នៅពេលបើកមើលកម្មវិធីព័ត៌មានតាមកញ្ចក់ទូរទស្សន៍និងមើលបណ្តាញផ្សព្វផ្សាយតាមអនឡាញមួយចំនួនអំពីសាច់សត្វបង្កកដែលត្រូវបានឈ្មួញនាំចូលដែលមានទាំងបើកចំហនិងលួចលាក់នោះ ធ្វើឲ្យខ្ញុំក្នុងនាមជាអ្នកតាមដានបញ្ហាសង្គមក៏ដូចជាពលរដ្ឋមួយរូបពិតជាមានការបារម្ភទាំងអំពីបញ្ហាសុខភាពរបស់ប្រជាជននិងស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។ចំណុចទាំងពីរនេះទាមទារឲ្យមានយន្តការដោះស្រាយសមស្របក្នុងន័យលើកកម្ពស់ទាំងសុខុមាលភាពរបស់ពលរដ្ឋនិងស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកដែលបាននិងកំពុងតែទទួលរង នូវផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីវត្តមានដែលស្ទើរតែមិនអាចគ្រប់គ្រងបាននៃសាច់សត្វបង្កកគ្រប់ប្រភេទ។

ចំណុចទី១.អំពីបញ្ហាសុខភាពប្រជាជន

បារម្ភចំពោះបញ្ហាសុខភាពនោះគឺនៅត្រង់ថា មន្ត្រីបានរកឃើញសាច់សត្វបង្កកដែលមានដូចជាសាច់ គោ ក្របី ជ្រូក មាន់ ទា រួមទាំងគ្រឿងសមុទ្រជាដើមនោះ ជាប្រភេទសាច់ខូចគុណភាព មានប្រើប្រាស់សារធាតុគីមីដូចជាសារធាតុបូរ៉ាក់ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកទទួលទាន។ ទន្ទឹមនឹងការរកឃើញនេះ មហាជននិងជាពិសេសអ្នកដែលគិតគូរអំពីបញ្ហាសុខភាពនោះ ហាក់នៅតែមិនទាន់ស្ងប់ចិត្តនិងមានទំនុកចិត្តទៅលើគុណភាពសាច់សត្វបង្កកដែលបាននិងកំពុងដាក់លក់ ក៏ដូចជាផ្សព្វផ្សាយលក់ព្រោងព្រាតដូចជាផ្សារត្រីនោះនៅឡើយព្រោះ គេនៅមានមន្ទិលថា វត្តមាននៃ សាច់សត្វបង្កកដែលខូចគុណភាពនិងមានហានិភ័យចំពោះសុខភាពអ្នកទទួលទាននៅតែត្រូវបាន ក្រុមឈ្មួញឬអ្នកដែលគិតតែទៅលើផលប្រយោជន៍ផ្ទាល់ខ្លួន លួចចែកចាយនិងលក់ទៅឲ្យអ្នកទទួល ទាននៅឡើយពិសេសក្នុងបរិបទនៃការផ្សព្វផ្សាយនិងចែកចាយលក់តាមអនឡាញដ៏ពេញនិយម ដូចជាបច្ចុប្បន្ននេះ។

