ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាដែលផលិតដោយ​ម៉ាកយីហោក្នុងស្រុក វរ្ម័ន​ Varaman ឥឡូវ​នេះ​គឺមានដាក់តាំង&លក់នៅក្នុងហាង​ Premier Football (Suntec City) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប Suntec City ប្រទេស​សិង្ហបុរី​ ។ នេះ​ជាហាង​ក្រៅ​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​ជា​ដៃ​គូ​របស់​ វរ្ម័ន​ Varaman។ បងប្អូនដែលរស់នៅក្នុងប្រទេសសិង្ហបុរី​ អាច​រក​ទិញ​ឯក​សណ្ឋាន​ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​នៅទីតាំងនេះ។

រំលឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Varaman (វរ្ម័ន) បាន​ប្រកាស​ថា​ក្រុម​ជម្រើសជាតិ​កម្ពុជាទាំងក្រុមបាល់ទាត់បុរស និងនារី នឹងប្រើឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន)។ កិច្ចព្រមព្រៀងជាមួយ Varaman (វរ្ម័ន) ចាប់ផ្តើមជាផ្លូវការពីខែមិថុនាឆ្នាំ២០២២ រហូត​ដល់​ខែមិ​ថុនាឆ្នាំ២០២៦ សម្រាប់ការឧបត្ថម្ភគ្រប់ឯកសណ្ឋានការប្រកួតការហ្វឹកហាត់និង​ការ​ធ្វើ​ដំណើរ​ដែល​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការ។

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិត​ផល​ដែល​ផលិតដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។

ម៉ាក VARAMAN (វរ្ម័ន) គឺបានបំផុសគំនិតចេញពីព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែល​គួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏​រុងរឿងបំផុត​នៃប្រវត្តិ​សាស្ត្រ​ខ្មែរ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹតមួយ ដែលមាន​ន័យថាអាវក្រោះ ដែលអត្ថន័យនេះ ប្រៀបបានទៅ​នឹង​ឯក​សណ្ឋាន​ក្រុមជម្រើសជាតិកម្ពុជាយើងជាអាវក្រោះការពារ ក្នុងពេលប្រកួតជាមួយអន្តរជាតិ៕

Share.