សិល្បៈ​ជាតិ​៖ បើ​ទោះ​បី​ជា​ ការ​ប្រកួត​ Miss​ Grand​ Cambodia​ 2023​ បាន​បញ្ចប់​ក៏​ពិត​មែន​ ប៉ុន្តែ​មហាជន​នៅ​តែ​ដក់​អារម្មណ៍​ជាប់​ជាមួយ​ឈុត​តំណាង​ជាតិ​ក្នុង​ឆ្នាំនេះ​ ដែល​បាន​រចនា​ម៉ូដ​ឡើង​ប្រណីត​ភាព​ និង​គួរ​ឱ្យ​គយគន់​ជា​ទី​បំផុត​។ តស់​! ថ្ងៃ​នេះ​យើង​មក​រំលឹក​អំពី​ឈុត​តំណាង​ជាតិ​ទាំង​ ៨ ​ដែល​បាន​ រចនា​បែប​សហសម័យ​លំនាំ​រឿង​ព្រេង​ និង​ទេវកថា​ដូច​តទៅ​៖​

1-កុយ​ អេនណា​ – Miss​ Grand​ ក្រចេះ​៖​ ឈុត​ «អំណាច​ស្ដេច​គ្រុឌ​ក្រចេះ​ក្រុង​»

ស្ដេច​គ្រុឌ​ ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្គាល់​ថា​ជា​សត្វ​ក្នុង​ទេវកថា​ ដែល​មាន​ឫទ្ធានុភាព​ យ៉ាង​ខ្លាំង​ខ្លា​បំផុត​មួយ​ក្នុង​ចំណោម​សត្វ​អាទិទេព​ ផ្សេង​ទៀត​ ហើយ​មាន​ដំណាល​ថា​ជា​សត្រូវ​ជាមួយ​ពស់​នាគរាជ​ផង​ដែរ​។ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ពី​ អង្គ​ទេវ​នេះ​ ទើប​យោង​តាម​ប្រកាស​លេខ​ 2040​ ប្រ.ក ចុះ​ថ្ងៃ​ទី​ 7​ ឧសភា ​ឆ្នាំ​2018​ ស្ដី​ពី​ការ​បង្កើត​និង​ដាក់​រូប​ គ្រុឌ ​និង​នាគ​ ជា​និមិត្តសញ្ញា​តំណាង​ខេត្ត​ក្រចេះ​នេះ​ផ្ទាល់​តែ​ម្ដង​។ ក្នុង​នោះ​ តួ​អង្គ​គ្រុឌ​តំណាង​ឱ្យ​សភាវៈ​ល្អ​ គ្រប់គ្រង​ដែន​ដី​ ក្លាហាន​ការពារ​ធម្មជាតិ​ និង​ខ្យល់​។

នាគ​៖ តំណាង​ឱ្យ​ភាព​ត្រជាក់​ត្រជុំ​ គ្រប់គ្រង​ព្រះ​ភិរុណ​ និង​ព្រះអគ្គី​។ ពណ៌​មាស​ ៖ តំណាង​ឱ្យ​ភាព​សម្បូរ​រុង​រឿង​។ ពណ៌​បៃតង​ ៖ តំណាង​ឱ្យ​ការ​អភិវឌ្ឍ​និង​ មោទកភាព​។ រចនា​និង​តំឡើង​ដោយ​ ៖ គឹម ​សាម៉ុន​ គូររូប​៖ សៀង​ វាសនា​។

2- ហេង​ កនិកា​ – Miss​ Grand ​តាកែវ​ ៖ ឈុត ​«ចៅ​ស៊ី​ផាន់​»

