ប្រទេសចិនរងការវាយប្រហារដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតរយៈពេល ១ ០០០ឆ្នាំកន្លងមក ដែលបានពន្លិច ក្រុងហ្សេងចូវ ខេត្តហឺណាន ប្រទេសចិន បណ្ដាលឲ្យមនុស្សយ៉ាងតិច២៥នាក់បានស្លាប់ ខណៈមនុស្សជាង ៥០០នាក់ត្រូវបានសង្គ្រោះចេញពីរថភ្លើងក្រោមដី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA កាលពីថ្ងៃទី២១ កក្កដា ២០២១។

សូមចុចអាន៖ ជំនន់ទឹកភ្លៀងលិចក្រោមដី បណ្ដាលឲ្យមនុស្សចំនួន ១២នាក់ស្លាប់ នៅក្នុងរថភ្លើង

ប្រជាជនប្រមាណ១សែននាក់ ត្រូវបានជម្លៀសចេញពីផ្ទះ នៅទីក្រុងហ្សេងចូវ ខេត្តហឺណាន ជាកន្លែងដែលការដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវថ្នល់រងការលិចលង់ខណៈដែលទំនប់វារីអគ្គិសនី និងអាងស្តុកទឹកបានឡើងដល់កម្រិតប្រកាសអាសន្នខណៈកងទ័ពរាប់ពាន់នាក់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងខេត្តនេះ។

អាជ្ញាធរក្រុងបាននិយាយថា មនុស្សជាង៥០០នាក់ត្រូវបានទាញចេញបានដោយសុវត្ថិពីផ្លូវក្រោមដីខណៈរូបភាពជាច្រើនបានផ្សព្វផ្សាយលើបណ្ដាញសង្គមថាអ្នកធ្វើដំណើរតាមរថភ្លើងបានលិចចូលទៅក្នុងទឹកនៅទីងងឹត ហើយស្ថានីយមួយបានក្លាយទៅជាអាងពណ៌ត្នោតដ៏ធំមួយ។

អ្នករួចជីវិតពីក្នុងរថភ្លើងក្រោមដីម្នាក់បានសរសេរលើបណ្ដាញសង្គម (វាយបូ) Wieboថា “ទឹកក្នុងរថភ្លើងបានឡើងដល់ទ្រូងខ្ញុំ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ប៉ុន្ដែអ្វីដែលគួរឲ្យភ័យខ្លាចជាងនេះគឺនៅក្នុងរថភ្លើងខ្វះអ៊ុកស៊ីសែនពិបាកដកដង្ហើមណាស់”

ចំណែកឯ លោក ហ្គូ ដែលជាអ្នករស់នៅក្នុងទីក្រុងហ្សេងចូវ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង គឺដោយសារតែអាជ្ញាធរនៅទីក្រុងប៉េកាំងបានបញ្ឈប់សេវាកម្មរថយន្ដក្រុង។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អ្នកជំនាញខាងឧតុនិយមក្នុងតំបន់​បានព្យាករណ៍ថា ទឹកភ្លៀងនៅតែបន្ដធ្លាក់ទូទាំងខេត្តហឺណានរយៈពេល ៣ថ្ងៃ ហើយកងទ័ពរំដោះប្រជាជនចិន និងបញ្ជូនទាហាន ៣,០០០នាក់ ដើម្បីជួយសង្រ្គោះប្រជាជនរងគ្រោះ។

យោងតាមសម្ដីអ្នកវិទ្យាសាស្រ្តបាននិយាយថា រលកកម្ដៅនៅសហរដ្ឋអាមេរិក និង កាណាដា រួមទាំងជំនន់ទឹកភ្លៀងនៅតំបន់អ៊ឺរ៉ុបខាងលិច និងអាស៊ី ត្រូវបានផ្សារភ្ជាប់ទៅនឹងកម្ដៅផែនដី។ ការប្រែប្រួលអាកាសធាតុដ៏អាក្រក់បែបនេះទំនងជានឹងកើតមានជាញឹកញាប់នៅពេលអនាគត ហើយរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនយុទ្ធសាស្ត្រការពារខ្លួនដើម្បីសម្របខ្លួនជាមួយនឹងការផ្លាស់ប្ដូររបស់ធម្មជាតិ។

គួរជម្រាបថា ផ្លូវហាយវេ ផ្លូវរថភ្លើង ជាច្រើនខ្សែត្រូវបានផ្អាកការធ្វើដំណើរ ចំណែកផ្លូវអាកាសក៏ត្រូវបានពន្យាពេល ឬ លុបចោលការហោះហើរផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារដែលគាំទ្រដោយរដ្ឋបាននិយាយថា ពួកគេនិងផ្តល់អំណោយនិងជំនួយបន្ទាន់ដល់រដ្ឋាភិបាលក្នុងតំបន់ក្នុងខេត្តហឺណានចំនួន ១,៩៣៥ ពាន់លានយ័ន ស្មើនឹង ២៩៩ លានដុល្លារ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា 

Share.