សិល្បៈជាតិ៖ ​ការ​ប្រកួត​ Miss​ Grand​ Cambodia​ ឆ្នាំ ​២០២៣​ បាន​ឈាន​ដល់​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ហើយ​ ក្នុងនោះ​ដែរ​ មហាជន​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចោល​ក្រសែភ្នែក​ចាប់អារម្មណ៍​ទៅ​លើ​ឈុត​អាគម​ពណ៌ខ្មៅ​ចំនួន​៣​ខេត្ត​ ដែល​បាន​ដាស់​ជំនឿ​បែប​អរូបិយ​ ឱ្យ​សណ្ដំ​វិញ្ញាណ​អ្នក​ទស្សនា​ព្រឺព្រួច​គ្រប់​គ្នា​។ ដើម្បី​ជាក់​ច្បាស់​ថា​មាន​ឈុត​ណា​ខ្លះ​នោះ​ តស់​! មក​តាម​ដាន​ទាំងអស់​គ្នា​៖​

១-អ៊ិន ​លក្ខិណា​- Miss Grand​ប៉ៃលិន​ ៖ ​ឈុត​«ដែនដី​នៃ​មន្តអាគម​»

ខេត្តប៉ៃលិន​ ជា​ខេត្ត​សាសនា​មួយ​ដែល​មាន​រឿង​អាថ៌កំបាំង​ ជា​ច្រើន​មាន​ជំនឿ​ប្លែកៗ​ រួម​ទាំង​មន្តអាគម​..។ ឈុត​ National​ Costume ​មួយ​បែប​ Fashion​ដែល​ត្រូវ​ជ្រើសរើស​យក​ពណ៌ខ្មៅ​មក​ធ្វើ​ជាឈុត​ និយាយ​អំពី​ត្បូង​និល​ស្រោបមាស​ រឺ​និល​បើកភ្នែក​ រួមផ្សំ​ជាមួយ​នឹង​យន្ត​ខ្មែរ​ ​៨​ទិស​ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចារ​លើ​ខ្លួន​ដែល​ខ្មែរ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ មាន​លក្ខណៈ​ខុស​គ្នា​ជាច្រើន​បែប​ទៅ​តាម​ប្រភេទ​យ័ន្ត​ដើម្បី​ការពារ​ខ្លួន​ពី​សត្រូវ​ ឬ​អមនុស្ស​។ ថាមពល​នៃ​ផ្លូវ​ងងឹត​ អាថ៌កំបាំង​ មន្ត​សណ្ដំ​នៃ​កែវភ្នែក​ ការ​ជឿជាក់​ ភាព​ជា​ម្ចាស់​ឥទ្ធិពល​ដែល​ស្ត្រី​មាន​ បង្ហាញ​ទាំង​អស់​នៅ​ក្នុង​ឈុត​តែ​មួយ​ ទៅ​សណ្ដំ​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ងាកមក​ចាប់​អារម្មណ៍​មើល​ត្បូង​និល​ដែល​កែច្នៃ​រួច​ហើយ​។ តំឡើង​ឈុត​ និង​ច្នៃ​៖ ស្គរគ្រាប់​ ។

២-ប៊ុន​ លក្ខណា​- Miss​ Grand ​ខេត្ត​ត្បូង​ឃ្មុំ​ ៖ «ក្របី​ស្នាទៈ​ប្រក់​ពល​»

