សិល្បៈ​ជាតិ​៖ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​មែន​ទែន​ បន្ទាប់​ពី​សម្ងំ​រក​ស៊ី​ស្ងាត់ៗ​បាន​មួយរយៈ​ ស្រាប់​តែ​សិល្បការិនី​ពហុជំនាញ​ ខាត់​ សុឃីម ​ចេញ​មក​សម្ញែង​ទ្រព្យ​ចុង​ក្រោយ​ឱ្យ​បាន​មហាជន​បាន​ឃើញ​ នោះ​គឺ​រថយន្ត​ LeXus​ សេរី​ចុង​ក្រោយ​ដែល​មាន​តម្លៃ​ជិត​ ៣០​ ម៉ឺន​ដុល្លារ​ដែល​តម្លៃ​នេះ​គេ​អាច​ទិញ​បាន​វីឡា​ប្រណីតបាន​មួយកន្លែង​​។ នេះ​សបញ្ជាក់​ថា​ ការងារ​រក​ស៊ី​ផ្ទាល់​ខ្លួន​របស់​អ្នកនាង​ទាំង​ផ្នែក​លក់​ផលិតផល​ថែរក្សា​សម្រស់​ ការលក់​អចលនទ្រព្យ​ និង​អាជីពសិល្បៈ​ផ្នែក​តន្ត្រី​បុរាណ​សម័យ​ កំពុង​តែ​រើប​មាន​យីអ៊ុនឡើង​​ខ្ពស់​ត្រដែត​។

បើ​គេ​ចាំ​មិន​ខុស​ទេ​នេះ​ កាលពី​អំឡុង​ឆ្នាំ​ ២០២០ ​អ្នកនាង​ ខាត់​ សុឃីម​ បាន​បង់​ខាត​ទ្រព្យ​ជិត​ ១​លាន​ដុល្លារ​ដែល​ឧកញ៉ា​មួយ​រូប​បោក​យក​ទៅ​អស់​ដើម្បី​បោះទុន​វិនិយោគ​អចលនទ្រព្យ​ និង​បណ្ដាក់​ភាគ​ហ៊ុន​ តែ​ចុង​ក្រោយ​គ្មាន​ទាមទារ​មក​វិញ​បាន​សូម្បី​តែ​មួយ​ ១កាក់​មួយ​សេន​ ដោយ​ឧកញ៉ា​រូប​នេះ​និង​បក្សពួក​មួយ​ចំនួន​កំពុង​ជាប់​ក្នុង​ការ​ឃុំឃាំង​។ នៅ​គ្រា​នោះ​ សារព័ត៌មាន​ក្នុង​ស្រុក​បាន​​ផ្សព្វផ្សាយ​ថា​ អ្នកនាង​លក់​ផ្ទះ​ជា​ច្រើន​ល្វែង​ និង​លក់​លៃ​ឡុង​ហាង​សម្អាងការ​ គ្រឿងសម្អាងការ​ ដែល​អ្នក​នាង​ខំ​ក​វែក​ក​ឆ្នាំង​មក​រាប់​សិន​ឆ្នាំ​មក​ហើយ​ ដើម្បី​ប្រមែប្រមូល​លុយ​មក​បង់​ខាត​ក្នុង​បោះទុន​វិនិយោគ​នេះ​។ ណា​មួយ​ទៀត​គ្រា​នោះ​ស្ថានភាព​ប្រទេស​ក៏​ត្រូវ​ប្រឈម​ជាមួយ​ការ​អុកឡុក​ពី​ជំងឺកូវីដ​ ដែល​ធ្វើ​ក្រុមហ៊ុន​ និង​អ្នក​រកស៊ី​មួយ​ចំនួន​ ត្រូវ​បិទទ្វារ​បង់ខាត​ទុន​មិន​តិច​ទេ​។

ដោយឡែក​ នៅពេល​ដែល​ប្រទេស​ជាតិ​បាន​ធូរស្បើយ​ខ្លះ​ពី​ស្ថានភាព​ជំងឺ​កូវីដ​ គេ​ស្រាប់​តែ​ឃើញ​អ្នកនាង​ ខាត់​ សុឃីម​ បង្ហាញ​ជំហ​ថ្មី​ពី​បាត​ដៃ​ទទេ​មក​វិញ​ក្នុង​ការ​រក​ស៊ី​លក់​ផលិតផល​ថែរក្សា​សម្រស់​។ មហាជន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ស្ញើច​សរសើរ​អ្នក​នាង​ខាត់​ សុឃីម ​ថា​ពិត​ជា​រក្សា​ជំហរ​បាន​រឹង​មាំ​ មិន​បាក់ទឹកចិត្ត​ ឬ​ទន់ជ្រាយ​ទោរទន់​ទៅ​តាម​យថាកម្ម​ឡើយ​ ពោល​គឺ​អ្នកនាង​ខំ​ប្រឹងប្រែង​ក្រោកឈរ​ផលិត​កម្មវិធី​ប្លែក​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​មហាជន​ ដូចជា​កម្មវិធី​ «ទ្រព្យ​លោក​ពុក​» ជាដើម​។ នៅ​ពេល​នោះ​ដែរ ​អ្នកនាង​ខំប្រឹង​ Live​ លក់​ផលិត​ផង​ និង​ចេញ​ច្រៀង​ផង​ ដើម្បី​សន្សំ​លុយ​ទម្រាំ​មាន​សល់​ដល់​សព្វថ្ងៃ​។ នៅ​ចុង​ឆ្នាំ ២០២១​ គេ​បាន​ឃើញ​អ្នកនាង​ ខាត់​ សុឃីម​ និង​ក្រុម​គ្រួសារ​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ​ តារា​ពហុជំនាញ​រូប​នេះ​បាន​បង្ហាញ​ទ្រព្យ​គប់​ចិត្ត​មួយ​យ៉ាង​ថ្មី​សន្លាង​នោះ​គឺ ​រថយន្ដ​ទំនើប​Lexus Lx 570​ តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​ទិញ​ជិះ​យ៉ាង​រំភើយ​។

