ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានឈានដល់សប្តាហ៍ទី៤ ហើយ ដោយនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នេះ មានការប្រកួត ៤គូពិសេស នៅ៤ទីលានផ្សេងគ្នា ខណៈមាន២គូ នឹងប្រកួតដំណាលគ្នានៅពេលរសៀល និង២គូទៀតនឹងប្រកួតនៅពេលយប់។

កម្មវិធីការប្រកួតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣៖

  • អង្គរថាយហ្គឺរ ប៉ះ កងយោធពលខេមរភូមិន្ទ ម៉ោង ៣ៈ៤៥ នាទីរសៀល នៅកីឡដ្ឋានហនុមាន (ខេត្តសៀមរាប)
  • គិរីវង់សុខសែនជ័យ ប៉ះ ព្រៃវែង អេហ្វស៊ី ម៉ោង​ ៣ៈ៤៥ នាទីរសៀល នៅកីឡដ្ឋានគិរីវង់ (ខេត្តតាកែវ)
  • ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន ម៉ោង ៦ៈ០០​ នាទីយប់ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • បឹងកេត ប៉ះ វិសាខា ម៉ោង ៦ៈ០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

លទ្ធផលការប្រកួតថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣

ចំណាប់អារម្មណ៍គ្រូបង្វឹករបស់វិសាខា

ក្លិបបាល់ទាត់វិសាខា នឹង​ជួប​ជា​មួយក្លិបបាល់ទាត់បឹងកេត នៅ​ល្ងាចថ្ងៃ​នេះ សម្រាប់​សប្ដាហ៍ទី៤ ក្នុង​ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០នាទីល្ងាច ខណ:​មុន​ការ​ប្រកួត​មកដល់ លោក Simon Mcmenemyគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានបង្ហាញចំណាប់អារម្មណ៍ ក្នុង​សន្និសិតសាព័ត៌មាន​នៅ​ល្ងាចថ្ងៃទី២៦ សីហា។​​​​

លោក Simon Mcmenemy បាន​និយាយមុខប្រកួត​ថ្ងៃស្អែក​ថា៖ «ការប្រកួតនេះ គឺជាជំនួប​ដ៏តាន​តឹង​មួយ ។ ទោះបីជាពួកយើងបានចាប់ផ្ដើមល្អសម្រាប់ ៣ប្រកួត​ដំបូង តែការប្រកួតនេះ កាន់​តែលំបាក​ថែម​ទៀត ដោយសារគោលបំណងរបស់យើង ត្រូវ​រក្សា​ចំណាត់​ថ្នាក់កំពូល​តារាង។ អ៊ីចឹង​វាជា​ការ​ប្រឈម​មួយ ព្រោះបឹងកេត ក៏ជាក្រុម​ល្អ​មួយ​ដែរ»។

គ្រូបង្វឹក មានវ័យ សញ្ជាតិស្កុតឡេនរូបនេះ បានបន្តថា៖«ទោះពួកយើងធ្លាប់លេង​មិត្តភាព​ជាមួយ​ពួក​គាត់ ២/៣ប្រកួតក៏ដោយ ក៏យើងមើលឃើញបឹងកេត ជាបេក្ខភាពប្រកួតប្រជែងមួយដ៏លំបាក ដោយ​សារពួក​គាត់​មានកីឡាករល្អ ពិសេសគ្រូល្អ ។ ដូច្នេះមានន័យថា ថ្ងៃស្អែក គឺជា​ការប្រកួត​ដែល​យើង​ត្រូវ​តែលេងឲ្យខ្លាំងអស់ពីលទ្ធភាព ដើម្បីរក្សាតំណែងកំពូលតារាងរបស់យើង»។

គួរឱ្យដឹងថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.