រឿង​រាម​កេរ្តិ៍ ​គឺ​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អក្សរ​សិល្ប៍​ខ្មែរ​ ។ រឿង​រាមកេរ្តិ៍​ សិល្បករ​បាន​បង្កើត​ជា​នូវ​សិល្បៈ​នានា​ជា​ច្រើន​តាមរយៈ​តួអង្គ​ ផលិត​បាន​ជា​ របាំ​ល្ខោន​ខោល​ ល្ខោន​ស្បែក​ មាន​ខ្មុក​ មាន​ចម្លាក់​ជា​ដើម​…។ល។ តួយ៉ាង​ តួអង្គ​ « ចៅ​ស៊ី​ផាន់​ » ជា​ឈ្មោះ​តួអង្គ​មួយ​នៅ​ក្នុង​រឿង​រាមកេរ្តិ៍​មាន​លក្ខណៈ​រាង​ខ្លួន​ជា​សត្វ​មាន់​ រី​ឯ​ក្បាល​ជា​យក្ស​ ជា​បុត្រា​របស់​ក្រុង​រាពណ៍​ កាល​រាពណ៍​ទៅ​ស្រឡាញ់​គ្នា​ជាមួយ​នឹង​មាន់​។ ឈុត​នេះ​យើង​ឆ្នៃ​ឡើង​ដោយ​រំលេច​នូវ​ក្បូរក្បាច់​រចនាបថ​តាម​គំនូរ​ចម្លាក់​ប្រាសាទ​នានា​ មាន​មុខ​ខ្មុក​ជា​ដើម​ រួម​បញ្ចូល​គ្នា​តែ​មួយ​ ស​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​សិល្បៈ​ខ្មែរ​យើង​ដែល​ដូនតា​បាន​បន្សល់​ទុក​ដល់​យើង​សព្វ​ថ្ងៃនេះ​ ។ ​ឈុត​នេះ​រចនា​ដោយ​ក្រុម​ក្មេង​វត្ត​។

3-ប៉ោ​ លីនណា​ – Miss​ Grand​ ស្វាយ​រៀង​៖ ឈុត​ «រាជសីហ៍​សិរី​ក្រុង​កម្ពុជា​ធិបតី​»

រាជសីហ៍​តំណាង​ក្សត្រ​ ដែន​ដី​ខេមរា​ក្រុង​កម្ពុជ​ ជា​សត្វ​មាន​រិទ្ធិ​តេជោ​សមស័ក្ដិ​ គ្រង​រាជ​បុរៈ​តាំង​ប្រសើរ​ថ្លៃ។ ហត្ថា​ទាំង​ទ្វេ​តាំង​ព្រះខ័នរាជ្យ​​សុខសាន្ដ​តេជោ​អំណរ ដឹង​គុណ​ខ្ពង់ខ្ពស់​ដល់​ព្រះនគរ​ ក្សត្រា​ជំហរ​គ្រង​រាជបុរី​។ រាជសីហ៍​គឺជា​សត្វ​មាន​រិទ្ធ​អំណាច​ខ្លាំង​ពូកែ​មាន​អនុភាព​លើស​សត្វ​ដ៏​ទៃ​ៗ​ ដោយ​មើល​ឃើញ​រាជតេជះ​ សីហ៍​ទើប​ព្រះមហាក្សត្រ​ខ្មែរ​ជ្រើស​តាំង​យក​ដាក់​ក្នុង​ព្រះ​សឹង្គា​ នៃ​ទង់​ព្រះមហាក្សត្រ​នៃ​យើង​តំណាង​ឱ្យ​អង្គ​ក្សត្រ​រក្សា​ទឹក​ដី​។ ចំនែក​គុប​ភ្លើង​កាន់​ក្នុង​ដៃ​ តំណាង​ឱ្យ​ការ​រង់ចាំ​អស់​រយៈពេល​64​ឆ្នាំ​ក្នុង​ការ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​SEAGAME​ ឆ្នាំ​២០២៣ ​ដោយ​ឡែក​ភ្លើង​អគ្គី​ជ័យ​ក៏​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះមហាក្សត្រ​ នៃ​យើង​ជា​មហា​កិត្តិយស​ប្រសើរ​ក្រៃ​លែង​បំផុត​។ ច្នៃ​ម៉ូត​នឹង​តំឡើង​ដោយ៖ លោក លី សុភក្ត្រា​រដ្ឋហ្វូង​ និង​គូរ​រូប​ដោយ​៖ Maxime​ Grayson​ (ម៉ាហ្សីមី​ ហ្គាយស៊ុន​)។

4- វ៉ាត​ ចិន្តា​ – Miss​ Grand​ បន្ទាយ​មាន​ជ័យ​៖ ឈុត​ «ល្ខោន​ស្រមោល​»

