ព្រៃវែង ៖ ឪពុកម្តាយរវល់ចេញទូកទៅមើលមងកណ្តាលបឹង ទុកកូនស្រីឲ្យកូនបងអាយុ៤ឆ្នាំមើលនៅលើទូកមួយទៀត ជាអកុសល ប្អូនអាយុ២ឆ្នាំធ្លាក់ទឹកលង់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្ពានកំពុងខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

កុមារីរងគ្រោះ វ៉ាត បក្សា អាយុ២ខួប មានឪពុកឈ្មោះ សែន វ៉ាត អាយុ២៦ឆ្នាំ ខ្មែរឥស្លាម មុខរបរ នេសាទ ម្ដាយឈ្មោះ អ៊ែល ជូក អាយុ២៤ឆ្នាំ ខ្មែរឥស្លាម មុខរបរនេសាទ មានកូនស្រី២នាក់ កូនច្បងអាយុ៤ឆ្នាំ កូនរងគ្រោះអាយុ២ខួប រស់នៅភូមិក្រហម ក ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ដព្រៃវែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កុមារីរងគ្រោះត្រូវបានឪពុកម្តាយ ដាក់ឲ្យកូនស្រីច្បងអាយុ៤ឆ្នាំ អង្គុយមើលនៅលើទូក រួចក៏ចេញទូកមួយគ្រឿងទៀត ទៅមើលមងនៅកណ្តាលបឹង លុះវិលត្រឡប់មកវិញ បាត់កូនស្រីអាយុ២ខួប ទើបផ្អើលឆោឡោ បងប្អូនជនជាតិខ្មែរឥស្លាមនាំគ្នាជួយចុះរាវរក រហូតដល់វេលាម៉ោង៩និង៣៧នាទី ទើបរកឃើញ ស្រង់ឡើង ស្លាប់បាត់ទៅហើយ ។

សពកុមារីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យរួចឃើញថា ពិតជាធ្លាក់ទឹកលង់ស្លាប់មែន ហើយប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.