ការប្រកួតពានរង្វាន់ជើងឯកយុវជនតំបន់អាស៊ាន AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ ពេលនេះបានរកឃើញក្រុមខ្លាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ចាប់ដៃគ្នាជាមួយក្រុមជម្រើសជាតិវៀតណាម ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលលោក គីម ស៊ីពិសាល បង្ហាញខ្លួនជាជំនួយការអាជ្ញាកណ្តាលទី៣ ក្នុងជំនួបរវាងម្ចាស់ផ្ទះថៃ ប៉ះ ឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

លោក គីម ស៊ីពីសាល បានបង្ហាញខ្លួន ជាជំនួយការអាជ្ញាកណ្តាលបាន ៤ប្រកួតហើយ គិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងនោះមានដូចជា៖ ឡាវ ប៉ះ វៀតណាម, ទីម័រខាងកើត ប៉ះ ម៉ាឡេស៊ី, ម៉ាឡេស៊ី ប៉ះ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះថៃ ប៉ះ ឥណ្ឌូណេស៊ី។

លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • វៀតណាម ៤-១ ម៉ាឡេស៊ី
  • ថៃ ១-៣ ឥណ្ឌូណេស៊ី

គួរឱ្យដឹងថា ពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃទទួលសិទ្ធជាម្ចាស់ផ្ទះ មាន១០ក្រុមដែលជាក្រុមស្ថិតនៅក្នុងតំបន់អាស៊ាន បែងចែកជា ៣ពូល ដោយក្រុមទាំងអស់ត្រូវប្រកួតប៉ះគ្នាក្នុងពូល អ្នកមានពិន្ទុខ្ពស់ក្នុងពូល នឹងឡើងទៅវគ្គបន្ត ព្រមទាំងក្រុមលេខ២ល្អថែមទៀតផង។

សូមរំលឹកដែលថា ការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃទទួលសិទ្ធជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ជប់ជាផ្លូវការនៅថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៣។

ពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ បង្តើតឡើងដំបូងនៅឆ្នាំ២០០៥ ដោយគ្រានោះប្រទេសថៃ គឺជាម្ចាស់ជើងឯកក្នុងផ្ទះខ្លួនឯង ខណៈឆ្នាំ២០១៩ និងឆ្នាំ២០២២ កម្ពជាបានទទួលសិទ្ធជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រងជើងឯកនៅឆ្នាំ២០១៩ និងក្រុមវៀតណាម គ្រងជើងឯកនៅឆ្នាំ២០២២៕

Share.