ល្ខោន​ស្រមោល​ស្បែក​មាន​ ២ ​ប្រភេទ​ គឺ​ល្ខោន​ស្បែក​តូច​ និង​ល្ខោន​ស្បែក​ធំ​។ ល្ខោន​ស្បែក​តូច​ជា​ចម្លាក់​ដែល​ឆ្លាក់​នៅ​លើ​ស្បែក​គោ ​មាន​ទំហំ​តូចៗ​ ហើយ​ជា​ប្រភេទ​សិល្បៈ​ប្រជាប្រិយ​ មាន​លក្ខណៈ​សម្ដែង​រឿង​ជា​ច្រើន​ ដូច​ជា​រឿង​និទាន​ រឿង​ប្រវត្តិសាស្ត្រ​ ឬ​ទាក់ទង​នឹង​បច្ចុប្បន្នភាព​សង្គម​ទៀត​ផង​។ វា​ជា​ចម្លាក់​ដែល​ធ្វើ​ចលនា​កម្រើក​បាន​ ដូច​ជា​ការ​លើក​ដៃ​ លើក​ជើង​ ឬ​ហា​មាត់​និយាយ​ និង​ច្រៀង​រាំ​បាន​ផង​ដែរ​។

ដោយ​ឡែក​ល្ខោន​ស្បែក​ធំ​ ជា​ប្រភេទ​សិល្បៈ​សក្ការៈ​ មាន​ទំហំ​ធំ​ ដែល​សម្ដែង​មាន​លក្ខណៈ​ហ្មត់ចត់​ ស្រគត់ស្រគំ​ សម្ដែង​រឿង​សាសនា​ (សម្ដែង​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់​)។ ល្ខោន​ស្រមោល​ស្បែក​ធំ​ មាន​ដើម​កំណើត​ប្រហែល​កើត​ឡើង​មុន​សម័យ​អង្គរ​ ដោយ​យោង​តាម​សិលាចារឹក​លេខ​ K.១៥៥​ នៅ​គោករកា​ នៅ​ស.វ​ទី ​៩ ​ហើយ​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃ​មនុស្សជាតិ​នៅ​ថ្ងៃ​ទី​ ២៥ វិច្ឆិកា ២០០៥។ ឈុត​នេះ​ត្រូវ​បាន​តំឡើង​ និង​កែច្នៃ​ឡើង​ក្នុង​បំណង​ជួយ​ផ្សព្វផ្សាយ​ និង​លើក​តំឡើង​ល្ខោន​ស្រមោល​ស្បែក​ទៅ​កាន់​ពិភពលោក​ ម៉្យាង​ទៀត​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ ​និង​ចូល​រួម​អភិរក្ស​សិល្បៈ​របស់​ជាតិ​សាសន៍​ខ្លួន​។ តំឡើង​ឈុត​ដោយ​៖ លោក​ សាយ​ ធារ៉ា​ គូររូប​ដោយ​៖ លោក​ អាន​ សាមួន​

5-ម៉ៅ​ ប៊ុន​ស័ករង្សី​- Miss​ Grand​ ព្រះវិហារ​ ៖ ឈុត​ «អាទិទេព​សុវណ្ណ ​ព្រះ​ស្រីសិខរីស្វរៈ»

ឈុត​ដែល​កំពុង​បង្ហាញ​ឡើង​ក្នុង​ទម្រង់​ជា​ទេពអប្សរ​ ទ្រង់​គ្រឿង​អម្ពរ​ ព្រះ​កាយ​ពណ៌​មាស​ឆ្អិន​ នា​កណ្ដាល​នៃ​ស្រទាប់​បុស្បា​យ៉ាង​ធំ​សម្បើម​ ប្រកប​ដោយ​ពន្លឺ​ចែង​ចាំង​នា​រាត្រី​កាល​ យ៉ាង​អំណាច​ ប្រកប​ដោយ​ទឹក​មុខ​ស្រទន់​ មោះមុត​ យ៉ាង​ក្រៃលែង​ ដែល​ប្រដូច​នឹង​អង្គ​ប្រាសាទ​ព្រះវិហារ​ ដែល​កំពុង​ឈរ​បង្អួត​ប្រាណ​នៅ​តាម​បណ្ដោយ​នៃ​ជួរ​ភ្នំដងរែក​នៃ​ខេត្ត​ព្រះវិហារ​ ដែល​ហាក់​ដូច​ជា​កំពុង​តែ​ដង្ហោយ​ហៅ​ ការ​ចាប់​អារម្មណ៍​នៃ​ប្រជាជន​ខ្មែរ​ទាំង​ឡាយ​ឱ្យ​កាន់​តែ​យកចិត្ត​ទុក​ដាក់​លើ​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ដ៏​មហាសាល​មួយ​នេះ​ ហើយ​តែងតែ​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​ រហូត​ត​ទៅ ​។ រចនា​និង​តំឡើង​ដោយ​ ៖ គឹម​ សាម៉ុន​។

