កណ្តាល ៖ ស្ត្រីម្នាក់ម្នាក់ខណៈដែលមានជំងឺសរសៃប្រសាទ កន្លងមកព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនចំនួន២លើកមកហើយ តែមិនបានសម្រេច ដោយបានក្រុមគ្រួសារជួយទាន់ ស្រាប់តែមកដល់លើកនេះ បន្ទាប់ចេញពីផ្ទះបាត់២ថ្ងៃ ក្រុមគ្រួសារដើរស្វែងរក ទីបំផុតប្រទះឃើញស្លាត់អណ្តែតទឹករណ្តៅដី សង្ស័យធ្វើអត្តឃាត បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ រស់ សុខខេ ភេទស្រី អាយុ៣០ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ មានទីលំនៅក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ធ្លាប់នាំទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ហើយកន្លងមក ជនរងគ្រោះព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនចំនួន២លើកហើយ តែមិនបានសម្រេច លុះមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះជិះម៉ូតូម៉ាកBeat ពណ៌ស ចេញពីផ្ទះ ប្រាប់ថាទៅលេងមិត្តភ័ក្រនៅកន្លែងធ្លាប់ធ្វើការងារ ហើយក៏បាត់រហូត ក្រុមគ្រួសារតាមស្វែងរក តែមិនឃើញ លុះមកដល់ព្រឹកថ្ងៃនេះ ប្រទះឃើញម៉ូតូ នៅក្បែររណ្តៅដៅ តែមិនឃើញជនរងគ្រោះ តាមរកមើល ស្រាប់តែប្រទះឃើញស្លាប់អណ្តែតទឹករណ្តៅដីទៅវិញ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.