ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ។

ជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន នៅខេត្តហឺណាន ប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ និងមនុស្សរាប់សែននាក់ជម្លៀសចេញពីផ្ទះ  នៅក្រុងហ្សេងចូវ ហើយផ្លូវសំខាន់ៗ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។  ទន្ទឹមនឹងនេះ មនុស្សជាង១លាននាក់បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះផងដែរ។

ប្រទេសចិនបានហៅវិបត្តិធម្មជាតិនេះថា ជាគ្រោះធម្មជាតិ នៃជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តចិន ដែលមិនធ្លាប់មានតាំងពី ១ ០០០ឆ្នាំមុនមកម៉្លេះ។

ចិន​តែ​ងរង​គ្រោះ​ទឹក​ជំនន់​ជា​ញឹកញយ​នៅ​រដូវ​វស្សា ដោយ​ពេល​ខ្លះ​គ្រោះ​មហន្តរាយ​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជា​ច្រើន និង​ជា​ច្រើន​ពាន់​នាក់ផង​កាលពី​ឆ្នាំ​១៩៩៨ នៅ​តំបន់ទំនាប​ទន្លេ​យ៉ង់សេ។ ចំណែក​ក្រុងហឺណាន់ និង​ក្រុង​លឿយ៉ាន ដែល​នៅ​ជាប់​ទន្លេ​លឿង ក៏​ធ្លាប់​មាន​ប្រវត្តិ​រងគ្រោះ​ទឹក​ជំនន់​ស្លាប់​មនុស្ស​ច្រើន​ដែរ។ បើ​តាម​អ្នក​វិទ្យាសាស្ត្រ ជា​មួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ គ្រោះ​ទឹក​ជំនន់​នឹង​កាន់តែ​កំណាច​ឡើងៗ​ នៅ​ចិន ក៏​ដូច​ជា​នៅលើ​ពិភពលោក​ទាំង​មូល៕

Share.