6-ម៉ែន​ ណង​និត​ – Miss​ Grand​ ព្រះសីហនុ ​៖ ឈុត​ «សុវណ្ណ​ទេពី​មុន្នី​សាគរ​»

អ្នក​ការពារ​ដែន​សមុទ្រ​ បាន​រចនា​ច្នៃ​ប្រឌិត​ឡើង​ក្រោម​ទម្រង់​នៃ​តួអង្គ​ទេពី​ មួយ​អង្គ​ ជា​តំណាង​ឱ្យ​អ្នក​ឃុំ​គ្រង​ ថែរក្សា​ដែន​ទឹក​ ព្រម​ទាំង​បាន​ផ្តល់​នូវ​វារិ​ដែល​មិន​ចេះ​រីង​ស្ងួត​ដល់​សព្វ​សត្វ​ ក្នុង​ការ​រស់រាន​មាន​ជីវិត​នៅ​លើ​ដែន​ប្រឹថ​ពី​ពសុន្ធរា​នេះ​ ជាង​នេះ​ទៅ​ទៀត​ព្រម​ទាំង​បាន​ពាំនាំ​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ​ ជា​ប្រភព​នៃ​អាហារ​ និង​ការ​ប្រើប្រាស់​ផ្សេង​ៗ​ ផ្តល់​ជា​សំណើម​ដល់​ភាវៈ​មាន​ជីវិត​ទាំង​ឡាយ​លើ​ផែន​ដី​ នេះ​តាម​ដំណើរ​នៃ​វដ្ដសន្ធិ​ដែល​មិន​ចេះ​ឈប់​។

តាមរយៈ​ឈុត​ពស្ត្រ​នេះ​ បាន​តំណាង​ជា​សំឡេង​ប្រៀប​ដូច​មហា​វារិ​ ដែល​ជា​មគ្គ​មួយ​ដ៏​ត្រកាល​ដែល​បាន​តំណាង​នូវ​ការ​តភ្ជាប់​ពី​ទ្វីប​មួយ​ទៅ​កាន់​ទ្វីប​មួយ​ទៀត​នៅ​លើ​សកល​លោក​យើង​នេះ​បង្កើត​បាន​ជា​ចក្រវាឡ​ និង​សព្វ​សត្វ​។ នៅ​ទី​ណាៗ​ មហា​វារិ ដ៏​មាន​គុណូបការៈ​ដ៏​មាន​តម្លៃ​ សម្រាប់​ជីវិត​ ទោះ​ជា​ស្ថិត​នៅ​ទី​ណា​ៗ​ ក្នុង​ការ​ចាប់​បដិសន្ធិ​ក្រោម​ការ​តាក់តែង​ នៃ​ធម្មជាតិ​ បុថុជ្ជន​គ្រប់ៗ​រូប​សុទ្ធ​តែ​មាន​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្សជាតិ​មួយ​រូប​ដ៏​ប្រពៃ​។ សូម​បញ្ឈប់​នូវ​ការរើសអើង​ភេទ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មនុស្ស​ពុំ​អាច​ជ្រើសរើស​យោន​យក​កំណើត​ ប៉ុន្តែ​មនុស្ស​អាច​ជ្រើសរើស​បដិបទា​ ជា​បែប​ណា​ក្នុង​សង្គម​ជាតិ​។

7-ចន​ កនីកា​ – Miss​ Grand ​សៀមរាប​៖ ឈុត​ «ឈុត​អប្សរា​ស្រី​សួគ៌​»

