សិល្បៈ​ជាតិ​៖ ​បើ​គ្រាន់​តែ​ក្រឡេក​មួយ​ភ្នែក​ នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​មិន​ដល់​៣០​វិនាទី បង្ហោះ​ដោយ​​គណនី harayuth23 នៅ​លើ​បណ្ដាញ​សង្គម​ Tiktok ​កាល​ពី​ពេល​ថ្មីៗ​នេះ​ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ព្រោះតែ​​ឃើញ​មាន​វត្តមាន​កំពូល​តារា​ចម្រៀង​ Rapper ដ៏​ពេញ​និយម​ពីរ​ដួង​របស់​កម្ពុជា​គឺ វណ្ណដា និង​ G-Devith ចូលរួម​សម្ដែង​រួម​។

ជា​ការ​ពិត​ណាស់​រូប​ភាព​នេះ​គឺជា​អ្វី​ដែល​អ្នក​គាំទ្រ​ប្រាថ្នាចង់​ឃើញ​ ព្រោះ​បុរស​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ចម្រៀង​រ៉ែប​ទាំង​ពីរ​នេះ​ដួង​នេះ​​ ទទួល​បាន​ការ​ស្រលាញ់​ និង ​គាំទ្រច្រើននៅ​ក្នុង​ចង្កោម​យុវវ័យ​។ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យ​លម្អិត​ អ្នក​ដែល​សម្ដែង​បទ​ចម្រៀង​ «ង» របស់​ Jah Deth មិន​មែន​ជា​ វណ្ណដា​ និង​ G-Devith នោះ​ឡើយ​ តែ​ជា​ G-Devith កូពី និង​ វណ្ណដា កូពី​ ប៉ុណ្ណោះ​។ សូម្បី​តែ​អ្នក​លេង​បណ្ដាញ​សង្គម​ដែល​បាន​ឃើញ​វីដេអូ​នេះ​ ម្នាក់​ៗ​សុទ្ធតែ​ទទួល​ស្គាល់​ថា​ ក្រឡេក​តែ​មួយ​ភ្នែក​ច្បាស់​ជា​ច្រឡំ​ ប៉ុន្តែ​មើល​យូរ​ៗ​ទៅ​ទើប​ដឹង​ថាមិនមែន។

យ៉ាង​ណា​មិញ​បើ​សង្កេត​មើល​ទៅ​លើ​អ្នក​លេង​បណ្ដាញ​សង្គម ម្នាក់​ៗ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​រូប​ភាព​បែប​នេះ​ពិត​ៗ​ មិនមែន​ជា​គ្រាន់​តែ​ជា​រូប​ភាព​ស្រមើ​ស្រមៃ​ ឬ​រូប​ភាព​ដែល​តារា​កូពី​ទាំងពីរដួង​សម្ដែង​ ព្រោះ​គេ​យល់​ឃើញ​ថា​ Style Music និង​​បែបផែន​នៃ​ការ​​ច្រៀង​ Rap របស់​តារា​ទាំង​ពីរ​ដួង​នេះ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ ប្រសិន​បើ​អាច​ចាប់​មក​ Collaborate ​គ្នា​បាន​នោះ​ប្រាកដ​ជា​បង្កើត​បាន​នូវ​រសជាតិ​តន្ត្រី​ដ៏​ប្លែក​ថ្មី​និង​អស្ចារ្យ​ជា​ទីបំផុត​ជាក់​ជា​មិន​ខាន។

គួរ​ដឹង​ថា​ G-Devith កូពី និង វណ្ណដា កូពី ធ្លាប់​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ម្ដង​រួច​ហើយ​កាល​ពី​ពេល​កន្លង​មក​ ហើយ​អ្នក​ទាំង​ពីរ​នេះ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន​ដោយ​សារ​តែ​មាន​លក្ខណៈ ​មុខ​មាត់​រូប​រាង​និង​ការ​តុបតែងខ្លួន​​ស្រដៀង​ទៅ​នឹង​អាយដល​លំដាប់​ប្រទេស​ទាំង​ពីរ​ដួង​ខាង​លើ​នេះ​ដែរ​៕

ទស្សនាវីដេអូ​ទាំង​ស្រុង​ខាង​ក្រោម​នេះ​៖

https://www.tiktok.com/@harayuth23/video/7271605314468711682?is_from_webapp=1&sender_device=pc
Share.