ជាការកត់សម្គាល់សម្រាប់គ្រួសារមន្ត្រីជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា រួមទាំងអ្នកមានលទ្ធភាព ដែលយើងអាចចាត់ទុកថានៅក្នុងក្រុមភាគតិចនោះ ប្រាកដណាស់ពិតជាមិនបារម្ភចំពោះហានិភ័យផ្នែកសុខភាពដែលបង្កឡើងដោយសាច់សត្វបង្កកនោះទេ។មិនបារម្ភនោះគឺនៅត្រង់ថា ពួកគេមានលទ្ធភាពស្វែងរកទទួលទានសាច់បង្កកដែលមានគុណភាពតាមរយៈការនាំចូលពីប្រភពឬក្រុមហ៊ុនដែលមានការទទួលស្គាល់ច្បាស់លាស់លំដាប់អន្តរជាតិ និងមានការត្រួតពិនិត្យបានត្រឹមត្រូវទាំងទៅលើគុណភាព ការរក្សាទុកនិងការវេចខ្ចប់ជាដើម បើទោះជាតម្លៃសាច់បង្កកទាំងនោះហាក់មានតម្លៃខ្ពស់ជាងតម្លៃសាច់សត្វបង្កកដែលគេដាក់លក់តាម  ទីផ្សារធម្មតាបន្តិចក្តី។ដោយឡែកសម្រាប់ក្រុមគ្រួសារដែលពុំសូវមានលទ្ធភាពដែលយើងអាចនិយាយបានថា ជាក្រុមភាគច្រើនលើសលុប ហើយដែលត្រូវទទួលទានសាច់សត្វបង្កទាំងនោះដោយគ្មានជម្រើសនោះ ច្បាស់ណាស់ពួកគេនឹងក្លាយជាក្រុមដែលរងគ្រោះដោយសារតែសាច់បង្កកដែលពុំមានគុណភាពដែលគេបាននិងកំពុងតែចែកចាយលក់នៅតាមទីផ្សារនានានៅទូទាំងប្រទេសនោះ។រៀបរាប់មកដល់ត្រង់ចំណុចនេះ ប្រហែលជាអាចមានសំណួរចោទសួរថា ហេតុអ្វីបានជាប្រជាជននៅក្នុងក្រុមភាគច្រើនជ្រើសរើសសាច់បង្កកទទួលទាន? ចម្លើយដែលគេអាចឆ្លើយបាននិងមិនចាំបាច់ចំណាយពេលគិតច្រើននោះគឺ ទី១-ងាយស្រួលរកទិញ ទី២-តម្លៃទាបសមរម្យបើធៀបទៅនឹងសាច់សត្វស្រស់ដែលចិញ្ចឹកក្នុងស្រុក និងទី៣-ដោយសារតែពុំអាចសម្គាល់បានដោយភ្នែកទទេថា តើសាច់ប្រភេទណារក្សានៅរក្សាបានគុណភាពនិងសាច់បង្កកណាខូចគុណភាព ជាដើម។

ជាដំណោះស្រាយចំពោះបញ្ហាទី១ពាក់ព័ន្ធទៅនឹងហានិភ័យផ្នែកសុខភាពដែលបង្កឡើងដោយសាច់សាច់បង្កកនេះ គឺមានតែស្ថាប័នមានសមត្ថកិច្ចរួមទាំងអាជ្ញាធរពាក់ព័ន្ធបង្កើតការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង បង្កើនការត្រួតពិនិត្យការនាំចូលនៅតាមច្រកព្រំដែនអន្តរជាតិនិងច្រករបៀង បន្តចុះត្រួតពិនិត្យគុណភាពនៅតាមទីផ្សារនិងលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់អាជីវករលក់ដូរនៅតាមទីផ្សារជាដើម។

