សិល្បៈ​ជាតិ​៖ នៅ​ទី​បំផុត​តារាចម្រៀង​ ឱក​ សុគន្ធកញ្ញា​ កំពុង​មាន​ផ្ទៃពោះ​កូន​ទី​ ២​ សម​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​មែន​ ប៉ុន្តែ​មើល​ទៅ​សភាព​ពោះ​របស់​អ្នកនាង​នៅ​មិនទាន់​ខ្ទាត​ធំ​នៅ​ឡើយ​ទេ​។ យ៉ាងណាមិញ​ ដំណឹង​នេះ​ត្រូវ​បាន​តារាចម្រៀង​ស្រី​រូប​នេះ​ទម្លាយ​នូវ​វីដេអូ​ Vlog​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​។

តាមរយៈ​វីដេអូ​ Vlog​ របស់​អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ គេ​បាន​ឃើញ​ថា​ អ្នកនាង​ និង​ស្វាមី​ និង​កូន​ប្រុស​ បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ពោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Bumrungrad​ ប្រទេស​ថៃ​ និង​បាន​ឱ្យ​កូន​ប្រុស​អ្នកនាង​ អូន​តូច​ ឆលី​ ឱ្យ​ស្ដាប់​ពោះ​របស់​អ្នកនាង​ដែល​រាង​ប៉ោង​​​បន្តិច​នោះ​ ហើយ​កូន​ប្រុស​អ្នកនាង​បញ្ជាក់​ថា​ មាន​ Baby​ គឺ​ជា​កូន​ស្រី​។ តែ​យ៉ាងណាមិញ​ កូន​ទី​២​ ដែល​នៅ​ក្នុង​ផ្ទៃ​នោះ​ អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ នៅ​មិន​ទាន់​បាន​បញ្ជាក់​អំពី​ភេទ​នៅ​ឡើយ​ទេ​។

មែនទែន​ទៅ​ អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ ធ្លាប់​បាន​ព្លយ​ប្រាប់​អំពី​គម្រោង​យក​កូន​ទី​ ២ ​នេះ​ តាំង​ពី​អំឡុង​ពេល​ដែល​អ្នកនាង​ធ្វើ​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian​ Idol​ រដូវ​កាល​ទី​ ៤​ ដោយ​អ្នកនាង​អះអាង​ថា​ នេះ​គឺ​ជា​ពេល​វេលា​ចុងក្រោយ​ហើយ​ដែល​អ្នកនាង​អង្គុយ​លើ​កៅអី​គណៈកម្មការ​ Cambodian ​Idol​ ព្រោះ​អ្នកនាង​អាច​នឹង​ដក​ឃ្លា​មួយ​រយៈ​ពេល​សិន​។

យ៉ាងណាមិញ​ ដោយសារ​តែ​ពោះ​នៅ​មិន​ទាន់​ខ្ទាត​ធំ​នៅ​ឡើយ​ ទើប​គេ​មើល​ឃើញ​ថា​ អ្នកនាង​ ឱក ​សុគន្ធកញ្ញា​ សព្វ​ថ្ងៃ​នេះ​នៅ​បន្ត​ប្រឹងប្រែង​លើ​ការងារ​សិល្បៈ​ជា​ធម្មតា​ តាមរយៈ​ការ​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្នុង​កម្មវិធី​ប្រឡង​ The​ Voice​ Cambodia​ រដូវ​កាល​ទី​៣​ ជា​ដើម​។ បើ​តាម​ការ​ព្យាករណ៍​របស់​ហ្វេន​អ្នកគាំទ្រ​ឱ្យ​ដឹង​ថា​ អ្នកនាង​ ឱក​ សុគន្ធ​កញ្ញា​ នឹង​មិន​ប្រលែង​ការងារ​កណ្ដាល​ទី​នោះ​ទេ​ បាន​ន័យ​ថា​ អ្នកនាង​នៅ​តែ​ធ្វើ​ជា​ Coach​ បង្ហាត់​កូន​ក្រុម​ទាំង​ច្រៀង​ និង​រាំ​ រហូត​ដល់​ថ្ងៃ​កៀក​សម្រាល​កូន​ទី​២​ ទើប​អ្នកនាង​ផ្អាក​ពី​សិល្បៈ​ ដូច​ការ​បង្កើត​កូន​ទី១​ដែរ​។ អ្នកគាំទ្រ​កំពុង​រង់​ចាំ​អ៊ុត​មើល​ថា​ កូន​ទី​២​ដែល​នៅ​ក្នុង​ផ្ទៃ​អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ គឺជា​កូន​ប្រុស​ ឬ​កូន​ស្រី​?​

គួរ​រំលឹក​ដែរ​ថា​ តារា​ចម្រៀង​ ឱក​ សុគន្ធកញ្ញា​ បាន​រៀបការ​ជាមួយ​លោក​ អ៊ឹង​ សុខលី​ កាល​ពី​ថ្ងៃទី​១៦​ ឧសភា ​ឆ្នាំ​២០១៩ ​ដែល​ពេល​នេះ​អ្នក​ទាំងពីរ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ អ៊ឹង​ បញ្ញាបុត្រ​ ហៅ​ឆលី​ ដែល​មាន​អាយុ​ជាង​៤​ឆ្នាំ​ហើយ​៕​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.