តម្លៃប្រេងត្រូវបានមើលឃើញថាមានការកើនឡើង ចំពេលមានការប្រែប្រួលតម្លៃបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់អស់រយៈពេលជាច្រើនខែ ស្របពេលដែលមានការសង្ស័យលើតម្រូវការនៅក្នុងប្រទេសចិន និងអាមេរិកដែលជាអ្នកប្រើប្រាស់ប្រេងធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

ប្រេងឆៅអន្តរជាតិ Brent បានជួញដូរនៅតម្លៃ ៨៧.៦៩ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១០:០៤នាទីព្រឹក ម៉ោងក្នុងស្រុក ដែលជាការកើនឡើង ០.១៦% បើប្រៀបធៀបពីតម្លៃដែលដាក់លក់កាលពីថ្ងៃពុធ ៨៧.៥៥ដុល្លារក្នុងមួយបារ៉ែល។

ចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានជួញដូរក្នុងពេលតែមួយជាមួយប្រេងឆៅ Brent គឺនៅតម្លៃ ៨៤.៤៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ០.០៩% ខណៈតម្លៃលក់កាលពីថ្ងៃពុធ ៨៤.៤០ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ កាលពីថ្ងៃពុធ។

តម្លៃប្រេងឆៅម៉ាក Brent បានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៧ ខែមករា ជាមួយនឹងការរឹតបន្តឹងការផ្គត់ផ្គង់ជាសកល ខណៈដែលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានដាក់កម្រិតទិន្នផល និងការរឹតបន្តឹងការនាំចេញរហូតដល់ខែកញ្ញា ជាមួយនឹងលទ្ធភាពនៃការកាត់បន្ថយបន្ថែមទៀតនាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យដឹងកាលពីថ្ងៃពុធ ដោយបានបង្ហាញថា ស្តុកប្រេងឆៅពាណិជ្ជកម្មក្នុងប្រទេសបានកើនឡើងចំនួន ៥.៩លានបារ៉ែល ស្របពេលតម្រូវការប្រើប្រាស់ក៏ហក់ឡើងខ្ពស់ ក្នុងអំឡុងសប្តាហ៍មុននៅថ្ងៃទី៤ ខែសីហា ដោយបានបន្ធូរបន្ថយការកើនឡើងតម្លៃក្នុងអំឡុងពេលពាណិជ្ជកម្មនៅអាស៊ីដំបូង។

ទិន្នន័យធ្លាក់ចុះនៅក្នុងប្រទេសដែលប្រើប្រាស់ប្រេងកំពូលរបស់ពិភពលោកបាន ឆ្លុះបញ្ចាំងពីតម្រូវការទន់ខ្សោយ បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃឥណទានពិភពលោក Moody’s បានបន្ទាបចំណាត់ថ្នាក់ធនាគារអាមេរិកខ្នាតតូច និងមធ្យមមួយចំនួន ហើយស្ថាប័នបន្ថែមអាចនឹងត្រូវបានទម្លាក់ចំណាត់ថ្នាក់ផងដែរ។

ឥឡូវនេះ វិនិយោគិនកំពុងស្វែងរកទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកសម្រាប់ខែកក្កដា ដល់កំណត់នៅថ្ងៃព្រហស្បតិ៍ ដែលនឹងផ្តល់នូវការមើលឃើញនៃការសម្រេចចិត្តរូបិយវត្ថុបន្ទាប់របស់ធនាគារកណ្តាលអាមេរិកលើអត្រាការប្រាក់។

ភាពមិនច្បាស់លាស់ជុំវិញការងើបឡើងវិញក្រោយជំងឺរាតត្បាតរបស់ប្រទេសចិន ក៏កំពុងបន្ថែមការទាមទារបញ្ហា និងដាក់សម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃនានា។

ស្របពេលជាមួយគ្នា ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន​ក៏​បាន​ធ្លាក់​ចុះ ១៨,៨% ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ក្នុង​ខែ​កក្កដា មក​នៅ​ប្រហែល ១០,២៩លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ (bpd)។

ប្រទេសនេះបានបង្ហោះទិន្នន័យធ្លាក់ចុះនៅប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយសន្ទស្សន៍តម្លៃអ្នកផលិត (PPI) និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ធ្លាក់ចុះលើសពីការរំពឹងទុក និងបង្កើនការព្រួយបារម្ភអំពីបរិត្តផរណា។

សូមជម្រាបថា បើទោះបីជាតម្លៃប្រេងអន្តរជាតិកំពុងតែមានការប្រែប្រួលតម្លៃ ឬ មានការហក់ឡើងយ៉ាងណានោះ ក៏មិនទាន់មានការបញ្ជាក់ថា អាចប៉ះពាល់ដល់ប្រទេសនៅតំបន់អាស៊ីដែរ ខណៈប្រេងសាំងធម្មតានៅកម្ពុជា មានតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុង ១លីត្រ៕

ប្រភព៖ Anadolu

Share.