ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិក​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 នឹង​សាងសង់​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ក្នុង​ក្រុង​សៀមរាប ខណៈ​តាម​ផែនការ​ការ​សាងសង់​នេះ​នឹង​ប្រើ​ពេល​ប្រមាណ​១០ខែ។

ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ និង ក្រុមហ៊ុន​សាងសង់ Fuxin Steel Buildings បាន​ធ្វើការ​ចុះ​ហត្ថលេខា​អនុស្សរណៈ​នៃ ការ​សាងសង់​កីឡដ្ឋាន​ថ្មី នៅ​ព្រឹក​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្រោម​វត្តមាន លោក កាំង សេន នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន Fuxin Steel Buildings លោក Satoshi Saito នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ និង លោក Akihiro Kato ប្រធាន​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និង​ភ្ញៀវ​កិត្តិយស ក្នុង​រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​នេះ​តំណាង​ក្រុមហ៊ុន​សាងសង់​​បញ្ជាក់​ថា ជំហាន​ដំបូង​កីឡដ្ឋាន​នេះ​​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​​ប្រមាណ​៥០០០នាក់ ដោយ​ចាប់​ផ្ដើម​សាងសង់​ពី​ខែ​តុលា ឆ្នាំ​២០២៣ និង​គ្រោង​រួចរាល់​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ ខាង​មុខ។

សូម​បញ្ជាក់​ថា​​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Fuxin Steel Buildings លោក កាំង សេន ​​ក៏​ជា​ប្រធាន​ក្លិប​ ISI ដង្កោសែនជ័យ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ផងដែរ ដោយ​ក្លិប​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង មួយ​នេះ បាន​ចុះ​បញ្ជី​​​លោក​ជា​កីឡាករ​​ក្នុង​ក្រុម​ទៀត​ផង ខណៈ​លោក​ជា​កីឡាករ​មាន​វ័យ​ចំណាស់​ជាង​គេ​បើ​ធៀប​ទៅ​នឹង​កីឡាករ​​ផ្សេង​ទៀត​​ទាំង​១០​ក្រុម ដែល​កំពុង​ប្រកប​អាជីព​នៅ​រដូវកាល​នេះ។

ក្រុមអង្គរថាយហ្គឺរ កាលប្រកួតក្របខ័ណ្ឌក១ ជាមួយ​ក្រុមធនាគារស្រូវ

សម្រាប់​ក្រុម​អង្គរថាយហ្គឺរ ជា​ក្រុម​បង្កើត​ឡើង​ដំបូង​ដោយ​អ្នក​វិនិយោគទុន​ជប៉ុន នៅ​ចន្លោះ​ឆ្នាំ​២០១២ ខណៈ​នៅ​ឆ្នាំ​២០១៣ ក្រុម​នេះ​ដណ្តើម​បាន​សិទ្ធិ​ពី​ក្របខ័ណ្ឌ​ក១ (ជំនាន់​នោះ​មិន​ទាន់​មាន​លីគ​ទី២ នៅ​ឡើយ​ទេ) ឡើង​មក​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៤ រហូត​ដល់​បច្ចុប្បន្ន។ បង្កើត​ឡើង​ដំបូង​ក្លិប​នេះ​មាន​ឈ្មោះ​ជា TriAsia Phnom Penh ហើយ​ក្រោយ​មក​ក៏​ប្តួរ​ជា Cambodia Tiger និង​ចុងក្រោយ​​នេះ​ឈ្មោះ ​អង្គរថាយហ្គឺរ។

នៅ​ឆ្នាំ​២០១៧ ក្រុម​អង្គរថាយហ្គឺរ បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​ឈរ​ជើង​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ដោយ​ដំបូង​ឡើយ​ប្រើប្រាស់​កីឡដ្ឋាន​ស្វាយធំ ឬ កីឡដ្ឋាន​ខេត្ត និង​ប្តួរ​មក​ប្រើប្រាស់​កីឡដ្ឋាន​ហនុមាន វិញ​ក្រោយ​កីឡដ្ឋាន​នេះ​សាងសង់​រួចរាល់ មក​ទល់​បច្ចុប្បន្ន៕

Share.