សិល្បៈ​ជាតិ​៖ ​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​និង​ផ្ទុះ​ការ​ចែក​រំលែក​​​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ ​ដោយ​សារ​តែ​មាន​កុមារ​អូទីស្សឹម​មួយ​រូប​​អាច​ច្រៀង​បទ​ចម្រៀង​២​បទ​របស់​កំពូល​តារា​ចម្រៀង​ ម៉ាន់ វណ្ណដា​ ​ មិន​តែ​ប៉ុណ្ណោះ​ សាមី​ខ្លួន​ វណ្ណដា ថែម​ទាំង​រលីងរលោង​ទឹក​ភ្នែក​ដោយ​សារ​តែ​រំភើប​ពេក​​​ផង​ដែរ​។

ថ្មីៗ​នេះ​លោក ម៉ាន់ វណ្ណដា តារា​ចម្រៀង​​​យុវវ័យ​បែប​ HipHop ​ដ៏ពេញ​និយម​ ​ បាន​ចូលរួម​ក្នុង​យុទ្ធនាការ «ដំណើរ​ពី​បេះដូង​» ឬ «Journey From Heart»ដែល​ជា​កម្មវិធី​ចែក​រំលែក​ក្ដី​ស្រលាញ់​ និង​រួម​ចំណែក​ជួយ​ដល់​កុមារ​អូទីស្សឹម​នៅ​កម្ពុជា​ ដើម្បី​ប្រមូល​ផ្ដុំ​ថវិការ​ជួយ​ដល់​ការ​សាងសង់​អគារ​សិក្សា​បន្ថែម​សម្រាប់​កុមារ​អូទីស្សឹម។ នៅ​ក្នុង​ឱកាស​នោះ កុមារាអូទីស្សឹម​មួយ​រូប​បាន​បញ្ចេញ​សមត្ថភាព​ដោយ​អាច​ច្រៀង​ចម្រៀង​២​បទ​របស់​វណ្ណដា គឺ​បទ​ «Solo Again» និង​បទ «កំលោះ​ស្រុក​ស្រែ» នៅ​ចំពោះ​មុខ​តារា​ចម្រៀង​ដែល​ជា​អាយដល​របស់​ខ្លួន​ផង​ដែរ។

