថា​មាន​សំណាង​ក្នុង​រឿង​ស្នេហា​ព្រោះ​អាច​ក្ដោប​បេះដូង​ប្រុស​ស្អាត​បបូរមាត់​ព្រែក​ Lee Jong Suk ដែល​ជា​រាជបុត្រ​ក្នុង​ក្ដី​សុបិន​របស់​នារី​ជា​ច្រើន​រូប​​។

ជា​រឿយ​ៗ​ JYP ឬ​ Park Jin Young រមែង​រម្លឹក​ពី​ឈ្មោះ​របស់​ IU នៅក្នុង​បទ​សម្ភាសន៍​ជា​ច្រើន​នា​ពេល​កន្លង​មក​៖ «ទ្រូង​របស់​ខ្ញុំ​ស្ទើរ​តែ​ប្រេះ​ រាល់​ពេល​ដែល​ខ្ញុំ​ឃើញ​ IU» ការ​លើក​ឡើង​របស់​ម្ចាស់​ផលិតកម្ម​យក្ស​មួយ​របស់​កូរ៉េ​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​នៅ​តែ​សោកស្ដាយ​ដែល​ក្រុម​ការងារ​ក្នុង​ផលិត​កម្ម​មិន​ជ្រើសរើស​យក​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​គ្រាប់​នេះ​មក​កែ​ច្នៃ​។ JYP បាន​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គលិក​ដែល​ទទួល​ខុស​ត្រូវ​ការងារ​ Audition ​របស់​លោក​ ​នៅពេល​ដែល​លោក​ដឹង​ថា​ IU មិន​ជាប់​ក្នុង​ការ​ប្រកួត​ចម្រៀង​ក្នុង​​ផលិតកម្ម​ JYP។

IU គឺជា​តារា​មួយ​ដួង​ដែល​មាន​ទេពកោសល្យ​និង​សមត្ថភាព​ពហុ​ជំនាញ​អាច​ធ្វើ​បាន​ច្រើន​ទម្រង់​ មិន​ថា​ជា​ការ​ច្រៀង ការ​សម្ដែង ឬ​លេង​ឧបករណ៍​តន្ត្រី​នោះ​ឡើយ​ នាង​តែងតែ​ធ្វើ​បាន​យ៉ាង​ល្អ​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​ជា​និច្ច​។ អ្នក​គាំទ្រ​សង្ឃឹម​ថា​ IU និង​ Lee Jong Suk នឹង​ឆាប់​មាន​ដំណឹង​ល្អ​ ទោះ​ជា​ទើប​ចាប់​ផ្ដើម​ស្នេហា​ក្ដី​ ប៉ុន្តែ​មិត្តភាព​​របស់​អ្នក​ទាំង​ពីរ​ដែល​មាន​ចំពោះ​គ្នា​គឺ​មាន​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​៕

Share.