កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបាល់ទាត់អាស៊ី AFC បានរៀប​ចំពិធី​ចាប់​ឆ្នោត​បែង​ចែកពូល ជាផ្លូវការ ក្នុងនោះនោះឃើញ ក្លិបបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅពូល F ជាមួយ Macarthur​ FC របស់អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា។

សារព័ត៌មានត្រយងសូមជម្រាបជូនត្រួសៗអំពីក្លិបទាំង៣ ដែលស្ថិតនៅក្នុងពូល F ជា​មួយ​ភ្នំពេញ​ក្រោន

១. ក្លិប Macarthur​ FC ក្លិបដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី មួយនេះ បង្តើតឡើងដំបូងនៅឆ្នាំ២០១៧ ហើយជាសមាជិកនៃពានរង្វាន់លីគកំពូល A-League Men របស់អូស្រ្តាលីផ្ទាល់ ហើយចាប់ផ្តើមប្រើប្រាស់កីឡដ្ឋាន Campbelltown Stadium ដែលជាកីឡដ្ឋានស្ថិតក្នុងទីក្រុង Campbelltown ប្រទេសអូស្រ្តាលី គ្រូបច្ចុប្បន្ន គឺលោក Mile Sterjovski ជនជាតិវេល​ស៍ ធ្លាប់ឈ្នះជើងឯកនៃពានរង្វាន់ Australia Cup បាន១លើកនៅឆ្នាំ២០២២ ។

២. ក្លិប Dynamic Herb Cebu ក្លិបដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន មួយនេះ​មាន​ឈ្មោះ​ពេញថា Dynamic Herb Cebu Football Club ទើបទែបង្តើតឡើងនៅឆ្នាំ​២០២១ និងជា​សមា​ជិក​នៃពានរង្វាន់លីគកំពូល Philippines Football League គ្រូបង្វឹកបច្ចុប្បន្ន គឺលោក Joshua Schirmer សញ្ជាតិអាមេរិក ប្រើប្រាស់ទីលាន Dynamic Herb Sports Complex ។

៣. ក្លិប Shan United ក្លិបដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា មួយនេះបង្តើតឡើ​ង​ដំបូង​​​នៅឆ្នាំ២០០៣ និងជាសមាជិកនៃពានរង្វាន់លីគកំពូល Myanmar National League គ្រូបង្វឹកបច្ចុប្បន្នគឺលោក Han Win Aung សញ្ជាតិមីយ៉ាន់ម៉ា ប្រើប្រាស់កីឡដ្ឋាន Taunggyi Stadium ធ្លាប់ឈ្នះជើងឯកបានចំនួន ៤ដង ពោលគឺនៅឆ្នាំ ២០១៧ ២០១៩ ២០២០ និងឆ្នាំ២០២២ ហើយធ្លាបជាជើងឯកពានរង្វាន់ Myanmar Premier League ២ដង នៅឆ្នាំ២០០៧ និងឆ្នាំ២០០៨។

ចំណែកឯក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បង្តើតឡើងដំបូងនៅឆ្នាំ២០០១ ហើយមានឈ្មោះដើមថា Samart United ប្រើប្រាស់កីឡដ្ឋាន Smart RSN ដែលជាកីឡដ្ឋានផ្ទាល់ខ្លួន គ្រូបង្វឹកបច្ចុប្បន្ន គឺលោក Oleg Starynskyi ជនជាតិអ៊ុយក្រែន ធ្លាប់ជាជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ពោលគឺឆ្នាំ២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ២០២១ និងឆ្នាំ២០២២ ហើយធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់ ហ៊ុន​​សែន ខាប់ នៅឆ្នាំ២០០៨ ២០០៩ គ្រងជើងឯក Super Cup និង League Cup ២ឆ្នាំជាប់គ្នា ពោលគឺឆ្នាំ២០២២ និង២០២៣ ថ្មីនេះ មុនបន្តចូលរួមលីគកំពូល​សម្រាប់​រដូវកាលថ្មី ២០២៣ ២០២៤។

មុនមានឈ្នោះក្នុងពូលF ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះលើក្លិបបាល់ ទាត់ Young elephant FC ដែលជាក្លិបតំណាងរបស់ប្រទេសឡាវ ដោយលទ្ធផល ៣:០ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនៅកីឡដ្ឋាន Smart RSN ស្ថិតនៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់មកក្លិបដែលមានមូលដ្ឋាននៅភ្នំពេញ មួយនេះ​បានបន្តដណ្តើរទៅចូល​រួមប្រកួតជាមួយ​ក្លិប Tampines Rovers FC ដែលជាក្លិបនៃប្រទេសសិង្ហបុរី ហើយបានយកឈ្នះក្នុងលទ្ធផល ៣:២ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ជាហេតុនាំឱ្យក្លិបបាល់ទាត់ភ្នំពេញក្រោន តំណាងកម្ពុជា ឡើងទៅវគ្គជម្រុះក្នុងពូល នៃពានរង្វាន់ AFC ជាលើកទី២ ហើយស្ថិតនៅពូល F ជាមួយ​ Macarthur​ FC អូស្ត្រាលី Dynamic Herb Cebu ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា។

សូមជម្រាបដែរថា ការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះក្នុងពូល គ្រោងនឹងធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣ ។

Share.