អ្នកវិទ្យាសាស្ត្រកំពុងអំពាវនាវឲ្យមានការវិលត្រឡប់មកពាក់ម៉ាសនៅទូទាំងចក្រភពអង់គ្លេសឡើងវិញ ចំពេលមានការព្រួយបារម្ភអំពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទ ដែលមានសមត្ថភាពខ្លាំងជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Record នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

មេរោគនេះអាចបំប្លែងចេញពីវីរុស Omicron – ឥឡូវនេះមនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ១០នាក់ មានផ្ទុកមេរោគកូវីដ។

បន្ថែមពីលើនេះ ប្រភេទមេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលហៅថា BA.6 បានបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការកើនឡើងនៃការឆ្លងមេរោគបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ឥលូវនេះ មានប្រទេសចំនួន២ ដូចជា៖ ប្រទេសដាណឺម៉ាក និងអ៉ីស្រាអែល បានបញ្ជាក់ពីការរកឃើញករណីនៃវីរុស BA.6 ដោយអ្នកជំនាញបានអះអាងថា មេរោគនេះកំពុងចរាចរនៅក្នុងប្រទេសទាំង២នេះ ដោយបង្ហាញឲ្យឃើញនូវ «ការព្រួយបារម្ភ» រួចទៅហើយដោយសារតែសមត្ថភាពនៃការបំប្លែងខ្លួនរបស់វា។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Mirror។

ហើយឥឡូវនេះ អ្នកជំនាញកំពុងព្រមានថា ប្រជាជនគួរតែចាប់ផ្តើមពាក់ម៉ាស់ម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ។

ស្របពេលជាមួយគ្នា វេជ្ជបណ្ឌិត Trisha Greenhalgh អ្នកជំនាញផ្នែកថែទាំសុខភាពបឋមនៅសាកលវិទ្យាល័យ Oxford បានសរសេរនៅលើ Twitter ថា «ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុង WhatsApp របស់ខ្ញុំកំពុងមានការភ្ញាក់ផ្អើល។ យើងសុំអំពាវនាវដល់មនុស្សទាំងឡាយ ឲ្យចាប់ផ្តើមពាក់ម៉ាសឡើងវិញ ដោយសារឥទ្ធិពលនៃវីរុសដែលគេឲ្យឈ្មោះថា BA.6 »។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Christina Pagel មកពីសាកលវិទ្យាល័យ University College of London បានពន្យល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាវាជា «ថ្ងៃដំបូងបំផុត»។ ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Pagel ដែលជាសមាជិកនៃក្រុម Independent SAGE បានទទួលស្គាល់ថា វីរុសបំប្លែងខ្លួនថ្មីនេះមានការផ្លាស់ប្តូរ​​ទម្រង់ថ្មីជាច្រើន ដែលធ្វើឲ្យវាខុសពីប្រភេទវីរុសបំប្លែងខ្លួនប្រភេទ Omicron» នេះ​មាន​ន័យ​ថា​ វា​មាន​សក្ដានុពល​ជាង​មុន ហើយអាច​បង្ក​ឲ្យ​មាន​រលក​នៃការឆ្លងច្រើន និងឆាប់រហ័ស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនក៏បានលើកឡើងផងដែរថា ដោយសារតែកម្រិតខ្ពស់នៃអ្នកចាក់វ៉ាក់សាំងបង្ការនៅទូទាំងចក្រភពអង់គ្លេស ពេលនេះ យើងមិនចាំបាច់ត្រូវភ័យស្លន់ស្លោឡើយ ហើយអះអាងថា ការរឹតបន្តឹងដូចកាលសម័យរោគរាតត្បាតខ្លាំង ក៏មិនចាំបាច់មានដែរ។

យ៉ាងណាម៉ិញ សាស្ត្រាចារ្យ Pagel បានបន្ថែមថា ការព្រួយបារម្ភជាចម្បងនោះ គឺថា ការឆ្លងមេរោគនឹងបង្កឲ្យមានភាពតានតឹងលើ NHS ជាមួយនឹងករណីកើនឡើងក្នុងពេលដំណាលគ្នានឹងការឆ្លងមេរោគគ្រុនផ្តាសាយ និងករណីវីរុស syncytial ជាជំងឺផ្លូវដង្ហើម ដែលអាចចាប់ផ្តើមកើនឡើងនៅក្នុងខែក្រោយនៃឆ្នាំនេះ។

សូមជម្រាបថា​ បច្ចុប្បន្ន មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ កំពុងជំរុញឲ្យអត្រាអ្នកជំងឺចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅចក្រភពអង់គ្លេស មានការកើនឡើងជាថ្មី។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនថ្មីនេះ មានធាតុកំឡាយជាង៣០% នៅក្នុងសរសៃប្រូតេអ៉ីន ធ្វើឲ្យវាអាចតោងជាប់កោសិកាមនុស្ស ហើយបង្កការចម្លង៕

ប្រភព៖ Daily Record

Share.