ភ្នំពេញ៖ ផ្អើលប្រជាពលរដ្ឋចោមរោមមើល ក្រោយប្រទះឃើញសពជនបរទេសម្នាក់អណ្តែតទឹកតាមដងទន្លេសាបនៅមុខវត្តឧណ្ណាលោម កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចច្រាំងទន្លេសាប សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២៣ មានជនបរទេសម្នាក់បានចុះទៅលេងទឹកនៅខាងមុខព្រះបរមរាជវាំងស្រាប់តែបានលង់លិចបាត់ លុះព្រឹកឡើងថ្ងៃទៅ០៦ ខែសីហា ទើបប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកទីតាំងកន្លែងការហេតុតែម្ដង។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី១ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះធ្វើកោសល្យវិច្ច័យ រួចដឹកសពយកទៅតម្កល់ទុកនៅវត្តទួល រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.