ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ដែល​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ទទួលជើងខ្លាំង Young Elephants នៃពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម នៅថ្ងៃទី១៦ ខែសីហា កីឡដ្ឋាន Smart RSN។

គ្រូ Young Elephants លោក Satysagara ញញើតកីឡាករ២នាក់របស់ភ្នំពេញក្រោន៖

​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka

ក្នុង​នាម​ជាម្ចាស់​ផ្ទះ​ក្រុម​​នៅ​រាជធានី​ភ្នំពេញ មួយ​នេះ​អាច​លក់​សំបុត្រ​អោយ​អ្នក​គាំទ្រ​បាន​តែ​នៅ​តំបន់ RSN Stand (តំបន់មានកៅអី) ​ប៉ុណ្ណោះ ចំណែក​៣​ផ្នែក​ផ្សេង​ទៀត​មិន​ទាន់​ស្រប​តាម​ការ​កំណត់ របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC)។

សេចក្តី​បញ្ជាក់​របស់​ក្លិប​ភ្នំពេញក្រោន លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០២៣ ពោល​គឺ​២ថ្ងៃ​មុន​ការប្រកួត ក្លិប​បញ្ជាក់​ថា៖«សំបុត្រ​ទស្សនាការ​ប្រកួត​ AFC Cup 2023-24 រវាង​ក្រុម​ភ្នំពេញក្រោន និង​ក្រុម ​Young Elephants មាន​ចំនួន​កំណត់​ត្រឹម​តែ​ RSN Stand (តំបន់មានកៅអី) តែ​ប៉ុណ្ណោះ»។

សំបុត្រ​នៃ​ការប្រកួត​នេះ​បានដាក់លក់នៅ៖
១. លើ App របស់ LIVE. by Wonderpass (សម្រាប់​អ្នក​ដែល​បាន​ទិញ​សំបុត្រ​ប្រភេទ​ទី​២​រួច​ហើយ​គឺ​នឹង​ត្រូវ​ប្តូរ​ទៅ​ប្រភេទ​ទី​១ វិញ​ដោយ​មិន​ទាមទារ​ការ​ចំណាយ​បន្ថែម​នោះ​ទេ​)
២. កីឡដ្ឋាន ស្មាត​ អ​ អេស អិន Smart RSN Stadium ចាប់​ពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩.០០ ព្រឹក។

ក្លិប​​បាន​​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​អាច​លក់​សំបុត្រ​នៅ​៣​ច្រក​ជុំ​វិញ​កីឡដ្ឋាន Smart RSN ​ថា៖«ការ​កំណត់​នេះ​ដោយ​សារ​តែ AFC មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ក្លិប​ម្ចាស់​ផ្ទះ​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់​ ខណៈ​ដែល​ ភ្នំពេញក្រោន បាន​បញ្ជា​ទិញ​កៅអី​សម្រាប់​បំពាក់​នៅ​ Stand ទាំង​បី​ទៀត​រួចរាល់​ហើយ​ប៉ុន្តែ​មិន​ទាន់​អាច​ដំឡើង​បាន​ទាន់​ពេល​វេលា​នោះ​ទេ»។

អ្នក​ឈ្នះ​រវាង ភ្នំពេញក្រោន ទល់នឹង Young Elephants នឹងមាន​ឈ្មោះ​ឡើង​ទៅ​ជួប​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្នុង​វគ្គPlay-off round មុន​ឡើង​ដល់​វគ្គ​ចែក​ពូល៕

Share.