ចំណុចទី២.ផលប៉ះពាល់ទៅលើក្រុមអ្នកចិញ្ចឹមសត្វក្នុងប្រទេស

កន្លងមកបញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាងត្រូវបានដោះស្រាយជាបន្តបន្ទប់ហើយហាក់ទទួលបានផលជាវិជ្ជមានសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ប៉ុន្តែរហូតមកដល់ពេលនេះ វត្តមាននៃសាច់សត្វបង្កកជាច្រើនប្រភេទដូចដែលបានរៀបរាប់ខាងលើដែល ក្នុងនោះមានទាំងសាច់ជ្រូកបង្កកដែរនោះ ក៏បាននិងកំពុងបង្កផលប៉ះពាល់ដល់ក្រុមអ្នកចិញ្ចឹមសត្វនៅក្នុងប្រទេសជារួមនិងដោយឡែកសម្រាប់ ក្រុមអ្នកចិញ្ចឹមជ្រូកក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។ជាក់ស្តែងសមាគអ្នកចិញ្ចឹមសត្វកម្ពុជាធ្លាប់បានរកឃើញថា សាច់បង្កកដែលភាគច្រើននាំចូលពីអឺរ៉ុប កំពុងទាញតម្លៃ និងទីផ្សារជ្រូកក្នុងស្រុកឱ្យធ្លាក់ចុះយ៉ាងគំហុក។ ការណ៍នេះ មកពីសាច់បង្កកមានតម្លៃថោក ដែលនាំឱ្យប្រជាជនខ្មែរ ជាពិសេស ចុងភៅ ងាកទៅទិញច្រើន។ក្នុងនោះសាច់សត្វបង្កកបាននិងកំពងុធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសាច់សត្វក្នុងស្រុកចន្លោះពី២០ទៅ៣០ភាគរយ។ ស្ថានភាពបែបនេះ ធ្វើឲ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកត្រូវទទួលរងនូវការខាតបង់កាន់តែច្រើនខណៈដែលថ្លៃវត្ថុធាតុដើមសម្រាប់បម្រើឲ្យការផលិតសាច់សត្វនៅរក្សាក្នុងកម្រិតខ្ពស់ មួយអន្លើដោយឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីចំហាយនៃជំងឺកូវីដ១៩និងសង្គ្រាមនៅអ៊ុយក្រែន។អ្នកចិញ្ចឹមសត្វក្នុងស្រុកខ្លះតាមរយៈបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានត្អូញត្អែរអំពីការខាតបង់របស់ខ្លួនខណៈដែលដើមទុន ដែលបម្រើឲ្យការចិញ្ចឹមសត្វដែលមានដូចជាជ្រូក មាន់ ទាជាដើមនោះពួកគេបានខ្ចីបុលពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។ បើសិនជាមិនមានដំណោះស្រាយចំពោះបញ្ហានេះទេ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកនឹងកាន់តែបាក់ទឹកចិត្ត អ្នកដែលចង់បោះបង់ចោលមុខរបស់របស់ខ្លួននឹងមាន ចំនួនកាន់តែកើនឡើង។

បើសិនជាស្ថានភាពបែបនេះនៅតែបន្តកើតមាននិងអូសបន្លាយដោយពុំយន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាពទេនោះច្បាស់ណាស់ថា គោលនយោបាយឬក៏ផែនការលើកកម្ពស់ផលិតផលក្នុងស្រុករួមមានទាំងសាច់សត្វដើម្បីបំពេញតម្រូវការក្នុងស្រុកដែលរាជរដ្ឋាភិបាលធ្លាប់ លើកឡើងជាច្រើនអាណត្តិកន្លងមកពិតជាពុំអាចសម្រេចបាននោះឡើយ។ វាហាក់ដូចជាគួរឲ្យរអៀសខ្លួនបន្តិចដែរ បើកម្ពុជាប្រកាសប្រាប់គេថា ជាប្រទេសកសិកម្ម ប៉ុន្តែបែរជាដាំ ផលិត ចិញ្ចឹមសត្វមិនទាំងបានសម្រាប់បង្គ្រប់តម្រូវការក្នុងស្រុកផងនោះ?

ក្រសួងពាក់ព័ន្ធដូចជា ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ ​និង​នេសាទ ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាដើមគួរយកចិត្តទុកដាក់និងដោះស្រាយបញ្ហារបស់ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបន្ទាន់ដើម្បីជាការលើកទឹកចិត្តនិងជាពិសេសជួយសង្គ្រោះដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជានិយាយដោយឡែកនិងជារួមលើកកម្ពស់ផលិតផលក្នុងស្រុក។ការទម្លាក់ទុនសង្គ្រោះ លើកកម្ពស់ទីផ្សារនិងទប់ស្កាត់ការនាំចូលសាច់សត្វរស់និងសាច់បង្កចូលមកក្នុងប្រទេស។ល។ ទាំងនេះសុទ្ធតែជាវិញ្ញាសាសំខាន់ដែលក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយប្រកបដោយការទទួលខុសត្រូវយោងតាមស្មារតីនៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាគោលនយោបាយអាទិភាពទាំង៦ចំណុចរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តម នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

អត្ថបទ៖មិត្តអ្នកអាន

Share.