បើ​តាម​ការ​ដឹង​ត្រួសៗ​ ពេល​នេះ​អ្នកនាង ​ខាត់​ សុឃីម ​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​មួយ​ចំនួន​ដូចជា​ ក្រុមហ៊ុន​ផលិត​ផល​ថែរក្សា​សម្រស់​ Mochy​ Cosmetics​ ក្រុមហ៊ុន​ដីឡូ​ខាត់​សុឃីម​ផ្លូវ​៥១​ និង​ក្រុមហ៊ុន​ ចាចា​ លក់​គ្រឿង​សង្ហារឹម​ ដែល​ទើប​សម្ពោធ​ថ្មោងថ្មី​ រួម​ទាំង​ក្រុមវង់​ភ្លេងបុរាណ​ខ្មែរ​ត្រកូល​ខាត់​ជាដើម​។ ទោះ​ជា​កន្លងមក​ អ្នកនាង​ ខាត់ ​សុឃីម​ រង​ការ​ប្រមាថ​ពី​មាត់​អ្នកដទៃ​ ប៉ុន្តែ​ពេលនេះ​អ្នកនាង​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្លឺ​ភ្នែក​ថា​ ការ​ខិត​ខំ​ប្រឹង​ណាស់ ​ទើប​គឺ​ជា​ការ​បង្កើត​ឱកាសលាភ​សំណាង​ឱ្យ​មនុស្ស​ដែល​ចេះ​តស៊ូ​ក្នុង​ជីវិត​។ ក្រៅពី​បង្ហាញ​រថយន្ត​Lexus ​Lx ​600​ ពណ៌​ខ្មៅ​ដែល​អ្នកនាង​ ខាត់ ​សុឃីម​ ទិញ​ជិះ​ហើយ​នោះ​ អ្នកនាង​ក៏​បាន​សម្ញែង​ផ្ទះ​មួយ​ល្វែង​កំពស់​ ៣​នាន់​ ដែល​គេ​ជឿ​ថា ​អាច​ជា​ក្រុមហ៊ុន​ឬ​ឃ្លាំង​ស្ដុក​អីវ៉ាន់​របស់​ក្រុមហ៊ុន​អ្នកនាង​។ ហើយមហាជន​ភាគ​ច្រើន​​ជឿជាក់​ទៀតថា​ ពេល​នេះ​អ្នក​នាង​ សុឃីម ពិត​ជា​មាន​លុយ​មិន​ធម្មតា​មែន​ អាច​និយាយ​បាន​ថា​ អ្នកនាង​បាន​កែប្រែ​ជីវិត​ពី​ដុនដាប​ឱ្យ​ក្លាយ​ជា​សេដ្ឋីនី​ម្ដងទៀត​ដោយ​​សោយ​សុខ​លើ​គំន​ទ្រព្យ​។

ទន្ទឹម​ជាមួយ​ការ​សម្ញែង​រថយន្ត​ Lexus​ Lx​ 600​ នេះ តារា​ស្រី​ពហុជំនាញ​ត្រកូលខាត់​រូបនេះ​ក៏​បាន​បង្ហើប​ដំណឹង​ថា​ ខ្លួន​កំពុង​ត្រៀម​ចាកចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​រយៈ​ពេល​៣​សប្ដាហ៍ ដើម្បី​ជួបជុំ​ម្ដាយ​និង​ប្អូន​ស្រី​ដែល​កំពុង​រស់​រកស៊ី​នៅទី​នោះ​ផង​ និង​ឆ្លៀត​ច្រៀង​សម្ដែង​សិល្បៈ​ពេល​ខ្លី​ដើម្បី​កើប​លុយ​បន្ថែម​ផង។ ហើយ​តាម​ដំណឹង​ពី​អ្នក​រស់​នៅ​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា​ ផលិតផល​ថែរក្សា​សម្រស់​ Mochy​ Cosmetics​ របស់​អ្នកនាង​ខាត់ សុឃីម​ កំពុង​តែ​មាន​ទីផ្សារ​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ទី​នោះ​ផងដែរ​៕

Share.