សិល្បៈ​អន្តរជាតិ​៖ ​អ្នក​ដឹកនាំ​ភាពយន្ត​ភាគ​ «Moving» ​បាន​ទម្លាយ​មូលហេតុ​ពិសេស​ដែល​លោក​តម្រូវ​ឱ្យ​តួឯក​ប្រុស​ស្រី​ (​Jo ​In ​Sung និង Han Hyo Joo) ថត​ឈុត​ឆាក​​ថើប​គ្នា​តែ​នៅ​​ឱកាស​ពិសេស​ៗ​និង​ថ្ងៃ​បុណ្យ​​សំខាន់ៗ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​វីដេអូ​សម្ភាសន៍​ Han Hyo Joo ​និង​ Jo In Sung ​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ Youtube របស់​ឆាណែល​ Harper’s Bazaar កូរ៉េ​។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅពេល​ដែល​តួ​ឯក​ស្រី​ Han Hyo Joo រំលឹក​អនុស្សាវរីយ៍​ក្នុង​ពេល​ថត​ភាពយន្ត​ភាគ​នេះ។ តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​ថា​រឿង​ភាគ​នេះ​ជា​ភាគ​វែង​មាន​រហូត​ដល់​ទៅ​២០​ភាគ​ ដូច្នេះ​ពួក​គេ​ចាប់​ផ្ដើម​ថត​តាំង​ពី​រដូវ​ក្ដៅ​ឆ្នាំ​ចាស់​ហើយ​បញ្ចប់​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ថ្មី​។ «​ពួក​យើង​ទាំង​អស់​គ្នា​ត្រូវ​ចំណាយ​ពេលវេលា​ជាមួយ​គ្នា​ទាំង​ថ្ងៃ​បុណ្យ​ Christmas និង​ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ អ្នក​ដឹក​​នាំ​ប្រហែល​ជា​គិត​ថា​ពួក​យើង​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​អារម្មណ៍​រីករាយ​ក្នុង​ថ្ងៃ​បុណ្យ​ Christmas​។ គាត់​ស្នើ​សុំ​ឱ្យ​​ក្រុម​ការងារ​​លេង​ហ្គេម​ Secret Santa ដូច្នេះ​ពួក​យើង​បាន​​លេង​ហ្គេម​នេះ​ពេញ​​រយៈ​ពេល​១​សប្ដាហ៍។ ​ពេល​នោះ​ម្នាក់​ៗ​រីករាយ​ណាស់​»។ Jo In Sung ក៏​ពេញចិត្ត​ដែរ​ចំពោះ​រឿង​នេះ​លោក​បាន​និយាយ​ថា​៖ «ពួក​យើង​ស្និតស្នាល​នឹង​ក្រុមការងារ​ដោយសារ​តែ​ការ​លេង​ហ្គេម​នោះ​» ចំណែក​ Han Hyo Joo បាន​លើក​ឡើង​ដែរ​ថា​​ «នៅ​ថ្ងៃ​បុណ្យ​ Christmas  និង​នៅ​ថ្ងៃ​ទី​៣១​ធ្នូ និង​ថ្ងៃ​ទី​១​មករា​ ពួកយើង​នៅ​កន្លែង​ថត​។ ខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​ តើ​អ្នក​ដឹកនាំ​មាន​ចេតនា​ធ្វើ​បែប​នេះ​ឬ​ក៏​យ៉ាង​ណា» ខណៈ​ដែល​ Jo In Sung បាន​ឆ្លើយ​តប​ដែរ​ថា​៖ «មែន​! នោះ​គឺជា​ផែនការ​របស់​គាត់​» ឮ​ដូច្នេះ​ Han Hyo Joo បាន​សួរ​ទាំង​ឆ្ងល់​ថា​ «គាត់​ចង់​ឱ្យ​ពួក​យើង​ថត​ឈុត​ថើប​គ្នា​នៅ​ថ្ងៃ​​បុណ្យ​និង​ថ្ងៃ​ពិសេសៗ? ហេតុ​អ្វី?» ព្រោះ​តែ​មាន​ចម្ងល់​ចំពោះ​រឿង​នេះ​ Han Hyo Joo បាន​ទាមទារ​ឱ្យ​អ្នក​ដឹកនាំ Park In Je ​ដែល​បាន​មក​​លើក​ទឹក​ចិត្ត​អ្នក​ទាំង​ពីរ​ក្នុង​ឱកាស​ផ្ដល់​បទ​សម្ភាសន៍​នោះ​ពន្យល់​។​ ចម្លើយ​របស់​អ្នក​ដឹកនាំ​ថ្វី​ត្បិត​តែ​ខ្លី​ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ផ្ទុះ​សំណើច លោក​គ្រាន់​តែ​ឆ្លើយ​តប​ថា​៖ «ព្រោះ​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​ម្ចាស់​បេះដូង​»

ក្រោយ​អ្នក​ដឹកនាំ​ឆ្លើយ​ចប់​ Jo In Sung ញញឹម​ហើយ​និយាយ​ថា​៖ «យ៉ាង​ណា​ក៏​ដោយ​ត្រូវ​អរគុណ​ដល់​អ្នក​ដឹក​ព្រោះ​ពួក​យើង​គ្រប់​គ្នា​រីករាយ​ យើង​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ជា​ញឹកញាប់​ និង​បាន​ផឹក​ស្រា​នៅ​កន្លែង​ថត​ វា​គឺជា​ការ​ចាយ​ពេល​វេលា​ក្នុង​ឱកាស​ពិសេស​ដូច​ជា ​Christmas និង​ចូល​ឆ្នាំ ដ៏​ពិសេស​មួយ​។»

អ្នក​ទស្សនា​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ចម្លើយ​របស់​ Director ដោយ​ម្នាក់​ៗ​បាន​សរសើរ​លោក​ថា​ លោក​គឺជា​មនុស្ស​កំប្លែង​ជា​ដើម​៕​

ប្រភព៖ kbizoom

Share.