សារព័ត៌មាន CNA បានចុះផ្សាយថា សមាជិកសភាម៉ាឡេស៊ីមកពីទីក្រុង Muar លោក ស៊ីយ៉ីដ សាឌីក ស៊ីយីដ អាប់ឌុល រ៉ស់ម៉ាន (Syed Saddiq Syed Abdul Rahman) ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ត និងកិបកេងមូលនិធិ គណបក្ស Bersatu។

លោក ស៊ីយ៉ីដ សាឌីក(Syed Saddiq) ត្រូវបានតុលាការក្នុងទីក្រុងគូឡាឡាំពួរ ចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភសេចក្ដីទុកចិត្តមានជាប់ពាក់ព័ន្ធនឹងលុយ១លានរីងហ្គិត ឬស្មើនឹង ២៣៦,០០០ដុល្លារ និងកិបកេងមូលនិធិ ដែលជាអំណោយសម្រាប់គណបក្ស Bersatu ទុកយកទៅប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតសកលលើកទី១៤។

បើតាមការចោទប្រកាន់ខាងលើរបស់តុលាការ លោក Syed Saddiq បានដកលុយ ១លានរីងហ្គិត តាមរយៈសែតដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាកំពូលនៃគណបក្ស Bersatu ហើយសកម្មភាពនេះត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

បទចោទខាងលើនេះ ត្រូវបានចោទប្រកាន់នៅក្រោមក្រមព្រហ្មទណ្ឌ ត្រង់ផ្នែកទី៤០៥ ដែលកំណត់ទោសជាប់ពន្ធនាគារច្រើនបំផុត១០ឆ្នាំ និងពិន័យជាទឹកប្រាក់ផងដែរ។ បន្ថែមពីលើនេះ តុលាការក៏បានចោទប្រកាន់លោក Syed Saddiq ពីបទកិបកេងប្រាក់អំណោយ ១២០,០០០រីងហ្គិត ស្មើនឹង ២៨,៤១៥ដុល្លាអាមេរិក ទុកសម្រាប់គណបក្ស Bersatu ប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកលលើកទី១៤ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយក៏អតីតរដ្ឋមន្ត្រីវ័យក្មេង បានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់។ អតីតរដ្ឋមន្ត្រី វ័យក្មេងរូបនេះត្រូវបង់ប្រាក់តម្កល់ ៣៣៣,០០០រីងហ្គិត ស្មើនឹងទឹកប្រាក់ចំនួន ៧៨,៨៥៤ដុល្លា ដើម្បីនៅក្រៅឃុំ។

គួរបញ្ជាក់ថា លោក Syed Saddiq ក៏ជាអតីតរដ្ឋមន្ត្រី យុវជន និងកីឡារបស់ម៉ាឡេស៊ី នៅក្រោមអតីតរដ្ឋាភិបាលរបស់លោក មហាធៀ មហាំម៉ាត់ ហើយក៏ជាអ្នកនយោបាយវ័យក្មេងជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រែសម្រួល៖ ជុំ ពេជ្រវណ្ណារ៉ា

Share.