រូបចម្លាក់បុរាណសតវត្សរ៍ទី ១០ «ព្រះស្កន្ទគង់លើក្ងោក» កំពុងបញ្ជូនមកកាន់ប្រទេស​កម្ពុជាវិញ ដោយសារតែមានកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ការិយាល័យ​ស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និង​ក្រសួងវប្បធម៌កម្ពុជា។

នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញតាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួន នៅថ្ងៃទី២០ខែកក្កដឆ្នាំ២០២១។

ជាមួយគ្នានេះ ស្ថានទូតប្រទេសមហាអំណាចមួយនេះថា សហរដ្ឋអាមេរិក មានការ​ប្តេជ្ញាចិត្ត​ ក្នុងការ​បញ្ឈប់នូវ ការជួញដូរ ខុសច្បាប់នូវវត្ថុបុរាណនានា។

May be an image of 1 person and sculpture

ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា លោកជំទាវ ភឿង សកុណាមាន ប្រសាសន៍ថា រូបចម្លាក់ ដ៏ពិចិត្រ នេះត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រសាទ មួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីត រាជធានីនៃ អាណាចក្រ ខ្មែរនៅសតវត្សទី១០នៃ គ្រឹះសករាជ។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការ លួច ទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ ក្នុង សម័យសង្គ្រាមនិងអសន្តិសុខ។

បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌រូបចម្លាក់នេះ គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់ បុព្វបរុសខ្មែរយើង។ព្រះស្កន្ធ ទេពសង្គ្រាមនៃសាសនាហិណ្ឌូគឺកម្រមានឃើញនៅក្នុងគំរូសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទ ក្រចាប់។

លោកជំទាវថា ការវិលត្រឡប់មកវិញនៃរូបចម្លាក់បុរាណនេះ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការស្វែង រកនិងនាំយកមក វិញនូវព្រលឹងបុព្វបុរសយើងដែលបានចាកចេញពី មាតុភូមិកំណើតអស់រយៈពេលជា ច្រើនឆ្នាំកន្លងមកក្នុងអំឡុងសម័យសង្គ្រាម៕

Share.