កាល​ពី​ដើម​នៃ​សម័យ​កាល​មុន​ មុន​ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​រឿង​មន្តវិជ្ជា​ គ្រូ​អាគម​ជាពិសេស​ប្រភេទ​គ្រូធ្មប់​ ដែល​មាន​មន្តវិជ្ជាការ​ខាង​ខាប​ហៅ​សត្វ​ក្របី​ឫ​សត្វ​គោ​ដើម្បី​ធ្វើ​ពិធី​ផ្សេងៗ​ដូច​ជា​ សម្រាប់​ធ្វើ​ទ័ព​ ការពារ​ស្រុក​ភូមិ​ កំចាយ​ពួក​ចោរ​ប្លន់​អ្នក​ស្រុក ​និង​សត្រូវ​ឈ្លាន​ពាន​ខេត្ត​ នៅក្នុង​មន្តវិជ្ជា​ខ្មៅ​នៃ​ត្រកូល​គ្រូ​នោះ​គេ​តែងតែ​ប្រើ​នៃ​សត្វ​ក្របី​ ស្នែង​កោង​ស្រួច​ គួច​ក្រយៅ​ខ្នង​ ចំណង​ដោយ​ខ្សែ​សីមា​ ចារ​ជា​យ័ន្ត​ ជាន់​នៅ​លើ​ស្មា​ ប្រើ​ស្នា​បាញ់​ជា​អាវុធ​ ក្រៅ​ពី​ក្របី​អាគម​ហើយ​គ្រូធ្មប់​នោះ​នៅ​មាន​បរិវា​ជាច្រើន​ទៀត​បូក​រួម​ទាំង​ ព្រាយ​ហោះ​ព្រាយ​ហើរ​ ព្រាយ​បណ្ដើរ​កូន​ខ្ចី​ ស្រី​ខ្មៅ​សំពោង​សក់​ធំ​ ប្រជុំ​ដោយ​គ្រឿង​ដង្វាយ​ថ្វាយ​ដល់​វិញ្ញាណ​នៃ​អាណាចក្រ​មន្តអាគម​ ដើម្បី​សម្រេច​នៃ​ពិធី​ទាំង​មូល​ឱ្យ​ជោគជ័យ​ក្នុង​ក្បួន​ប្រយុទ្ធ​…។ ដោយឡែក​បច្ចុប្បន្ន​មន្តវិជ្ជា​ការ​ខ្មៅ​នេះ​មាន​គេ​ប្រើ​ទៅ​ជា​របៀប​ការពារ​អាសនៈ​ គេ​ទៅ​វិញ​ហៅ​ឈ្មោះ​មន្ត​អាគម​នេះ​ថា​( ស្នឹង​ស្នែង​ស្នាទៈ​) ។ រចនា​ឈុត​ដោយ​ ៖ រាជិនី​នំ​បញ្ចុក​ខេត្ត​ត្បូង​ឃ្មុំ​ គូររូប​ដោយ​៖ គីម​ ម៉ឹស​ រៀប​ចំ​ឈុត​ដោយ​៖ មីត​សំអាងការ​ខ្មែរ​ឥស្លាម​ ៖ សរសេរ​អត្ថបទ​ដោយ៖​ វង្ស​ មុនី​រយ​ដាវ​សាវឌី​។

៣-ស៊ូ ​ស្រីនីត​- Miss​ Grand ​កំពង់ធំ​ ៖ ឈុត​«មន្ត​អាគម​នៃ​យន្ត​ខ្មែរ​»

ខេត្តកំពង់ធំ​ គឺ​ជា​អតីត​រាជធានី​ខ្មែរ​នា​សម័យ​ចេនឡា​ ហៅ​ថា​ ឥសានបុរៈ​ និង​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ដែល​មាន​អរិយធម៌​ដ៏​រុងរឿង​ និង​មាន​ភាព​ចំណាស់​ជាង​គេ​នៅ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បើ​និយាយ​អំពី​ជំនឿ​សាសនា​វិញ​ បុព្វបុរស​ខ្មែរ​មាន​ប្រើ​មន្តអាគម​តាំង​មុន​សម័យ​មាន​ជំនឿ​លើ​ព្រហ្មញ្ញសាសនា​ និង​ព្រះពុទ្ធសាសនា​ហូរ​ចូល​មក​ម្ល៉េះ​ ដែល​នេះ​ជា​មរតក​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​។ ឈុត​មាន​ចង់​បង្ហាញ​អំពី​មន្តអាគម​ខ្មែរ​ ដែល​មាន​ដូចជា​ ៖ អាវតេជៈ​ កន្សែង​យ័ន្ត​ សាក់​ខ្លួន​ កថា​ អាថ័ន ​អាព័ទ្ធ​ មន្ត​សណ្ដំ​ បំបាំង​កាយ​ មេចាយ​ មហា​សង្កំ​ មហា​រំអិល​ ធ្មប់​ កូន​ក្រក​ ជា​ដើម​។ ខ្មែរ​បុរាណ​មុន​ពេល​ចេញ​ធ្វើ​សឹក​សង្គ្រាម​ ខ្មែរ​តែងតែ​មាន​ជំនឿ​លើ​មន្តអាគម​ ដោយ​ជឿ​ថា​ ជា​ការ​ផ្ដល់​នូវ​ឥទ្ធិពល​ អំណាច​ ភាព​ក្លាហាន​ បំបាត់​ភាព​ភ័យ​ខ្លាច​អាច​តតាំង​យក​ជ័យជម្នះ​លើ​សត្រូវ​។ រចនា​៖ អម្រុង​ រ័ត្ន​ និង​គូររូប​៖ ផានិត​។

Share.