ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា មានមតិមួយចំនួនលើកទ្បើងពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងពាណិជ្ជកម្មលើថ្លៃ ទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាង ប្រទេសកម្ពុជា។  ជាការឆ្លើយតបទៅនឹងការរិះគន់ ក្រសួងកសិកម្ម បានបំភ្លឺសាធារណជន ៦ចំណុច ដូចខាងក្រោមនេះ៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមាន កំណត់ ក្នុង ច្បាប់ ហើយត្រូវយក ចិត្ត ទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និង ជួយ រកទីផ្សារលក់ផលិតផល។ ផ្អែកតាម គោល ការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្ម បានចរចា បើក ច្រក ទីផ្សារ ក្រៅ ប្រទេស ដោយ មិន ចាំបាច់ បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារ ឱ្យ មាន ការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និង ទំនិញ នានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះ ឡើយ។ ជាទូទៅ ការអនុវត្ត យន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និង អាស៊ានផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់ នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់ នីតិវិធីច្បាស់លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និង អនុក្រឹត្យ លេខ១៧ អនក្រ.បក ចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញ ជាប់ កម្រិត កំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណ អនុញ្ញាត ការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួង ពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាព នៃ សេចក្តីត្រូវ ការ ក្នុង ស្រុក ជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូល ក្នុងបរិមាណ ណាមួយ គឺជាសិទ្ធិសម្រេច របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និង វិធានការ ណាមួយសម្រាប់ គ្រប់ គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរ ក្នុង ទីផ្សារ កម្ពុជា នោះ ទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការ នៅលើ ទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែ ក្នុង ករណី មាន របាយការណ៍ ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញ នាំចូល ជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ ទាប ជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញ នាំចូលនោះត្រូវ បាន នាំចូល ដោយ មាន ការ កើន ទ្បើង ដោយ គំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្ត វិធានការ នានា រួមទាំង ការ កំហិតបរិមាណ និងដំឡើង ពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយ ផល ប៉ះពាល់ ជា អវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។

៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅ តាម បណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ ថ្លៃលក់ រាយ នៃ ប្រេង ឥន្ធនៈ នៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយ តម្លាភាព នូវ ការ ឡើង ចុះនៃ ថ្លៃនៃ ប្រេង ឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុង ទីផ្សារ អន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តា នានា ទាក់ ទង នឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជន ជ្រាបអំពី ថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុន ប្រេង ក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមាន ភារកិច្ច សហការ ជា មួយ អាជ្ញាធរថ្នាក់ក្រោម ជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ ចេញនូវវិធានការណាមួយ ដែលអាចជួយ សម្រួល ដល់លំហូរ ទំនិញ នៅក្នុង ស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរី តែប៉ុណ្ណោះ។

៦. ពាក់ព័ន្ធ នឹង សំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់ មុខ ទំនិញ យុទ្ធសាស្រ្ត ណាមួយនៅលើ ទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យ មាន កិច្ចប្រជុំពិភាក្សា ក្រោមក្របខ័ណ្ឌ គណៈ កម្មា ធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹង គោរពស្នើ សុំ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ៕

Share.