កាន់​តែ​កៀក​​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ និង ​រក​ឃើញ​ម្ចាស់​មកុដ​ប្រចាំ​​ឆ្នាំ​២០២៣​ហើយ​ សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​កម្រិត​ពិភពលោក​ Miss Grand Cambodia ឆ្នាំ​២០២៣​។ ​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកួត​វគ្គ​បង្ហាញ​ម៉ូដ​ឈុត​ហែល​ទឹក​ Swimsuit ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​សីហា ​កន្លង​ទៅ ​អ្នក​ស្រី​ អ៊ឹម សុគន្ធា​ ND (National Director Miss Grand Cambodia) ​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​​ដោយ​សុទិដ្ឋិនិយម​អំពី​ការ​​​តស៊ូ​ព្យាយាម​​មិន​ខ្លាច​នឿយ​ហត់​របស់​បេក្ខនារី​ទាំង​អស់​ ដែល​ធ្វើ​ឱ្យអ្នក​​ស្រី​​អត់ទ្រាំ​មិន​​កោតសរសើរ​​មិន​បាន​។ ​ជាង​នោះ​ទៀត​​ ​អ្នក​ស្រី​​ថែម​​ទាំង​ទម្លាយ​ពី​ខ្ទង់​ចំណាយ​ដ៏​ច្រើន​មហាសាល​​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ផង​​គឺ​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​កន្លះ​លាន​ដុល្លារ​ឯណោះ​។

​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​នៅ​ក្នុង​រយៈ​ពេល​ជាង​៤​ខែ នៃ​ការ​សម្ងំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​បេក្ខនារី​ទាំង​២៥​រូប​មាន​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ​​​ដូច​ៗ​គ្នា​ ចំណែក​បើ​សួរ​ថា​មាន​បេក្ខនារី​រូប​ណា​នៅ​ក្នុង​ដួងចិត្ត​ហើយ​ឬនៅ​? អ្នក​ស្រី​បាន​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ គឺ​ត្រូវ​រង់ចាំ​តាម​ដាន​សមត្ថភាព​បេក្ខនារី​ទាំង​អស់​នៅ​វគ្គ​បន្ត​ទៀត​ដូច​ជា​វគ្គ​ បង្ហាញ​ឈុត​តំណាង​ជាតិ វគ្គ​ប្រកួត​បឋម​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​​

​គេ​សង្កេត​ឃើញ​ថា​សន្ទុះ​គាំទ្រ​និង​ពាក្យ​លើក​សរសើរ​បាន​លាន់​កង​រំពង​ទាំង​នៅ​មុខ​ឆាក​និង​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​វគ្គ​ប្រកួត​បង្ហាញ​ឈុត​ហែល​ទឹក​របស់​បេក្ខនារី​ទាំង​២៥ រាជធានី​-ខេត្ត បញ្ចប់​ទៅ​ដោយ​ជោគជ័យ​រហូត​អ្នក​ស្រី​ អ៊ឹម សុគន្ធា ​បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា​៖ «នាង​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ ដែល​បើក​ Facebook មក​ ឃើញ​បងប្អូន​ហ្វេនៗ​សរសើរ​បេក្ខនារី​ទាំង​២៥​រូប​មិន​ដាច់​ពី​មាត់​​ទាំង​ ស្អាត​ ឆ្លាត​ រឹងមាំ​ ក្លាហាន​ ទោះ​ជា​មិន​ទាន់​បាន​១០០​% តែ​នេះ​ជា​ការ​ចាប់​ផ្ដើម​ពី​ចំណុច​ ០»​។​

សូម​ជម្រាប​ជូន​ថា​នៅ​សល់​តែ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​រក​ឃើញ​ម្ចាស់​មកុដ​ប្រចាំ​២០២៣​ហើយ នៅ​ក្នុង​នោះ​នៅ​សល់​ចំនួន​៣​វគ្គ​ធំៗ​ទៀត​ដែល​បេក្ខនារី​ត្រូវ​ត្រៀម​ប្រកួត​រួម​មាន​វគ្គ​ ការ​ប្រយត​ឈុត​តំណាង​ជាតិ​ ថ្ងៃ​ទី​១៦ ខែ​សីហា​ ការ​ប្រកួត​វគ្គ​ប្រកួត​បឋម​ថ្ងៃ​ទី​១៨ ខែ​សីហា​ និង​ការ​ប្រកួត​​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ខាង​មុខ​នេះ​៕

Share.