ដក​ស្រង់​ចេញ​ពី​កំពូល​បាកាន​នៃ​ប្រាសាទអង្គរវត្ត​ដែល​ជា​ទី​កន្លែង​អច្ឆរិយ​សំណង់​គ្មាន​ពីរ​ក្នុង​លោក​។ ឈុត​ស្រី​សួគ៌​ នា​ចម្លាក់​នៃ​ប្រាសាទ​អង្គរវត្ត​ ស្ថាបត្យកម្ម​ អស្ចារ្យ​ នា​សតវត្ស​ទី​១២​ របស់​ព្រលឹង​ជាតិ​ខ្មែរ​ ជា​រចនាបថ​ ស្រី​សួគ៌​ ១​ក្នុង​ចំណោម​ រចនា​បទ​ ស្រី​សួគ៌​ទាំង​១១០០​ នៃ​ប្រាសាទ​អង្គរវត្ត​ ដ៏​ល្បីល្បាញ​ ទូទាំង​ពិភព​ របស់​ជនជាតិ​ខ្មែរ​ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ មក​រំលេច​ចេញ​ពី​ភាព​អស្ចារ្យ​ ប្រណិត​ នឹង​ស៊ីវិល័យ​ នៃ​ជនជាតិ​ខ្មែរ​គ្រប់​សម័យកាល​។ ទាំង​នេះ​ជា​មោទកភាព​ជាតិ​ របស់​យើង​ជា​អ្នក​ស្នង​តំណែង​បន្ត​ ពី​មរតក​ជាតិ​ នៃ​ជនជាតិ​យើង​ទាំង​អស់​គ្នា​ ។ តំឡើង​និង​រចនា​ ចំប៉ីស​ – Nora ​costumes​។

8- រិទ្ធី ​សុមនាមរកដ​- Miss​ Grand​ មណ្ឌលគិរី​ ៖ ឈុត​ «ព្រះរាជ​ធីដា​នង្គ័ល​ជ័យ​»

ព្រះរាជ​​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​មាន​តាំង​ពី​ បុរាណ​នៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​។ ពិធី​នេះ​តែង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ ៤​រោច​ ខែ​ពិសាខ​ ជា​រៀងរាល់​ឆ្នាំ​ ចំណែក​នៅ​ក្នុង​គម្ពីរ​បាលី​ហៅ​ថា​ វប្ប​មង្គល​ មាន​ន័យ​ថា​ «មង្គល​សាប​ព្រោះ​បណ្ដុះ​ដាំ​» ដែល​ជា​ព្រះរាជ​ពិធី​សំខាន់​មួយ​ក្នុង​ចំណោម​ព្រះរាជ​ពិធី​សំខាន់ៗ​ប្រចាំ​ឆ្នាំ​។

អត្ថន័យ​នៃ​ព្រះរាជ​ពិធី​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​វប្បធម៌​ខ្មែរ​លើក​ឡើង​ថា​ ច្រត់​ព្រះនង្គ័ល​ ជា​មង្គល​ចម្រើន​នៃ​ការ​សាប​ព្រោះ​បណ្ដុះ​ដាំ​ក្នុង​រដូវ​ភ្លៀង​របស់​ប្រជាជន​ព្រះរាជ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សង​មើល​ប្រផ្នូល​ក្នុង​ស្រុក​ទៅ​តាម​ការ​ទស្សន៍ទាយ​ដោយ​ផ្អែក​សំខាន់​លើ​តួអង្គ​ “គោ​ឧសភរាជ​” នៅ​ពេល​ដែល​តួអង្គ​គោ​ឧសភរាជ​ដោះ​ចេញ​រួច​ឱ្យ​ផឹក​និង​ស៊ី​អាហារ​ចំនួន​ប្រាំពីរ​យ៉ាង​ដែល​រៀប​ដា​ក់​នឹង​តុ​ប្រាក់​ធំៗ​ តាំង​នៅ​ទី​មុខ​ព្រះពន្លា​ ដែល​មាន​ដូច​ជា​គ្រាប់​សណ្ដែក​មួយ​តុ​ គ្រាប់​ពោត​មួយ​តុ​ គ្រាប់​ស្រូវ​មួយ​តុ​គ្រាប់​ល្ង​មួយ​តុ​នឹង​ទឹក​មួយ​តុ​ព្រះរាជ​ពិធី​បុណ្យ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែចម្ការ​របស់​ប្រជារាស្ត្រ​ក្នុង​នគរ​ និង​ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​នា​ឆ្នាំ​ខាង​មុខ​គោលបំណង​នៃ​ឈុត​នេះ​គឺ​ចង់​អោយ​ពិភពលោក​នឹង​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ពិធី​បុណ្យ​ព្រះនង្គ័ល​បូក​រួម​នឹង​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ច្នៃ​ឈុត​ដោយ​៖ Piseth sb design។

Share.