ខ្សែប្រយុទ្ធ Neymar បានផ្លាស់ទៅកាន់ក្លិបបាល់ទាត់ Al Hilal អារ៉ាប៊ីសាអូឌីត ជាផ្លូវហើយកាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ ខណ:ថ្លៃនឿយហត់ ៣០០លានដុល្លារ។ បូករួមប្រាក់បន្ថែមរហូតដល់ ៤០០ លានដុល្លារ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំផ្សេងៗទៀត។

ណែនាំឲ្យស្គាល់ក្លិបថ្មីរបស់ Neymar នៅលើទឹកដី​អារ៉ាប៊ីសាអូឌីត

ក្លិបបាល់ទាត់ Al Hilal ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៥៧ បច្ចុប្បន្នមានអាយុកាល ៦៥ឆ្នាំ ឈ្មោះហៅក្រៅ Al-Za’eem (ថៅកែ) ឬ រលកពណ៌ខៀវ។

មានលោក Fahad bin Nafel ជាប្រធានក្លិប ហើយប្រើប្រាស់កីឡដ្ឋាន King Fahd International ដែលអាចផ្ទុកអ្នកគាំទ្របាន ៦,៨៧៥២នាក់ មានម្ចាស់មូលនិធិវិនិយោគសាធារណៈ (ចំនួន៧៥%) និងមូលនិធិមិនរកប្រាក់ចំណេញសម្រាប់ក្លិប Al Hilal (២៥%)។

ក្រោមការដឹកនាំរបស់លោក Jorge Jesus គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ ក្លិបបាល់ទាត់ Al Hilal គឺជាក្រុមជោគជ័យបំផុតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយឈ្នះជើងឯកសរុប១៨សម័យកាល។

ចំពោះ Neymar បានចាកចេញពី FC Barcelona ទៅចូលរួមជាមួយ PSG នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនបំបែកឯកទគ្គកម្មពិភពលោក រហូតដល់ ២៦៩.២៦លានដុល្លារឯណោះ។

ប៉ុន្តែក្រោយចាយពេល ៦ឆ្នាំនៅទឹកដី Parc des Princes ខ្សែប្រយុទ្ធប្រេស៊ីល វ័យ៣១ឆ្នាំខាងលើ មិនទាន់បានជួយក្រុមលើកពានធំៗកម្រិតអន្តរជាតិដូចជា Champions League នៅឡើយនោះទេ៕

Share.