ក្រុម​បាល់ទាត់​ព្រៃវែងអែហ្វស៊ី និង​ក្រុមបាល់ទាត់​វិសាខា សុទ្ធ​តែ​រក​បាន​ជ័យជម្នះ​រៀងៗខ្លួន​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០២៣ ​ក្នុង​សប្ដាហ៍​ទី២​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 នេះ។

ISI (ខៀវ) ទល់ ព្រៃវែងអែហ្វស៊ី (ស)

ក្រុម​ព្រៃវែងអែហ្វស៊ី បាន​តាម​ទាន់​កំណត់ត្រា​​របស់​ណាហ្គាវើល កាល​ពី​សប្ដាហ៍​ទី១​កន្លង​ទៅ​​ ជា​ក្រុម​ដែល​រក​បាន​ជ័យជម្នះ​លើ​គូ​ប្រកួត ដោយ​ទាត់​បញ្ជូល​ទី​ច្រើន​គ្រាប់ ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ ISI ដង្កោសែនជ័យ ដោយ​លទ្ធផល ៥-០ លើ​ទីលាន​កីឡដ្ឋាន AIA Stadium។

ណាហ្គាវើល សប្ដាហ៍​មុន​យក​ឈ្នះ​ក្រុម​ព្រៃវែងអែហ្វស៊ី ៥ទល់៤។ ប៉ុន្តែ​​ថ្ងៃ​នេះ​ព្រៃវែង យក​ឈ្នះ​គូ​ប្រកួត​៥គ្រាប់​ដែរ ថែម​ទាំង​រក្សា​មិន​ឱ្យ​គូ​ប្រកួត​តបត​បាន (Clean Sheets)។

៥គ្រាប់​របស់​ក្រុម​មក​ពី​ភាគ​ខាង​កើត​ប្រទេស​មួយ​នេះ រក​បាន​ដោយ​កីឡាករ ផាន សុផេន ចំនួន​២គ្រាប់ កីឡាករ​ជប៉ុន TAKESHITA MASATOSHI ចំនួន​២គ្រាប់ និង​ប្រធាន​ក្រុម​ជនជាតិ​ជប៉ុន SO OMAE១គ្រាប់។ លោក ឡុង ឬទ្ធា បាន​​ជួយ​ឱ្យ​ក្រុម​ខ្លួន​ជាប់​ជា​ក្រុម​ទី៦ ដែល​រក​បាន​​ពិន្ទុ នៅ​ដើម​រដូវកាល​នេះ ខណៈ​៤​ក្រុម​ក្នុង​ចំណោម​១០ ជា​សមាជិក CPL នៅ​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ឡើយ។

ណាហ្គាវើល (ខៀវ) ទល់ វិសាខា (ស)

ចំណែក​ការ​ប្រកួត​មួយ​​គូ​ទៀត​នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ នោះ​គឺ​ក្រុម​ជើង​ឯក​រង​ឆ្នាំ​ចាស់ វិសាខា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ណាហ្គាវើល ដោយ​លទ្ធផល​៤-១។ ៤គ្រាប់​នេះ​បាន​រុញ​ឱ្យ​វិសាខា ឈរ​កំពូល​តារាង​បណ្តោះអាសន្ន មាន​៦ពិន្ទុ និង​គ្រាប់​បាល់​ច្រើន​ជាង​ព្រះខ័នរាជស្វាយរៀង ដោយ​រង់ចាំ​មើល​លទ្ធផល​នៃ​ការប្រកួត​២គូ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ជា​បន្ត។

​៤គ្រាប់​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​កីឡាករ​ប្រេស៊ីល Jonata De Oliveira Bastos, ស៊ិន កក្កដា, ស៊ិន សុផាណាត់ ម្នាក់​១គ្រាប់ និង​១គ្រាប់​ទៀត​ជា​ការ​ធ្វើ​អោយ​ចូលទី​ខ្លួន​ឯង​ដោយ​អចេតនា របស់​កីឡាករ Bektur Amangeldiev ជនជាតិ​កៀគីស្ថាន ក្រុម​ណាហ្គាវើល។ ចំណែក​១គ្រាប់​វាយ​បក​របស់​ណាហ្គាវើល រក​បាន​ដោយ​កីឡាករ Bektur Amangeldiev។

ដូច្នេះ​លទ្ធផល​នៃ​ការប្រកួត​សប្ដាហ៍​ទី២ នេះ​មាន៖
– ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
– ISI ដង្កោសែនជ័យ ០-៥ ព្រៃវែងអែហ្វស៊ី
– ណាហ្គាវើល ១-៤ វិសាខា
ចំណែក​កម្មវិធី​ប្រកួត​ថ្ងៃ​អាទិត្យ ទី១៣ ខែ​សីហា ឆ្នាំ​២០២៣ មាន៖
-បឹងកេត Vsអង្គរថាយហ្គឺរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ
-គិរីវង់សុខសែនជ័យVsកងយោធពលខេមរភូមិន្ទ នៅ​កីឡដ្ឋាន​គីរីវង់

Share.