សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួនមនុស្ស៥នាក់ ក្រោយពីលួចដែលស្ពានបាឡេដែលគេរៀបទុកជាច្រើនលើកនៅភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីមានពាក្យបណ្តឹងពីឈ្មោះ លឹម សាម៉េត ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិក្រាំងវិច ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការដាក់ពាក្យបណ្តឹងរបស់ជនរងគ្រោះធ្វើឡើងបន្ទាប់ពីបានបាត់ដែកសាងសង់ស្ពានបាឡេអស់ជាច្រើនរួមមាន៖

-ដែកបង្កាន់ដៃស្ពានចំនួន ៣៣សន្លឹក

-ដែកកម្រាល ចំនួន ៦២សន្លឹក។

-ដែកធ្នឹម ចំនួន ២៤ដើម។

បើតាមសមត្ថកិច្ចជនសង្ស័យនៅក្នុងករណីនេះរួមមាន ០៧នាក់ ។ សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់ខណៈ២នាក់ទៀតបានរត់គេចខ្លួនបាត់។ជនសង្ស័យទាំងនោះរួមមាន៖

១.ឈ្មោះ អ៊ុក សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី ១២.០៨.២០២៣ វេលាម៉ោង ១៦:០០នាទី) តេស្តទឹកនោមរកសារធាតុញៀនអវិជ្ជមាន(-) ។

២.ឈ្មោះ លាង លី ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរទិញអែតចាយ មានទីលំ

នៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង ១៦:០០នាទី) តេស្តទឹកនោមរកសារធាតុញៀនអវិជ្ជមាន (-)  ។

៣.ឈ្មោះ ផាត ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រុំមន្នី ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង១៦:០០នាទី ) តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+) ។

៤.ឈ្មោះ កែវ ចំរិត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង១៧:០០នាទី) តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-) ។

៥.ឈ្មោះ បាន រតនា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង១៧:០០នាទី) តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-) ។

៦.ឈ្មោះ ឈាង  អ៊ាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃដើមថ្លឹង ឃុំព្រៃដើមថ្លឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (រត់គេចខ្លួន)។

៧.ឈ្មោះ មួង សាម៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រុំមន្នី ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (រត់គេចខ្លួន)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបង្ហាញថា នៅថ្ងៃទី២៧.០៧.២០២២ ក្រុមកងវិស្វកម្មស្ថាបនាស្ពានលេខ៧១៥ ចំណុះអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានមកធ្វើការសាងសង់ស្ពានថ្មចំនួន០២កន្លែង នៅចំណុចក្លោង ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅមុនពេលសាងសង់ស្ពានថ្ម ក្រុមស្ថាបនាស្ពានលេខ១៥នេះ បានរុះរើស្ពានដែកបាឡេចំនួន០២ យកទៅគរទុកនៅទីតាំងឡឥដ្ឋគេទុកចោល នៅកែងផ្លូវចេញពីផ្លូវជាតិលេខ៨ ឆ្ពោះទៅឃុំរកាជន្លឹង ដោយឲ្យឈ្មោះ អ៊ុក សុភ័ក្រ មុខងារជាគ្រូបង្គោល ក្នុងក្រុមស្ថាបនាស្ពានលេខ៧១៥នេះ នៅចាំយាមដែកទាំងអស់នោះ មានដែកបង្កាន់ដៃស្ពាន ចំនួន១៣០សន្លឹក ដែកកម្រាលលើស្ពានចំនួន១៣៦សន្លឹក និងដែកធ្នឹមចំនួន ៧០ដើម ក្នុង ០១សន្លឹក ឬ ០១ដើម មានទម្ងន់២៥០គីឡូក្រាម ក្រោយមកឈ្មោះ អ៊ុក សុភ័ក្រ បានហៅឈ្មោះ ផាត ភឿន និងឈ្មោះ មួង សាម៉េត ឲ្យមកជួយយាមមើលដែកដែរ ក្រោមមកឈ្មោះ ឈាង អ៊ាង   ជាមិត្តភ័ក្តិឈ្មោះ ផាត ភឿន បានមកលេងហើយស្នាក់នៅជាមួយគ្នានោះដែរ ក្រោយទៀតឈ្មោះ អ៊ុក សុភ័ក្រ ឈ្មោះ ផាត ភឿន ឈ្មោះ មួង សាម៉េត  និងឈ្មោះ ឈាង អ៊ាង បានធ្វើសកម្មភាពលួចយកដែកនោះ ជាច្រើនលើក ចុងក្រោយនៅថ្ងៃទី១១.០៨.២០២៣ វេលាម៉ោង ០៤:០០នាទីទៀបភ្លឺ អស់ដែកបង្កាន់ដៃស្ពានចំនួន ៣៣សន្លឹក ដែកកម្រាល ចំនួន ៦២សន្លឹក និងដែកធ្នឹម ចំនួន ២៤ដើម យកទៅលក់ឲ្យឈ្មោះ លាង លី នៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ដោយយករ៉ឺម៉កម៉ូតូមកដឹក និងយកទៅលក់ឲ្យឈ្មោះ កែវ ចំរិត នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ បានបើកឡានស្ទួចមកយកដែក លក់ទៅឲ្យឈ្មោះ បាន រតនា នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ហើយឈ្មោះ បាន រតនា បានលក់ឲ្យមនុស្សមិនស្គាល់ ដែលបានបើករថយន្តមកទិញដល់ផ្ទះរបស់ឈ្មោះ បាន រតនា តែម្តង។

លុះដល់ថ្ងៃទី១១.០៨.២០២៣ វេលាម៉ោង ០៧:៣០នាទី ក្រុមការងាររបស់ក្រសួងសាធារណៈការ បានមកត្រួតពិនិត្យមើលស្ពានថ្មីទើបសាងសង់រួច និងទៅត្រួតពិនិត្យមើលដែកស្ពានបាឡេ ដែលទុកនោះក៏ដឹងថាមានការបាត់បង់។ លុះដល់ថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង០៧:៣០នាទី ឈ្មោះ លឹមសាម៉េត តំណាងឲ្យក្រុមស្ថានាស្ពានលេខ៧១៥ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាជន្លឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាជន្លឹង សហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះស្រាវជ្រាវកសាងសំណុំរឿងឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុក សុភ័ក្រ ឈ្មោះ ផាត ភឿន ឈ្មោះ លាង លី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុក សុភ័ក្រ ឈ្មោះ ផាត ភឿន និងឈ្មោះ លាង លី បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចដែកស្ពានបាឡេ និងលក់បន្តឲ្យទៅឈ្មោះ បាន រតនា ឈ្មោះ កែវ ចំរិត ពិតប្រាកដមែនចំណែកឈ្មោះ ឈាង អ៊ាង និងឈ្មោះ មួង សាម៉េត រត់គេចខ្លួនបាត់ សមត្ថកិច្ចបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.