យោង​តាម​ការ​លើក​ឡើង​របស់​លោក​ ចាន់ សារិន នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ​ បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពីពេល​ថ្មីៗ​នេះ​ ឆ្លើយ​តប​ទៅ​មនុស្ស​មួយ​ភាគ​តូច​ដែល​បាន​រិះគន់​ចំពោះ​កូន​សិស្ស​របស់​លោក​ថា​ច្រៀង​វ៉ល់​ៗ​ស្ដាប់​មិន​បាន​ថា៖ «ផ្ទុះ​ក្នុង​បណ្តាញ​សង្គម​ ​តិកតុក​ថ្មី​ៗ​នេះ​ ដោយ​មាន​សិស្ស​អូទីស្សឹម​របស់​ខ្ញុំ​ម្នាក់​បាន​ខំ​ច្រៀង​ចម្រៀង​អាដល​របស់​គាត់​២​បទ​ ដោយ​មាន​សំឡេង​​គាំទ្រ​៩០%​ ពី​មហាជន​គ្រប់​ស្រទាប់​យុវវ័យ​ ​តែ​បែ​ជា​មាន​ ១០% ​បាន​ជា​រិះគន់​ទៅ​វិញ​ថា​ កុមារ​អូទីស្សឹម​ម្នាក់​នេះ​ ​ច្រៀង​ស្តាប់​មិន​បាន​ វ៉ល់ៗ ​។​ កូន​សិស្ស​របស់​ខ្ញុំ​​ម្នាក់​បាន​ច្រៀង​ចម្រៀង​២​បទ​របស់​លោក​ ​វណ្ណដា ​ជា​អាដល​របស់​គាត់​ ​គឺ​បទ​ Solo Again​ និង​បទ​កំលោះ​ស្រុក​ស្រែ​ ​ខណៈ​ដែល​ ​ម្ចាស់​បទ​នេះ​គឺ​ ​លោក ម៉ាន់ វណ្ណដា​ បាន​មក​ជួប​ពួក​គេ​ដោយ​ផ្ទាល់​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​តែ​ម្តង​ ​ដោយ​លោក​ វណ្ណដា ​មាន​ក្តី​រំភើប​ ​លាយឡំ ​និង​ទឹកភ្នែក​រលីងរលោង​ដោយ​លោក​មិន​នឹក​ស្មាន​ថា​ កុមារ​អូទីស្សឹម​ម្នាក់​នេះ ​អាច​ច្រៀង​ចម្រៀង​គាត់​បាន​។​ ​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ កុមារ​អូទីស្សឹម​មាន​ចំនុច​ពិសេស​មួយ​ដែល​អ្នក​ផ្សេង​ ​ពិបាក​នឹង​ធ្វើ​បាន​ ​ពិសេស​ត្រង់​ថា​ បើ​គាត់​ពូកែ​អ្វី​មួយ​ហើយ​ ​គឺ​ច្បាស់លាស់​បំផុត​ ​ចំពោះ​ប្អូន​ដែល​បាន​រិៈគន់​ ខ្ញុំ​មិន​បន្ទោស​ទេ ​មក​ពី​ប្អូន​មិន​យល់​ ​តែ​សូម​ប្អូន​រៀន​ស្វែង​ពី​មនុស្ស​ដែល​មាន​អូទីស្សឹម​ឡើង​វិញ​ សូម្បី​តែ​អំពូលភ្លើង​ដែល​យើង​កំពុង​ប្រើ​បច្ចុប្បន្ន​ ក៏​ជា​ស្នាដៃ​មនុស្ស​អូទីស្សឹម​ជា​អ្នក​រក​ឃើញ​មុន​គេ​ដែរ​ ​បើ​គ្មាន​ពួក​គាត់​ទេ ​ពិភពលោក​មក​ទល់​និង​ពេល​នេះ​ ប្រហែល​នៅ​តែ​ប្រើ​ចង្គៀង​ប្រេង​កាត​នៅ​ឡើយ​ទេ​ ​។ ​សូម​ចូលរួម​ចែក​រំលែក​ក្តី​ស្រឡាញ់​​ពេញ​បេះដូង​ និង​ចងចាំ​ស្នាម​ញញឹម​របស់​កុមារ​អូទីស្សឹម​ទាំងអស់​នេះ​ជាមួយ​យើង​ទាំងអស់​គ្នា​នៅ​ពេល​អ្នក​សម្រាក​ពី​ការងារ​ ​ហើយ​ខ្ញុំ​ជឿ​ថា​ អ្នក​និង​មាន​សេចក្តី​សុខ​ក្នុង​ចិត្ត​ ​ពេល​ឃើញ​ពួកគេ​ញញឹម​មក​រក​អ្នក​នៅ​វេលា​នោះ ​។​ ដោយ​សេចក្តី​ស្រលាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត​ ​ចាន់ សារិន ​នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​»

កម្មវិធី ​«ដំណើរ​ពី​បេះដូង​»​ ឬ​ ​«Journey From Heart» ​គឺ​​ជា​ផ្នែក​មួយ​ជួយ​លើក​កម្ពស់​ឱ្យ​សាធារណជន​ ​ងាក​មក​ចាប់​អារម្មណ៍​ពី​កុមារ​អូទីស្សឹម ​ព្រោះ​ពួក​គេ​ទាំង​អស់​​ក៏​ត្រូវ​ការ​ក្ដី​ស្រលាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​មនុស្ស​គ្រប់​គ្នា​ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​៕ ​

Share.