ក្លិបបាល់ទាត់សៀមរាបយូណាយធីត នៅថ្ងៃអង្គារ ទី ២៩ខែសីហានេះ បានរៀបចំធ្វើពិធីចុះហត្ថលេខាជាផ្លូវការ តែងតាំង លោក Oriol Mohedano Segura ជាគ្រូបង្គោល និងនាយកបច្ចេកទេសកីឡាជាផ្លូវការរបស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត។

លោក Oriol Mohedano Segura មានកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការរួមការងារជាមួយសៀមរាបយូណាយធីត។ លោក Oriol នឹងក្លាយជាចំណែកមួយ ក្នុងការបណ្តុះបណ្តាលក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់សៀមរាបយូណាយធីត ឱ្យទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជួយ​ជ្រោមជ្រែងផងដែរ ដល់​ផ្នែកបច្ចេកទេសនានា ក្នុងសាលាបាល់ទាត់របស់សៀមរាបយូណាយធីត ឬ Siem Reap United Soccer School ដែលបច្ចុប្បន្នមានការទទួលបណ្តុះបណ្តាលពីកម្រិតអាយុក្រោម ៩ឆ្នាំ រហូតដល់ក្រោម ១៦ឆ្នាំ។

ក្នុងពិធីចុះហត្ថលេខានោះ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត ឯកឧត្តម ម៉េត មករា បានលើកឡើងថា លោក Oriol មានគុណសម្បត្តិគ្រប់គ្រាន់​ដែលជាក្តីរំពឹងសម្រាប់​សៀមរាបយូណាយធីត​ក្នុងការសម្រេចគោលដៅ ក្លាយជាក្រុមបាល់ទាត់ដ៏មានស្តង់ដារមួយ ដើម្បីប្រកួតប្រជែងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។ ឯកឧត្តម ម៉េត មករា ធានាមិនធ្វើឱ្យ​អ្នកគាំទ្រ ខកបំណងជាមួយចក្ខុវិស័យរបស់សៀមរាបយូណាយធីតនោះទេ។

ចំណែក លោក Oriol ជាគ្រូបង្គោល និងជានាយកបច្ចេកទេសកីឡារបស់សៀមរាបយូណាយធីត បានឱ្យបានដឹងថា ការសម្រេចចិត្តត្រលប់មកកាន់ប្រទេសកម្ពុជានេះ ដោយសារតែលោក​ស្រលាញ់ទឹកដីកម្ពុជា និងចង់ប្រកួតប្រជែងខ្លួនឯងដើម្បីអភិវឌ្ឍន៍យុវជនរបស់សៀមរាបយូណាយធីត ឱ្យក្លាយជាកីឡាករដ៏ឆ្នើមដើម្បីបាល់ទាត់របស់កម្ពុជា។

សូមបញ្ជាក់ថា លោក Oriol Mohadano Segura គឺជាគ្រូបង្វឹកម្នាក់ ដែលទទួលបានការសិក្សាកម្រិត License A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរុប UEFA។ លោកគ្រូបង្វឹកសញ្ជាតិអេស្បាញ វ័យ ៣៧ឆ្នាំនេះ មានបទពិសោធន៍ដឹកនាំតាំងពីឆ្នាំ ២០១១ នៅតាម​ក្លិបបាល់ទាត់ ក្នុងប្រទេសអេស្បាញ ស្វីស ណ័រវេស ហ្វាំងឡង់ និងជាពិសេស គឺក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ លោក​ក៏បានរួមចំណែកជួយឲ្យក្រុមបាល់ទាត់មួយរបស់ប្រទេសកម្ពុជា ឱ្យទទួលបានលេខ ៣ ក្នុងលីគកំពូលរបស់កម្ពុជា  Cambodian Premier League ផងដែរ៕

Share.